អ្នកស្រាវជ្រាវកូរ៉េខាងត្បូង ១​ រូប ត្រូវសមត្ថកិច្ច និងក្រុមចារកម្មកូរ៉េខាងត្បូង ឃាត់ខ្លួន និងចោទពី «ក្បត់ជាតិ» ដោយសារតែបានធ្វើរឿងមួយនេះ

កូរ៉េខាងត្បូង៖ អ្នកស្រាវជ្រាវនៃស្ថាប័នស្រាវជ្រាវមួយរបស់កូរ៉េខាងត្បូង ត្រូវបានប៉ូលីសកូរ៉េខាងត្បូងធ្វើការចោទប្រកាន់ពីបទក្បត់ជាតិក្រោយពីគេរកឃើញថាអ្នកស្រាវជ្រាវរូបនេះលួចមានទំនាក់ទំនងជាមួយភ្នាក់ងារចារកិច្ចរបស់កូរ៉េខាងជើង និងតែង​បានធ្វើសកម្មភាពនានាប៉ះពាល់ដល់សន្តិសុខជាតិកូរ៉េខាងត្បូងកន្លងមក នេះបើតាមការបញ្ជាក់របស់រដ្ឋអជ្ញាកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News រដ្ឋអជ្ញានៃក្រុងសេអ៊ូលបាននិយាយថាអ្នកស្រាវជ្រាវកូរ៉េខាងត្បូងមា្នក់ឈ្មោះ លី ជុងហ៊ុន (Lee Joeng-hun) ដែលជាអ្នកស្រាវជ្រាវនៅនឹងស្ថាប័នស្រាវជ្រាវមួយរបស់កូរ៉េខាងត្បូងឈ្មោះថា April 27 Era Research Institute ត្រូវបានរដ្ឋអជ្ញាដាក់ការចោទប្រកាន់ពីបទប៉ុនប៉ងអំពើក្បត់ជាតិ ដោយបានជួប និងមានទំនាក់ទំនងជាមួយភ្នាក់ងារចារកិច្ចកូរ៉េខាងជើង ដែលកន្លងមកបានលួចព័ត៌មានសំងាត់នានាពីកូរ៉េខាងត្បូង ដែលទង្វើនេះជាបទល្មើសក្នុងច្បាប់ស្តីពីសន្តិសុខជាតិកូរ៉េខាងត្បូង។ លោក លី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាំងពីថ្ងៃទី ១៦ ឧសភា ដើម្បីបន្តការស៊ើបអង្កេតដែលមានការចូលរួមពីអង្គភាពចារកម្មកូរ៉េខាងត្បូង រួមនឹងសមត្ថកិច្ចប៉ូលីសសេអ៊ូល។

អ្នកស្រាវជ្រាវដែលត្រូវរងការចោទប្រកាន់នេះអាយុ៥៧ឆ្នាំ ហើយកន្លងមកត្រូវបានគេចោទប្រកាន់ថាបានលួចជួបជាមួយភ្នាក់ងារចារកិច្ចកូរ៉េខាងជើង ដែលបានបន្លំខ្លួនជាជនជាតិប៉េរូ ដើមកំណើតជនជាតិជប៉ុន ចូលមកក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧  រយៈពេលដល់ទៅ៤ដង ហើយក្នុងនោះលោក លី បានធ្វើការរាយការណ៍ពីសកម្មភាពនានាដែលជាការវិវត្តថ្មីរបស់កូរ៉េខាងត្បូង ឱ្យទៅភ្នាក់ងារចារកិច្ចកូរ៉េខាងជើងនោះ។ អ្នកស្រាវជ្រាវដែលរងការចោទប្រកាន់នេះ ត្រូវបានគេសង្ស័យថាត្រូវបានភ្នាក់ងារចារកិច្ចកូរ៉េខាងជើង បង្រៀនពីវិធីសាស្រ្តក្នុងការផ្ញើ និងបញ្ជូនសារសម្ងាត់ទៅមកពីកូរ៉េខាងត្បូង ទៅកូរ៉េខាងជើងផងដែរ។

រដ្ឋអជ្ញាបានដាក់ការចោទប្រកាន់ផងដែរថា លោក លី នេះ បានធ្វើការទាញយកនូវសារសម្ងាត់ និងបទបញ្ជាផ្សេងៗដាក់ចេញពីខាងកូរ៉េខាងជើង តាមរយៈទំព័រអនឡាញដែលមានមូលដ្ឋានគ្រប់គ្រងចេញពីប្រទេសទីបីទៀតផងដែរ ក្នុងចន្លោះឆ្នាំ២០១៨ និង២០១៩កន្លងមក ហើយក៏បានបញ្ជូនរបាយការណ៍ផ្សេងៗទៅឱ្យខាងកូរ៉េខាងជើងរយៈពេល ៥ដងផ្សេងៗគ្នាផងដែរ។ បើតាមការបញ្ជាក់របស់រដ្ឋអជ្ញា ភ្នាក់ងារចារកិច្ចកូរ៉េខាងជើង ដែលបានមកទាក់ទងជាមួយនឹងលោក លី នេះបានចាកចេញពីប្រទេសកូរ៉េខាងត្បូងយូរហើយផងដែរ។

ក្នុងនោះដែរ លោក លី ក៏ត្រូវរងការចោទប្រកាន់ពីបទបោះពុម្ភសៀវភៅដែលលើកសរសើរពីរបបដឹកនាំកូរ៉េខាងជើង និងមនោគមន៍វិជ្ជាដឹកនាំរបស់កូរ៉េខាងជើង ដូចជាការគ្រប់គ្រងអំណាចបន្តតាមគ្រួសារ និងការដឹកនាំបែបផ្តាច់ការ នយោបាយបែបយោធានិយម និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាដើមផងដែរ ដែលការចុះផ្សាយទាំងអស់នេះប៉ះពាល់ទៅនឹងច្បាប់សន្តិសុខជាតិកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៦ លោក លី នេះក៏ត្រូវបានកាត់ទោសឱ្យជាប់ឃុំឃាំងរយៈពេល ៣ឆ្នាំម្តងរួចហើយដែរ ក្រោយពីរកឃើញថាបានរាយការណ៍ពីការវិវត្តនៃនយោបាយក្នុងស្រុកកូរ៉េខាងត្បូង ទៅឱ្យភ្នាក់ងារកូរ៉េខាងជើង។

 

Leave a Reply

Your email address will not be published. Required fields are marked *