ថៅកែកូរ៉េ សរសើរពលករខ្មែរយើងមិនដាច់ពីមាត់ លើសមត្ថភាព និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ ហើយគ្រោងថានឹងស្នើសុំមកបន្ថែមទៀត

ខេត្តក្យុងគីដូរ៖ កាលពីថ្ងៃទី ២០ មិថុនា ២០២០ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ និងក្រុមការងារបានចុះធ្វើទស្សនកិច្ច និងសួរសុខទុក្ខពលករខ្មែរនៅរោងចក្រ Chemsfield ក្នុងខេត្តក្យុងគីដូរ ស្រុកយន់ឆន់ បើតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជានៅកូរ៉េ។

តាមរយៈការលើកឡើងរបស់ខាងរោងចក្រ រោងចក្រផលិតគ្រឿងក្រអូប Chemsfield ដែលស្ថិតនៅតំបន់ក្បែរទល់ដែនជាមួយកូរ៉េខាងជើងមានពលករបរទេស ៦៦ នាក់ ដែលក្នុងនោះមានពលករខ្មែរចំនួន ១០ នាក់ផងដែរ ហើយនឹងគ្រោងបន្ថែមពលករខ្មែរជាបន្តបន្ទាប់ទៀត។

ការគ្រោងនឹងយកពលករខ្មែរមកបន្ថែមទៀតនេះ គឺដោយសារម្ចាស់រោងចក្រមើលឃើញថា ពលករខ្មែរយើងធ្វើការប្រកបដោយការទទួលខុសត្រូវ និងសមត្ថភាពខ្ពស់ ល្អជាងពលករបរទេសមួយចំនួននៅក្នុងរោងចក្រគាត់ទៀតផង។ ក្នុងឱកាសនោះដែរ ថៅកែរោងចក្របានសន្យាមើលថែទាំ និងគាំពារពលករខ្មែរយើងឲ្យបានល្អនៅចំពោះមុខមន្ត្រីស្ថានទូត ដែលនេះបានធ្វើឲ្យក្រុមការងារស្ថានទូត ក៏ដូចជាបងប្អូនពលករខ្មែរយើងមានភាពកក់ក្តៅ ជឿជាក់ឥតឧបមាផងដែរ។

នេះហើយជាមោទនភាពរបស់កម្ពុជាយើង ដែលបងប្អូនពលករខ្មែរយើងមានសមត្ថភាព និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ ហើយអាចទទួលបានការសរសើរ ស្រលាញ់ និងយកចិត្តទុកដាក់ខ្ពស់ពីថៅកែ និងអ្នករួមការងារ។ ពិតណាស់ គ្មានអ្វីដែលល្អជាងការសរសើរតគ្នាពីមាត់មួយ ទៅមាត់មួយទៀត តៗគ្នានោះទេ។ ការតស៊ូ និងខំប្រឹងប្រែងរបស់បងប្អូនពលករខ្មែរ នឹងក្លាយជាឱកាសសម្រាប់ត្រួសត្រាយផ្លូវឱ្យបងប្អូនខ្មែរយើងដទៃទៀត កាន់តែមានឱកាសច្រើនឡើងៗ សម្រាប់អាចទៅធ្វើការនៅប្រទេសកូរ៉េ ដោយសារតែតម្រូវការ និងការចង់បានរបស់ថៅកែកូរ៉េ នូវបុគ្គលដែលមានសមត្ថភាព និងទំនួលខុសត្រូវខ្ពស់។

 

 

Leave a Reply

Your email address will not be published. Required fields are marked *