កូរ៉េខាងត្បូង៖ សាកលវិទ្យាល័យ និងមហាវិទ្យាល័យនៅកូរ៉េខាងត្បូងគ្រោងនឹងបង្កើនចំនួនសិស្សដែលអាចមករៀនផ្ទាល់ក្នុងថ្នាក់បន្ថែមទៀត សម្រាប់ឆមាសថ្មីរដូវស្លឹកឈើជ្រុះខាងមុខ ស្របទៅការកើនឡើងនៃការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេសផងដែរ នេះបើតាមការបញ្ជាក់របស់តំណាងមន្ត្រីនៅថ្ងៃសៅរ៍នេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំកូរ៉េខាងត្បូងចេញនៅសប្តាហ៍នេះ បានផ្តល់អនុសាសន៍ថាចំនួនសិស្សដែលអាចមករៀនផ្ទាល់ក្នុងថ្នាក់នៅកម្រិតសាកលវិទ្យាល័យគួរបង្កើនបន្ថែមឱ្យស្របទៅនឹងតួលេខនៃការចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូង គឺអាចបង្កើនបានច្រើនជាងមុនចាប់ពីក្រោយខែកញ្ញាទៅ ដែលគេរំពឹងថានឹងមានប្រជាជនដល់ទៅ ៣៦លាននាក់នឹងត្រូវបានចាក់វ៉ាក់សាំងកូវីដរួចរាល់នោះ។ ការផ្តល់អនុសាសន៍បែបនេះគឺស្របទៅនឹងគម្រោងការក្រសួងអប់រំប្រកាសថ្មីៗនេះដែរក្នុងការអនុញ្ញាតឱ្យមានការចូលរៀនពេញទាំងស្រុងវិញសម្រាប់កម្រិតមតេ្តយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យសម្រាប់ឆមាសក្រោយនេះដែរ ក្រោយពីបុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូត្រូវបានចាក់វ៉ាក់សាំងកូវីដរួចរាល់ត្រឹមខែសីហាខាងមុខនេះហើយនោះ។
កន្លងមក សាលារៀនក្នុងស្រុក រួមទាំងសាកលវិទ្យាល័យផង បានមានទាំងថ្នាក់រៀនអនឡាញ និងថ្នាក់រៀនផ្ទាល់លាយបញ្ចូលគ្នា ដើម្បីជាវិធានការការពារកូវីដ ដែលបានអនុវត្តតាំងពីឆ្នាំមុនមកពេលដែលកូវីដចាប់ផ្តើមផ្ទុះរាលដាលមកនោះ។ ជាមួយនឹងផែនការថ្មីក្នុងការបង្កើនចំនួនសិស្សមករៀនផ្ទាល់ក្នុងថ្នាក់នេះ តំណាងមន្ត្រីក្រសួងកូរ៉េបានបញ្ជាក់ថា ការបង្កើនចំនួនសិស្សមករៀនផ្ទាល់ ក្រុមអជ្ញាធរជំនាញនឹងធ្វើការសាកល្បងលើផលប៉ះពាល់ថាតើនឹងអាចកើតមានកម្រិតណា ហើយហានិភ័យនៃការឆ្លងកូវីដអាចកើតមានក្នុងកម្រិតណាផងដែរ ដោយគេអាចសាកល្បងបង្កើនចំនួនសិស្សក្នុងថ្នាក់តូចៗជាមុនសិន អាចចន្លោះដើមខែកញ្ញាខាងមុខនេះ ហើយប្រសិនលទ្ធផលគាប់ប្រសើរ គេអាចនឹងបើកថ្នាក់មករៀនផ្ទាល់នេះឱ្យកាន់តែច្រើនក្នុងកម្រិតសាកលវិទ្យាល័យត្រឹមចុងខែកញ្ញាខាងមុខ។
បើតាមលទ្ធផលសម្រង់មតិមួយដែលក្រសួងអប់រំកូរ៉េបានធ្វើកន្លងមក ក្នុងចំណោមសិស្សសាកលវិទ្យាល័យ ៩៤,៨០៣នាក់ ដែលបានចូលរួមធ្វើសម្រង់មតិ មានដល់ទៅ ៦៣.១% បានឯកភាពក្នុងការរៀបចំការសាកល្បងមករៀនផ្ទាល់ក្នុងថ្នាក់នេះជាដំណាក់កាលដំបូងសិន ដើម្បីអាចឈានដល់ការបើកថ្នាក់រៀនពេញលេញជាផ្លូវការនាពេលខាងមុខដ៏ខ្លីនេះ។
យ៉ាងណាមិញ ក្នុងដើមឆ្នាំ២០២១នេះ មានសាកលវិទ្យាល័យចំនួន៥ហើយនៅកូរ៉េខាងត្បូង ដែលបានបើកបង្រៀនផ្ទាល់ក្នុងថ្នាក់នេះពេញលេញ ហើយមន្ត្រីក្រសួងអប់រំបានលើកឡើងថា ប្រសិនបើសាកលវិទ្យាល័យណាអាចមានលទ្ធភាពអនុវត្តវិធានការគម្លាតសង្គមបានពេញលេញ នៅពេលដែលឱ្យសិស្សមករៀនផ្ទាល់បាននោះ ដូចនេះគឺសាកលវិទ្យាល័យទាំងនោះអាចអនុញ្ញាតឱ្យមករៀនផ្ទាល់បានដោយគ្មានបញ្ហានោះទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងបានសម្រេចចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនយ៉ាងតិច១ដូស ចំនួន១៥.២៦លាននាក់ហើយ ដែលលើសពីផែនការចាក់ឱ្យបានត្រឹម១៤លាននាក់ ត្រឹមចុងខែមិថុនាទៅហើយ។ ក្នុងនោះដែរ គេរំពឹងថាត្រឹមចុងខែកញ្ញាខាងមុខ នឹងអាចសម្រេចចាក់វ៉ាក់សាំងកូវីដជូនដល់ប្រជាជន ៣៦លាននាក់ ឬប្រមាណ៧០%នៃចំនួនប្រជាជនសរុប។