កូរ៉េខាងត្បូងជះលុយពាន់លានដុល្លារ កសាងប្រព័ន្ធបាញ់កំទេចគ្រាប់កាំជ្រួច! ពេលរួចរាល់ សេអ៊ូលលែងបារម្ភកាំជ្រួចផ្លោងពីកូរ៉េខាងជើងទៀតហើយ!

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនៅថ្ងៃចន្ទនេះហើយ ថានឹងបង្កើតនូវប្រព័ន្ធសព្វាវុធសម្រាប់ការពារគ្រាប់កាំជ្រួច ដូចទៅនឹងប្រព័ន្ធបាញ់កំទេចកាំជ្រួចរបស់អ៊ីស្រាអែល ដើម្បីដែលកាលពីប៉ុន្មានសប្តាហ៍មុននេះ បានធ្វើឱ្យពិភពលោកមានការកោតស្ញប់ស្ញែងនូវសមត្ថភាពយោធារបស់អ៊ីស្រាអែល នេះបើតាមការបញ្ជាក់របស់អជ្ញាធរការពារជាតិកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News គណៈកម្មការជំរុញគម្រោងការពារកូរ៉េ ដែលដឹកនាំផ្ទាល់ដោយរដ្ឋមន្ត្រីការពារកូរ៉េខាងត្បូង សម្រេចអនុម័តកញ្ចប់ទឹកប្រាក់ដល់ទៅ ២.៨៩ ទ្រីលានវ៉ុន (ប្រមាណជាង ២​.៥៦ប៊ីលានដុល្លារ) សម្រាប់គម្រោងនូវប្រព័ន្ធសព្វាវុធសម្រាប់ការពារគ្រាប់កាំជ្រួច ដែលមានសមត្ថភាពបាញ់កាំជ្រួចប្រដេញ ដើម្បីទៅកំទេចគ្រាប់កាំជ្រួចរបស់សត្រូវដែលបាញ់ចូលមកទឹកដីកូរ៉េខាងត្បូង។ គម្រោងការពារដ៏ធំនេះ គ្រោងនឹងអាចចាប់ផ្តើមដើមឆ្នាំក្រោយទៅ ហើយគ្រោងនឹងអាចបញ្ចប់រួចរាល់នៅឆ្នាំ២០៣៥ ខាងមុខ។

បើតាមការបញ្ជាក់របស់អជ្ញាធរផ្នែកការពារជាតិ ដែលទទួលបន្ទុកក្នុងការអនុវត្តគម្រោងដ៏ពិសេសនេះបញ្ជាក់ថា ប្រព័ន្ធសម្រាប់ការពារគ្រាប់កាំជ្រួចនេះ គឺនឹងត្រូវបង្កើតឡើងប្រើប្រាស់បច្ចេកវិទ្យារបស់កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការគម្រាមកំហែងពីការបាញ់គ្រាប់ផ្លោង គ្រាប់កាំជ្រួចទាំងរយៈចម្ងាយជិត និងរយៈចម្ងាយឆ្ងាយណាមួយ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកផងដែរពីសត្រូវ ដែលសត្រូវនេះគឺគេសំដៅដល់រដ្ឋកូរ៉េខាងជើងដែលនៅជាប់ក្បែរខាងនេះឯង ដែលតែងតែបង្កការគម្រាមកំហែងផ្នែកយោធាជាញឹកញយមកលើប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ប្រព័ន្ធសម្រាប់ការពារគ្រាប់កាំជ្រួចនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីគេបានឃើញវីដេអូឃ្លីបកន្លងមកដែលប្រទេសអ៊ីស្រាអែលបានប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធបាញ់កំទេចកាំជ្រួចនេះ ឈ្មោះថា Iron Dome System ដើម្បីការពារ និងបាញ់កម្ទេចគ្រាប់ផ្តោងរាប់រយគ្រាប់ពីភាគីប៉ាលេស្ទីន។ ក្នុងវីដេអូនោះ គេឃើញថាជាមួយនឹងគ្រាប់ផ្លោងស្រោចជាច្រើនគ្រាប់មកលើទឹកដីអ៊ីស្រាអែល ត្រូវបានបច្ចេកវិទ្យាប្រព័ន្ធបាញ់កំទេចកាំជ្រួច បាញ់បញ្ចេញកាំជ្រួចទៅកំទេចគ្រាប់ផ្លោងរបស់ប៉ាឡេស្ទីននៅលើមេឃស្ទើរទាំងស្រុង។

ងាកមកប្រទេសកូរ៉េខាងជើងវិញ គេដឹងថារដ្ឋកុំម្មុយនីស្តនេះបានដាក់កាំភ្លើងធំជាង ១០០០ គ្រឿងនៅតាមតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ រួមមានទាំងកាណុងគ្រាប់រុក្កែតធំ ២៤០ មីលីម៉ែត្រផងដែរ ដែលក្បាលគ្រាប់ទាំងនេះ ភាគច្រើនគឺតម្រង់ចូលមកកាន់ទីក្រុងសេអ៊ូល និងក្រុងធំៗដទៃទៀតនៅក្បែរនឹងព្រំដែនតែម្តង។ ក្នុងនោះដែរ ថ្មីៗនេះក្រុមជំនាញចារកិច្ចយោធាក៏បានទទួលព័ត៌មានបន្តបន្ទាប់ថាកូរ៉េខាងជើងនៅតែបន្តធ្វើទំនើបកម្មសព្វាវុធរបស់ខ្លួន រួមមានទាំងប្រភេទកាំជ្រួចបាលីស្ទីករយៈចម្ងាយខ្លី និងកាណុងគ្រាប់រុក្កែតធំៗទំនើបដទៃទៀតផងដែរ ខណៈដែលដំណើរការចរចារវាងកូរ៉េទាំងពីរ ជាមួយនឹងសហរដ្ឋអាម៉េរិកនៅតែបន្តជាប់គាំងនោះ។

យ៉ាងណាមិញ កន្លងមកនេះ កូរ៉េខាងត្បូងក៏បន្តធ្វើទំនើបកម្មសព្វាវុធរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ មានដូចជាការបញ្ជាទិញយន្តហោះចម្បាំង F-35A ជាច្រើនគ្រឿងពីអាម៉េរិក រួមនឹងយន្តហោះចម្បាំង និងសព្វាវុធការពារខ្លួនជាច្រើនប្រភេទទៀតផងដែរ តម្លៃរាប់ពាន់លានដុល្លារផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *