កូរ៉េខាងត្បូង៖ ទីតាំងភ្នាល់បាល់ និងកីឡាខុសច្បាប់ធំៗនៅកូរ៉េខាងត្បូង ២កន្លែង ដែលមានរកស៊ីពីការភ្នាល់ល្បែងនេះបានលុយដល់ជាង ៩០០ប៊ីលានវ៉ុន (ប្រមាណ៧៩៧លានដុល្លារ) ត្រូវបានប៉ូលីសចុះទៅចាប់ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធខុសច្បាប់ទាំងអស់ដល់ ១៧នាក់ នេះបើតាមការបញ្ជាក់របស់ប៉ូលីសក្រុងប៊ូសាននៅថ្ងៃចន្ទនេះ។
ស្ថាប័នប៉ូលីសប៊ូសានបានបញ្ជាក់ថា ក្រោមប្រតិបត្តិការចុះចាប់នេះ គេបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធដល់ទៅ ៣៨នាក់ ក្នុងនោះ១៧នាក់ត្រូវបានគេចាប់ឃុំខ្លួនទុកដោយសាររកឃើញថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពដំណើរការទីតាំងភ្នាល់បាល់ និងកីឡាខុសច្បាប់នេះ។ អ្នកទាំង១៧នេះក៏ត្រូវរងការចោទប្រកាន់ពីបទបំពានច្បាប់ស្តីពីការជម្រុញកីឡាជាតិកូរ៉េផងដែរ។ យ៉ាងណាមិញ ប៉ូលីសបានបញ្ជាក់ថា មេខ្លោងធំ ១នាក់ បានរត់គេចទៅស្រុកក្រៅ ហើយបច្ចុប្បន្នកំពុងត្រូវបានប៉ូលីសកូរ៉េ សហការជាមួយប៉ូលីសអន្តរជាតិតាមចាប់ខ្លួនផងដែរ។
មេខ្លោងធំដែលគេតាមចាប់ខ្លួននៅស្រុកក្រៅនោះ ត្រូវបានជាប់ចោទពីបទដំណើរការខុសច្បាប់ទីតាំងភ្នាល់កីឡាខុសច្បាប់នៅកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១៦មក រហូតមកដល់ពេលគេចុះទៅចាប់នេះ ហើយកន្លែងភ្នាល់ខុសច្បាប់នេះកន្លងមកកើបលុយបានជាង ៨០០ប៊ីលានវ៉ុនឯណោះ និងមានសមាជិកអ្នកលេងដល់ជាង ៣៣០០ នាក់ ហើយមានដាក់ប្រព័ន្ធដំណើរការនៅក្រៅប្រទេសទៀតផងមាននៅវៀតណាម នៅចិន និងប្រទេសដទៃមួយចំនួនទៀត។ បើតាមការបញ្ជាក់របស់ប៉ូលីស មេខ្លោងធំនេះហើយ ដែលបានបង្ហាត់ឱ្យគ្នីគ្នាម្នាក់ទៀត រៀបចំទីតាំងភ្នាល់កីឡាខុសច្បាប់ដូចគ្នានេះ ដែលត្រូវគេចាប់បានពេលនេះជាមួយគ្នា ហើយដែលរកកើបលុយបានច្រើនក្រែលដល់ជាង ១០០ប៊ីលានវ៉ុន និងមានសមាជិកជាង ១៨០០ នាក់ផងដែរ ពីខែមិថុនា២០១៨ ដល់ខែមីនា ២០២១នេះ។
ក្នុងប្រតិបត្តិការនេះដែរ ប៉ូលីសរឹបអូសបានប្រាក់ និងទីតាំងរបស់ពួករកស៊ីភ្នាល់ខុសច្បាប់នេះបានត្រឹមជាង ៨.១២ប៊ីលានវ៉ុនប៉ុណ្ណោះពីអ្នកដែលត្រូវបានឃាត់ខ្លួន ក្នុងនោះមានលុយសុទ្ធដកហូតបាន ១.៩៥ប៊ីលានវ៉ុន និងអាផាតមិន៣បន្ទប់ និងផ្ទះ២កន្លែងដែលសុទ្ធសឹងជាអចលទ្រព្យទិញដោយលុយរកស៊ីភ្នាល់កីឡាខុសច្បាប់នេះ។