សេអ៊ូល៖ នៅថ្ងៃទី២១ មិថុនា ២០២០ នេះ រដ្ឋាភិបាលកូរ៉េបានប្រកាសពីវិធានការរឹតបន្តឹងទិដ្ឋាការ និងការធ្វើដំណើរចូលប្រទេសកូរ៉េ ពីសំណាក់ប្រទេសប៉ាគីស្ថាន និងបង់ក្លាដេស ចាប់ពីសប្តាហ៍ក្រោយនេះទៅ ដោយសារតែប្រទេសពីរនេះ មានការនាំចូលមកកូរ៉េ នូវករណីកូវីដ-១៩ កាន់តែច្រើនឡើងៗ។
វិធានការរឹតបន្តឹងនេះ អនុវត្តការរឹតបន្តឹងលើការផ្តល់ទិដ្ឋាការចំពោះប្រជាជនពីប៉ាគីស្ថាន និងបង់ក្លាដេស លើកលែងតែអ្នកការទូត និងការធ្វើដំណើរផ្សេងៗទាក់ទងនឹងធុរកិច្ចសំខាន់ និងមានលក្ខណៈប្រញាប់ខ្លាំងប៉ុណ្ណោះ។ ក្នុងនោះដែរ ចំពោះជើងហោះហើរឯកជនដែលមិនគ្រោងទុកមុន ទៅមករវាងប្រទេសទាំងពីរ ក៏នឹងមិនត្រូវបានអនុញ្ញាតផងដែរ។ វិធានការនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃអង្គារ ទី ២៣ មិថុនា ២០២០ ទៅ។
ក្រៅពីការរឹតបន្តឹងលើជាតិសាសន៍ពីរខាងលើ អជ្ញាធរក៏នឹងរឹតបន្តឹងកាន់តែខ្លាំងលើការចូលមកដល់របស់ជនបរទេសដែលកាន់ទិដ្ឋាការការងារ (E-9) ផងដែរ ជាពិសេសលើទីតាំងដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដោយខ្លួនឯងនោះ។ សម្រាប់អ្នកមិនមានទីតាំងចត្តាឡីស័កខ្លួនឯងរួចរាល់ទេនោះ អជ្ញាធរនឹងមិនអនុញ្ញាតឱ្យចូលប្រទេសកូរ៉េនោះទេ។
វិធានការនេះដាក់ចេញ ក្រោយពីកូរ៉េហាក់មានករណីកូវីដ-១៩ នាំចូល កាន់តែច្រើនឡើង ជាក់ស្តែង រហូតដល់ ១៧ ករណី កាលពីថ្ងៃសុក្រ ទី ១៩ មិថុនា កន្លងទៅ ជាទិន្នន័យខ្ពស់ជាងគេក្នុងរយៈពេល ៦៨ ថ្ងៃចុងក្រោយ។
គិតត្រឹមថ្ងៃអាទិត្យ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកូរ៉េ កើនដល់ ១២,៤២១ ករណីហើយ។