ប្រយ័ត្នត្រូវគេផាកពិន័យ! កូរ៉េខាងត្បូងចាប់អនុវត្តគោលការណ៍ថ្មីញែកសម្រាមផ្លាស្ទិកហើយ នឹងអាចផាកពិន័យដល់ ៣០ម៉ឺនវ៉ុន បើសិនជាល្មើសលើចំណុចនេះ

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃនេះទៅ អ្នកដែលរស់នៅតាមអាគាររួ​ម ឬនៅតាមអាផាតមិននឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ញែកសម្រាមផ្លាស្ទិកដោយឡែក មុននឹងចោលសម្រាម បើពុំដូចនោះទេនឹងត្រូវរងការផាកពិន័យហើយ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថានកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា គោលការណ៍តម្រូវឱ្យមានការញែកសម្រាមផ្លាស្ទិកដែលអាចប្រើប្រាស់ឡើងវិញបាន ត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តផ្លូវការសម្រាប់អ្នករស់នៅតាមទីតាំងអាគាររួម ឬតាមអាផាតមិន ហើយអ្នកដែលល្មើសមិនអនុវត្តតាមគោលការណ៍នេះឱ្យបានត្រឹមត្រូវនឹងរកការពិន័យរហូតដល់ ៣០ម៉ឺនវ៉ុន (ប្រមាណជាង ២៦៥ដុល្លារ) ចាប់ពីថ្ងៃទី ២៦ មិថុនា ២០២១នេះទៅ។ គោលការណ៍នេះត្រូវអនុវត្តចំពោះអ្នកដែលរស់នៅតាមអាគាររួម និងអាផាតមិន ដែលមានផ្ទះពី១៥០ខ្នងបន្ទប់ឡើងទៅនៅក្នុងអាគារនោះ។ ប្រាក់ផាកពិន័យនេះនឹងត្រូវអជ្ញាធរមូលដ្ឋានរៀបចំចាត់ចែងឱ្យទៅតំណាងម្ចាស់អាគាររួម ឬអាផាតមិនទាំងមូល ហើយដែលមានន័យថាម្ចាស់អាគារ ឬអាផាតមិននឹងបញ្ជូនវិក័យបត្រផាកពិន័យនេះបន្តទៅឱ្យម្ចាស់ផ្ទះដែលជាអ្នកល្មើសផ្ទាល់ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថានកូរ៉េខាងត្បូង។

ក្រសួងបរិស្ថានកូរ៉េខាងត្បូងបានបញ្ជាក់ឱ្យដឹងថែមទៀតថា គោលការណ៍ញែកសម្រាមកែច្នៃបានជាផ្លាស្ទិកនេះ គឺតម្រូវឱ្យម្ចាស់ផ្ទះនីមួយៗធ្វើការញែកដបទឹក PET ថ្លាដាក់ក្នុងថង់មួយដាច់ដោយឡែកពីថង់សម្រាមធម្មតាដទៃទៀត សម្រាប់អាចឱ្យអ្នកប្រមូលសម្រាមអាចធ្វើការញែកដបផ្លាស្ទិកនេះបន្ត។ តាមគោលការណ៍ញែកសម្រាមនេះ ដបទឹកផ្ទាស្ទិកគួរតែមានសភាពស្អាត និងមិនមានអ្វីនៅខាងក្នុងដបនោះ បើមានទឹកគួរចាក់ចេញឱ្យអស់ ហើយគេគួរជាន់ដបនោះឱ្យនៅតូច និងបកផ្លាករុំជុំវិញដបចោល។ ក្នុងនោះដែរគម្របដប បើសិនជាផ្លាស្ទិក មិនចាំបាច់ដោះចេញនោះទេ តែបើមិនមែនផ្លាស្ទិកគួរដោះចេញតែម្តង។

គោលការណ៍ថ្មីនេះត្រូវបានអជ្ញាធរដាក់ចេញតាំងពីថ្ងៃទី២៥ ខែធ្នូ ២០២០កន្លងមក តែត្រូវមានរយៈពេលអន្តរកាល៦ខែកន្លងមកសម្រាប់ពលរដ្ឋទាំងអស់អាចត្រៀមខ្លួនមុននឹងចាប់ផ្តើមអនុវត្តពេញលេញ រួមទាំងការផាកពិន័យផងនោះ។ បើតាមការគោលការណ៍ផាកពិន័យនៃច្បាប់ថ្មីនេះ គឺល្មើសលើកទី១ នឹងត្រូវរងការផាកពិន័យចំនួន ១០ម៉ឺនវ៉ុន ខណៈការល្មើសជាថ្មីជាលើកទី២ នឹងត្រូវទទួលការផាកពិន័យដល់ ២០ម៉ឺនវ៉ុន ហើយការល្មើសពីលើកទី៣ទៅ នឹងត្រូវផាកពិន័យចំនួន ៣០ម៉ឺនវ៉ុន (ប្រមាណជាង ២៦៥ដុល្លារ)។ គោលការណ៍នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាល នឹងគ្រោងពង្រីកវិសាលភាពអនុវត្តសម្រាប់ផ្ទះប្រភេទដាច់តែឯងមួយៗ នៅពេលខាងមុខពីថ្ងៃទី ២៥ ខែធ្នូ ២០២១នេះផងដែរ។

យ៉ាងណាមិញ បើតាមការលើកឡើងរបស់អ្នកគ្រប់គ្រងនៅនឹងទីតាំងអាគារអាផាតមិនមួយកន្លែងនៅក្រុងសេជុង បានឱ្យដឹងថាម្ចាស់ផ្ទះនីមួយៗភាគច្រើននៅតែមិនគោរព និងអនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនទៅនឹងគោលការណ៍នេះដដែល។ ពេលខ្លះ សម្រាមដែលយកមកចោលដោយម្ចាស់ផ្ទះមានលាយដបផ្លាស្ទិកនៅក្នុងនោះ ដូចនេះអ្នកប្រមូលសម្រាមគេមិនព្រមយកសម្រាមនោះឡើយ ដូចនេះត្រូវឱ្យម្ចាស់អាគារ ឬម្ចាស់អាផាតមិនត្រូវមកទទួលធ្វើការញែកសម្រាមដបផ្លាស្ទិកនេះចេញជំ​នួសម្ចាស់ផ្ទះវិញក៏មាន។

សូមបញ្ជាក់ថា ជារួមប្រទេសកូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានការប្រើប្រាស់កាកសំណល់ឡើងវិញបានច្រើនជាងគេ តែក្នុងនោះដែរប្រទេសនេះក៏ក្នុងចំណោមជាប្រទេសប្រើប្រាស់ផ្លាស្ទិកច្រើនជាងគេលើពិភពលោកផងដែរ។ បើតាមតួលេខរបស់ស្ថាប័ន Euromap ក្នុងឆ្នាំ២០១៥ ជនជាតិកូរ៉េខាងត្បូងម្នាក់ប្រើប្រាស់ផ្លាស្ទិកអស់ ១៣២ គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ។

 

Leave a Reply

Your email address will not be published. Required fields are marked *