ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ត្រូវនាំគ្នាជះលុយរាប់លានដុល្លារ ឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ក្នុងការចាក់វ៉ាក់សាំងកូវីដ ដោយសារតែហេតុផលធំមួយនេះ

កូរ៉េខាងត្បូង៖ ខណៈដែលរដ្ឋាភិបាលក្រុងហាណូយកំពុងឈឺក្បាលករណីកើនឡើងខ្លាំងនៃជំងឺកូវីដ ខណៈដែលអត្រានៃការចាក់វ៉ាក់សាំងនៅមានកម្រិតទាបខ្លាំង ធៀបទៅនឹងប្រទេសជុំវិញក្នុងតំបន់នោះ ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ដូចជាក្រុមហ៊ុន Samsung Electrics និងក្រុមហ៊ុន SK ជាដើម បានជះលុយរាប់រយលានដើម្បីជួយដល់រដ្ឋាភិបាលវៀតណាម នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

បើតាមប្រភពពីរដ្ឋាភិបាលក្រុងហាណូយ បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងបានជះលុយជាង ៥លានដុល្លារជាងហើយ ជួយដល់រដ្ឋាភិបាលវៀតណាមក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដជូនប្រជាជនវៀតណាម។ ក្នុងនោះក្រុមហ៊ុន Samsung Electronics ត្រូវបានគេដឹងថាជាក្រុមហ៊ុនបរទេសដែលបានឧបត្ថម្ភលុយច្រើនជាងគេដល់រដ្ឋាភិបាលវៀតណាម និងអជ្ញាធរមូលដ្ឋានរបស់វៀតណាម គឺមានទំហំប្រាក់ឧបត្ថម្ភដល់ទៅ ២.៨ប៊ីលានវ៉ុនហើយ ដែលមានជាជំនួយសម្ភារៈសុខាភិបាលផង និងជំនួយជាសាច់ប្រាក់ផង។ ជំនួយឧបត្ថម្ភមួយភាគធំរបស់ក្រុមហ៊ុន Samsung ត្រូវបានផ្តល់ដល់ភាគខាងជើងនៃប្រទេសវៀតណាម ជាទីតាំងរោងចក្រផលិតរបស់ក្រុមហ៊ុនផ្ទាល់ ដែលកំពុងរងការផ្ទុះឡើងខ្លាំងនៃករណីកូវីដ។ ចំណែកឯក្រុមហ៊ុនផ្សេងៗទៀតរបស់កូរ៉េខាងត្បូងមានដូចជាក្រុមហ៊ុន SK បានបរិច្ចាគទឹកប្រាក់ជាង ១.១ប៊ីលានវ៉ុនផងដែរ ដល់រដ្ឋាភិបាលហាណូយ រីឯក្រុមហ៊ុន LG Electronics ក៏បានឧបត្ថម្ភ ១.៥ប៊ីលានវ៉ុនផងដែរ ដល់ក្រុងហាយផុង របស់វៀតណាម ជាទីតាំងដែលក្រុមហ៊ុន LG ឈរជើងរោងចក្ររបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

បើតាមការបញ្ជាក់ផងដែរនោះ រដ្ឋាភិបាលវៀតណាម ក៏ទទួលបានជំនួយច្រើនទៀតផងដែរពីក្រុមហ៊ុនធំៗរបស់បរទេសដូចជា ក្រុមហ៊ុន Toyota របស់ជប៉ុន និងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ជាដើម។ ក្រុមហ៊ុនបរទេសធំៗទាំងនេះ នាំគ្នាផ្តល់ការឧបត្ថម្ភបន្តកន្ទុយគ្នាសម្រាប់ដល់រដ្ឋាភិបាលវៀតណាមក៏ដោយសារតែក្រុមហ៊ុនធំៗទាំងនេះមានទីតាំងរោងចក្រផលិត និងវិនិយោគធំៗនៅក្នុងប្រទេសវៀតណាមនេះឯង ដែលប្រសិនបើតាមប្រភពផ្ទៃក្នុងរបស់បណ្តាក្រុមហ៊ុនធំៗទាំងនេះ បានឱ្យដឹងថា ប្រសិនបើក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង និងប្រទេសដទៃទៀតនេះមិនផ្តល់ការជួយទំនុកបម្រុងណាមួយនោះទេ តាមការស្នើសុំរបស់រដ្ឋាភិបាលវៀតណាមទេនោះ វត្តមានអាជីវកម្ម និងវិនិយោគរបស់ពួកគេក្នុងប្រទេសវៀតណាមអាចនឹងប្រឈមនឹងការលំបាក ជាពិសេសសម្រាប់ដំណើរការទៅពេលអនាគតខាងមុខ។

ក្នុងនោះដែរ ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនធំៗរបស់កូរ៉េដែលមានវត្តមាននៅវៀតណាម ហាក់មានសម្ពាធហើយនឹងអាចបង្កើនការឧបត្ថម្ភបន្ថែមដល់ប្រទេសវៀតណាម ដោយសារក្រុមហ៊ុនទាំងនេះមានការវិនិយោគ និងគម្រោងជាច្រើននៅក្នុងប្រទេសវៀតណាមធៀបទៅនឹងក្រុមហ៊ុនបរទេសធំៗដទៃទៀត។ ជាក់ស្តែង គិតត្រឹមខែមីនាឆ្នាំ២០២១នេះ ក្រុមហ៊ុនកូរ៉េខាងត្បូងមានគម្រោងដល់ទៅ ៩៤៨ គម្រោងបានផ្តួចផ្តើមសម្រាប់អនុវត្ត និងវិនិយោគក្នុងខេត្ត Bac Ninh មួយប៉ុណ្ណោះក្នុងប្រទេសវៀតណាម ដែលមានទំហំដល់ជាង ១១ប៊ីលានដុល្លារ ប្រមាណដល់ទៅ ៥៣% នៃទំហំវិនិយោគបរទេសសរុបនៅក្នុងខេត្តនេះទាំងមូល។ សូមបញ្ជាក់ថា ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងទាំងនេះ សុទ្ធតែត្រូវបានស្នើសុំម្តងហើយម្តងទៀតពីសំណាក់រដ្ឋាភិបាលវៀតណាម ឱ្យមានការចូលរួមឧបត្ថម្ភក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់វៀតណាម។

ក្រុមហ៊ុន Samsung មួយមានរោងចក្រផលិតធំៗដល់ទៅ២ទីតាំងក្នុងភាគខាងជើងប្រទេសវៀតណាម ដែលមានទំហំផលិតដល់ទៅ ៥០% នៃផលិតផលទូរស័ព្ទ Smartphone របស់ខ្លួនទូទាំងពិភពលោក រីឯក្រុមហ៊ុន Foxconn ដែលជាដៃគូផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុន Apple ក៏មានរោងចក្រផលិតនៅទីនោះផងដែរ គឺដូចទៅនឹងក្រុមហ៊ុនធំៗដទៃទៀតដូចជាក្រុមហ៊ុន Toyota ជាដើម។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសវៀតណាមទើបនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបានប្រហែល ១% ប៉ុណ្ណោះនៃប្រជាជនទូទាំងប្រទេសរបស់ខ្លួនជាង ១០០លាននាក់ ហើយថ្មីៗនេះក៏មានការកើនឡើងករណីកូវីដខ្លាំងផងដែរ។ រដ្ឋាភិបាលក្រុងហាណូយគ្រោងនឹងចាក់វ៉ាក់សាំងកូវីដឱ្យបានដល់ ៧០% នៃប្រជាជនខ្លួនសរុបត្រឹមចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២ខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *