កម្មករ២នាក់នៅប៊ូសាន ចូលក្នុងបង្គន់ ក៏បាត់បង់ជីវិតភ្លាមៗ អជ្ញាធររកឃើញថាដោយសារ បង្គន់នោះមានធ្លាយឧស្ម័នពុល ២ មុខនេះដ៏លើសកម្រិត

កូរ៉េខាងត្បូង៖ កម្មករកូរ៉េខាងត្បូង២នាក់បាន បា ត់ ប ង់ ជី វិ ត ក្រោយពីស្រូបឧស្ម័នពុលដែលលេចធ្លាយចេញពីក្នុងបង្គន់បន្ទប់ទឹកមួយកន្លែងនៅនឹងទីតាំងរោងចក្រសាងសង់កប៉ាល់នៅក្រុងប៊ូសាន នេះបើតាមការរាយការណ៍របស់សមត្ថកិច្ចប៉ូលីសនៅថ្ងៃអាទិត្យនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យថាអ្នកដែលរងគ្រោះទាំងពីរនាក់នេះ មានអាយុ៤៨ឆ្នាំ និង២៨ឆ្នាំ ត្រូវបានគេរកឃើញថាសន្លប់ឈឹងបាត់បង់ស្មារតីនៅក្នុងបន្ទប់ទឹក នៅនឹងការដ្ឋានកន្លែងធ្វើការសាងសង់កប៉ាល់របស់ខ្លួន នៅវេលាម៉ោង ១១:០៤ នាទីព្រឹកថ្ងៃសៅរ៍ម្សិលមិញ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយនៅពេលដែលរកឃើញភ្លាមៗនោះ បុរសម្នាក់បានដាច់ដង្ហើមទៅហើយ ដោយសារតែអាការៈគាំងបេះដូង ខណៈម្នាក់ទៀតត្រូវបានគេសង្គ្រោះឱ្យដឹងខ្លួនវិញ តែក្រោយពីធ្វើការសង្គ្រោះនៅមន្ទីរពេទ្យរហូតដល់ម៉ោង ៩:៣០នាទីយប់ ក៏បាត់បង់ជីវិតទៅដូចគ្នា។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ករណីនេះគឺជនរងគ្រោះបានស្រូបយកជាតិឧស្ម័នពុលដែលបានលេចធ្លាយចេញពីបង្គន់ ពេលដែលពួកគេនៅខាងក្នុងបង្គន់នោះ។ សារធាតុឧស្ម័នពុលនោះមានសារធាតុអ៊ីដ្រូសែនស៊ុលហ្វីត (hydrogen sulfide) និងសារធាតុអាម៉ូញៀ (ammonia)។ បើតាមលទ្ធផលត្រួតពិនិត្យជាតិពុលនៅនឹងបង្គន់ដែលមានករណីនេះកើតឡើង គេរកឃើញថាមានសារធាតុអ៊ីដ្រូសែនស៊ុលហ្វីត (hydrogen sulfide) ដល់ទៅកម្រិត ២៥០ ppm ដែលខ្ពស់លើសពីកម្រិតសុវត្ថិភាពត្រឹមតែ ១៥ ppm ដល់ទៅ ១៦ដងឯណោះ។

យ៉ាងណាមិញ ប៉ូលីសនៅមិនទាន់ដឹងពីករណីដែលនាំឱ្យមានការលេចធ្លាយសារធាតុឧស្ម័នពុលដ៏លើសលប់បែបនេះចេញមកក្នុងបង្គន់នៅឡើយទេ តែគេសង្ស័យថាករណីនេះអាចកើតឡើងដោយសារតែបង្គន់នោះមានកន្លែងលេចធ្លាយចេញពីជាន់ទី១មក។ កន្លងមក គេក៏ធ្លាប់សង្ស័យថាមានក្លិនចម្លែកនៅក្នុងបង្គន់នោះដែរ ក្លិនស្អុយដូចពងទារលួយជាច្រើនដងជាពិសេសនៅថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍ជាដើម តែមិនសូវមានអ្នកចាប់អារម្មណ៍ថាដោយសារមូលហេតុអ្វី តែដល់ថ្ងៃកើតហេតុក្លិននោះគឺកាន់ខ្លាំងលើសពេលមុនៗទៅទៀត។

សូមបញ្ជាកសារធាតុអ៊ីដ្រូសែនស៊ុលហ្វីត (hydrogen sulfide) នេះជាឧស្ម័នគ្មានពណ៌ និងមានក្លិនស្អុយខ្លាំង ដែលងាយនឹងធ្វើឱ្យពុលបើស្រូបចូលលើសកម្រិត ខណៈសារធាតុអាម៉ូញៀ (ammonia) ជាសារធាតុដែលធ្វើឱ្យបាត់បង់ស្មារតីនៅពេលស្រូបចូលច្រើនក្នុងកន្លែងបិទជិត។ កន្លងមកកាលពីឆ្នាំ២០១៩ ក៏មានករណីសិស្សសាលាម្នាក់ត្រូវបាត់បង់ជីវិតដូចគ្នានេះ នៅពេលដែលចូលក្នុងបង្គន់សាធារណៈដែលមានការលេចធ្លាយនៅឧស្ម័នពុលនេះដូចគ្នាដែរ។

Leave a Reply

Your email address will not be published. Required fields are marked *