គិតម៉េចដែរ? សាលាក្រុងសេអ៊ូល សាកសួរមតិប្រជាជនខ្លួនថា តើគួរមានវិធានការហាមឃាត់ ទទួលទានគ្រឿងស្រវឹងតាមទីតាំងសាធារណៈនៅសេអ៊ូល ឬអត់?

កូរ៉េខាងត្បូង៖ សាលាក្រុងសេអ៊ូលចាប់ផ្តើមដាក់ចេញនូវការធ្វើសម្រង់មតិជាសាធារណៈមួយ សាកសួរប្រជាជនខ្លួនថាតើក្រុងសេអ៊ូលគួរតែដាក់ចេញវិធានការហាមឃាត់ការផឹកស៊ី ពិសារគ្រឿងស្រវឹងនៅតាមទីតាំងសាធារណៈក្នុងក្រុងសេអ៊ូល ដូចជាសួនច្បារជាដើមដែរឬយ៉ាងណា នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃសុក្រនេះ។

ការដាក់ចេញការស្រង់មតិនេះ គឺធ្វើឡើងមុនពេលដែលច្បាប់ថ្មីទាក់ទងសុខុមាលភាពសាធារណៈរបស់កូរ៉េ ត្រៀមនឹងចូលជាធរមាន និងចាប់អនុវត្តពីសប្តាហ៍ក្រោយថ្ងៃពុធទៅ។ ក្រោមច្បាប់ថ្មីទាក់ទងសុខុមាលភាពសាធារណៈនេះ កំណត់ថា រដ្ឋបាលមូលដ្ឋាននីមួយៗអាចធ្វើការកំណត់ ឬហាមឃាត់ការពិសារគ្រឿងស្រវឹងនៅតាមទីតាំងសាធារណៈទូទៅ ដូចជាតាមសួនច្បារ ស្ថានីយ៍រថភ្លើងក្រោមដី ចំណតរថយន្តក្រុង ទីតាំងអប់រំ សុខាភិបាល ឬទីតាំងបម្រើប្រយោជន៍សាធារណៈដទៃៗទៀតផងដែរ។ អ្នកដែលល្មើសនឹងការកំណត់របស់អជ្ញាធរមូលដ្ឋាន អាចនឹងរងការផាកពិន័យដល់ទៅ ១០ម៉ឺនវ៉ុន (ប្រមាណជាង ៨៨ដុល្លារ) ឯណោះ។

ក្រោមគោលការណ៍ច្បាប់ថ្មីនេះហើយ ដែលអជ្ញាធរក្រុងសេអ៊ូលសម្រេចដាក់ស្នើសុំមតិសាធារណៈជុំវិញលទ្ធភាពថាតើក្រុងសេអ៊ូល គួរអនុវត្តគោលការណ៍ច្បាប់ថ្មីហាមឃាត់ការទទួលទានគ្រឿងស្រវឹងនេះដល់កម្រិតណា សម្រាប់អ្នកនៅសេអ៊ូល។ ជាក់ស្តែង សម្រាប់អ្នកនៅសេអ៊ូលគេតែងឃើញមានការពេញនិយមមែនទែនដែលប្រជាជននាំគ្នាទៅកំសាន្តនៅតាមសួនច្បារដងទន្លេហាន និងសួនច្បារសាធារណៈដទៃនានាទៀត ហើយក្នុងនោះក៏មានការជួបជុំហូបម្ហូបអាហារ និងពិសារគ្រឿងស្រវឹងផងដែរនៅតាមទីតាំងសាធារណៈទាំងនោះផងដែរ។ ចំនួនអ្នកមកជួបជុំនៅតាមសួនច្បារនេះ ឃើញថាមានការកើនឡើងកាន់តែច្រើនថ្មីៗនេះអំឡុងពេលកូវីដ ដោយសារតែមានការហាមឃាត់ជួបជុំតាមភោជនីយដ្ឋានជាដើមនោះ នាំឱ្យមនុស្សសម្រុកមកតាមទីតាំងសាធារណៈជំនួសវិញ។

ក្នុងនោះដែរ កាលពីអំឡុងខែមុន នៅពេលដែលសាលាក្រុងសេអ៊ូលបានប្រកាសពីគ្រោងការក្នុងការចេញបទបញ្ជាហាមឃាត់មិន​ឱ្យមានការទទួលទានគ្រឿងស្រវឹងនៅតាមសួនច្បារតាមដងទន្លេ បាននាំឱ្យមានការតវ៉ា និងមតិរិះគន់យ៉ាងច្រើនផងដែរពីសំណាក់ប្រជាជន ដែលនាំឱ្យលោកអភិបាលក្រុងសេអ៊ូលចេញមកបកស្រាយផ្ទាល់ថា ផែនការនេះស្ថិតនៅក្នុងដំណក់ការចរចាដំបូងនៅឡើយនោះទេ ហើយមិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយនោះទេ។ ហេតុផលនេះហើយ ដែលនាំឱ្យអជ្ញាធរក្រុងសេអ៊ូលលើកនេះសម្រេចដាក់ឱ្យសាធារណជនអាចផ្តល់មតិបានចំពោះវិធានការក្រោមគោលការណ៍ច្បាប់ថ្មីលើកនេះ។

