កូរ៉េខាងត្បូង៖ ស្របពេលដំណើរការចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូង កំពុងដំណើរការទៅកាន់តែលឿន ការឈានត្រឡប់មកវិញនូវបរិបទធម្មតាដូចដើមមុនសម័យកូវីដវិញ ក៏កាន់តែរំលេចមកវិញបន្តិចម្តងៗហើយដែរ តែយ៉ាងណាអ្នកធ្វើការវ័យក្មេងៗនៅកូរ៉េខាងត្បូង មួយចំនួនហាក់មិនទាន់ចង់ឱ្យបរិបទធម្មតាមុនសម័យកូវីដនេះត្រឡប់មកវិញនៅឡើយទេ ជាពិសេសពាក់ព័ន្ធឹនងវប្បធម៌ការងារនៅស្រុកកូរ៉េតែម្តង។
នៅពេលដែលគេរំលឹកពីវប្បធម៌ការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង មានពាក្យមួយដែលគេតែងនឹកឃើញជានិច្ចគឺពាក្យថា Hoesik – 회식 ឬសម្រួលឱ្យស្រួលយល់គឺវប្បធម៌កន្លែងការងារនៅកូរ៉េខាងត្បូងដែលកូនចៅ អ្នកទើបចូលថ្មីក្មេងៗ នៅពេលចេញពីការងារត្រូវទៅកំដរផឹកស៊ីជាមួយនឹងរៀមច្បង ឬមេកើយកន្លែងធ្វើការរបស់ខ្លួនបន្តទៀត ដែលជាទូទៅគឺការជួបជុំផឹកស៊ីកំដរមេនេះ គឺសឹងក្លាយជាកាតព្វកិច្ចនៅនឹងកន្លែងការងារ។
បើតាមការស្រង់មតិមួយធ្វើដោយស្ថាប័ន JobKorea ក្នុងចំណោមបុគ្គលិកការងារកូរ៉េខាងត្បូង ១៤២៤ នាក់មានដល់ទៅ ៨៧% បានឆ្លើយថាពួកគេជឿជាក់មិនយូរមិនឆាប់ បរិបទធម្មតាដូចដើមមុនសម័យកូវីដនឹងអាចត្រឡប់មកវិញ នៅពេលដែលការចាក់វ៉ាក់សាំងឈានដល់ដំណាក់កាលសម្រេចបានបង្កើតជាប្រព័ន្ធភាពស៊ាំសង្គមហើយនោះ តែនៅពេលដែសម្រង់មតិនេះបានសួរពាក់ព័ន្ធនឹងចំណុចអ្វីខ្លះ ដែលបុគ្គលិកការងារទាំងអស់ចង់ឃើញមានការផ្លាស់ប្តូរ ឬរក្សាដដែលក្រោយពីស្ថានការណ៍កូវីដបញ្ចប់នោះ គឺមានលក្ខណៈផ្ទុយខុសៗគ្នាទៅតាមក្រុមអាយុ គួរឱ្យកត់សម្គាល់ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
ក្នុងចំណោមអ្នកឆ្លើយសម្រង់មតិនេះទាំងអស់ មានដល់ទៅ ៤៤.៩% អាយុពី ២០ ទៅ៣០ឆ្នាំជាង បានឆ្លើយថាពួកគេចង់ឱ្យក្រុមហ៊ុន កន្លែងការងារ អ្នករួមការងារ ជាពិសេសគឺរៀមច្បង ឬមេកើយនៅកន្លែងការងារ ឈប់វប្បធម៌ជួបជុំផឹកស៊ីកំដរមេ ក្រោយចប់ម៉ោងការងារនេះ នៅពេលដែលស្ថានការណ៍កូវីដបិទបញ្ចប់នាពេលខាងមុខនោះ ខណៈដែលមាន ៣២.៧% បានលើកឡើងថាចង់មានវប្បធម៌ការងារមួយដែលអនុញ្ញាតអ្នកដែលមានអាការៈមិនស្រួលខ្លួន ឈឺ អាចឈប់សម្រាកការងារនៅផ្ទះបាន ហើយមាន ៣០.១% បានឆ្លើយថាចង់បន្តឱ្យវប្បធម៌ធ្វើការងារពីផ្ទះតាមអនឡាញ នៅតែបន្តទោះក្រោយស្ថានការណ៍កូវីដក៏ដោយ។
បុគ្គលិកការងារម្នាក់អាយុ ២៩ឆ្នាំ ដែលធ្វើការនៅសេអ៊ូលបានលើកឡើងថា បរិយាកាសការងារដែលកូនចៅត្រូវទៅតាមកំដរមេផឹកស៊ី ក្រោយម៉ោងការងារនេះ ជាចំណុចដែលធ្វើឱ្យបទពិសោធន៍នៃអាជីពការងាររបស់គាត់មិនល្អទៅតាមអ្វីដែលគាត់ចង់បាន ឬឱ្យស្រួលស្តាប់គឺគាត់មិនចូលចិត្តវប្បធម៌ការងារបែបនេះនោះឡើយ។ បុគ្គលិករូបនេះបានលើកឡើងទៀតថា ក្នុងពេលកូវីដនេះ គាត់អាចចំណាយពេលវេលាទំនេររបស់គាត់ដោយខ្លួនឯង ធ្វើអ្វីដែលគាត់ចូលចិត្ត ហើយគាត់សង្ឃឹមថាបែបបទការងារបែបនេះនឹងអាចបន្ត បើទោះបីកូវីដអាចនឹងបញ្ចប់ឆាប់ៗខាងមុខក៏ដោយ។
ក្នុងនោះដែរ ផ្ទុយពីក្រុមអាយុវ័យក្មេង សម្រាប់អ្នកធ្វើសម្រង់មតិក្រុមអាយុ៤០ ទៅ៥០ឆ្នាំ សម្រាប់សំនួរដូចគ្នានេះដែរ មានតែ ៣១.៧% ប៉ុណ្ណោះដែលមានគំនិតវិជ្ជមានចំពោះវប្បធម៌ការងារ Hoesik – 회식 បែបនេះ ហើយសម្រាប់បរិបទដែលត្រូវធ្វើការពីផ្ទះនេះវិញ មានតែ ២២.៤% ប៉ុណ្ណោះឆ្លើយគាំទ្រថាចង់ឱ្យមានបែបបទការងារទំរង់នេះបន្តទៀត ក្រោយស្ថានការណ៍កូវីដ។
សូមបញ្ជាក់ថា ក្នុងបរិការណ៍កូវីដដែលវិធានការគម្លាតសង្គម រួមមានការធ្វើការពីផ្ទះ និងការហាមឃាត់ផឹកស៊ីផ្ទាល់នៅតាមហាងនានាត្រឹមម៉ោង១០យប់ ជាពិសេសសម្រាប់ទីក្រុងសេអ៊ូលអនុវត្តកន្លងមកនោះ ហាក់បានកាត់បន្ថយនូវវប្បធម៌ការងារដែលកូនចៅ អ្នកទើបចូលថ្មីក្មេងៗ នៅពេលចេញពីការងារត្រូវទៅកំដរផឹកស៊ីជាមួយនឹងរៀមច្បង ឬមេកើយកន្លែងធ្វើការរបស់ខ្លួនបន្តទៀតនេះ បានមួយកម្រិតផងដែរ។