សម្រាប់អ្នកដែលនៅសេអ៊ូល អាចចូលទៅផ្តល់ជាមតិយោបល់លើបញ្ហានេះបានតាមរយៈគេហទំព័រអនឡាញ ដែលសាលាក្រុងសេអ៊ូលបានរៀបចំ (https://democracy.seoul.go.kr/front/discussion/detail.do?sn=190538) ដែលអជ្ញាធរបើកចំហរចំពោះមតិយោបល់នានាពីថ្ងៃទី២៣ មិថុនានេះ ដល់ថ្ងៃទី២២ ខែសីហា ២០២១ខាងមុខ។

បើតាមការបញ្ជាក់ពីគោលជំហរនៃការលើកឡើងនូវវិធានការនេះគឺ សាលាក្រុងសេអ៊ូលបញ្ជាក់ថាក្នុងបរិការណ៍កូវីដនេះ ហាក់មានមនុស្សកាន់តែច្រើនមកជួបជុំគ្នាតាមសួនច្បារ ផឹកស៊ី ដែលអាចជាហានិភ័យបង្កឱ្យមានការឆ្លងរាលដាលកូវីដផងដែរ។ ក្នុងនោះដែរ ការទទួលទានគ្រឿងស្រវឹងដោយសេរីនៅតាមទីសាធារណៈក៏ជាកត្តាបង្កឱ្យមានជាបញ្ហាផ្សេងៗដូចជាការឈ្លោះទាស់ទែងគ្នា និងបង្កជាសម្លេងរំខាន​​ ព្រមទាំងបង្កើនគំនរសំរាមតាមទីតាំងសាធារណៈជាដើម។ ក្នុងនោះដែរ កាលពីខែមេសា ២០២១កន្លងទៅនេះ ក៏មានករណីនិស្សិតវ័យក្មេងកូរ៉េមួយរូប ត្រូវគេរកឃើញបាត់ ប ង់ជី វិតដោយលង់ទឹក ដែលគេសន្និដ្ឋានថាទំនងជាបណ្តាលមកពីការស្រវឹងនៅនឹងសួនច្បារតាមដងទន្លេហាននេះឯង។ ករណីនេះក៏បានជំរុញឱ្យមានការជជែកដេញដោលផងដែរ ថាគួរហាមឃាត់ ឬបន្តឱ្យមានការទទួលទានគ្រឿងស្រវឹងនៅទីសាធារណៈបន្តទៀត។

អជ្ញាធរក្រុងសេអ៊ូលក៏បានបញ្ជាក់ផងដែរ អំពីការអនុវត្តវិធានការប្រហាក់ប្រហែលគ្នានេះ ហាមឃាត់ការទទួលទានគ្រឿងស្រវឹងនៅតាមទីសាធារណៈនៅតាមបណ្តាប្រទេសមួយចំនួនដូចជាប្រទេសអាម៉េរិក កាណាដា សឹង្ហបុរីជាដើម។

កន្លងមកអជ្ញាធរមូលដ្ឋានមួយចំនួននៅសេអ៊ូល និងតាមតំបន់ផ្សេងទៀត ក៏បានដាក់ចេញបទបញ្ជាហាមឃាត់មិនឱ្យមានការទទួលទានគ្រឿងស្រវឹងតាមទីតាំងសាធារណៈមួយចំនួនផងដែរ ប៉ុន្តែអជ្ញាធរមិនអាចហាមឃាត់ និងធ្វើការផាកពិន័យបាន ដោយសារតែគ្មានគោលការណ៍ច្បាប់ណាមួយចែងច្បាស់លាស់។

យ៉ាងណាមិញ ចំពោះការដាក់ចេញនូវការសាកសួរដល់មតិសាធារណជននេះ បានបង្កើតជាប្រធានបទពិភាក្សាក្តៅគគុកផងដែរ ដែលក្នុងនោះមានទាំងអ្នកបង្ហាញជំហរគាំទ្រ និងជំហរប្រឆាំងដោយលើកហេតុផលផ្សេងៗរៀងៗខ្លួន។

 

Leave a Reply

Your email address will not be published. Required fields are marked *