ទិញវ៉ាក់សាំងកូវីដបានលើសហើយ កូរ៉េខាងត្បូងនៅតែបន្តជះលុយរាប់ពានលាន ជំរុញផលិតវ៉ាក់សាំងកូវីដក្នុងស្រុកបន្ថែមទៀត ដោយសារហេតុផលមួយនេះ

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបន្តផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់កម្មវិធីផលិតវ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុក ដើម្បីជំរុញឱ្យមានបេក្ខភាពណាមួយក្នុងស្រុកអាចឈានជើងចូលដល់ដំណាក់កាលធ្វើតេស្តចុងក្រោយលើផលិតផលវ៉ាក់សាំងកូវីដរបស់ខ្លួន ត្រឹមចុងឆ្នាំ២០២១នេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល បេក្ខភាពវ៉ាក់សាំងកូវីដដែលត្រូវបានកំពុងផលិតក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់នោះ គឺសុទ្ធតែប្រើប្រាស់នូវបច្ចេកវិទ្យា messenger RNA (mRNA) ដែលដូចទៅនឹងបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់វ៉ាក់សាំងឈានមុខគេដូចជាវ៉ាក់សាំង Pfizer និង Moderna ជាដើម។

ដល់ត្រឹមពេលនេះ កូរ៉េខាងត្បូងមានបេក្ខភាពវ៉ាក់សាំងកូវីដផលិតក្នុងស្រុកដល់ទៅ ៥ ដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការធ្វើតេស្តនៅឡើយ។ បេក្ខភាពវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន SK Bioscience Co. បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលតេស្តទី១ និងទី២ ខណៈបេក្ខភាពវ៉ាក់សាំងរបស់ EuBiologics Co. ក៏កំពុងស្ថិតក្នុងដំណាក់កាលតេស្តទី១ និងទី២ផងដែរ។ បេក្ខភាពវ៉ាក់សាំង២នេះ បង្កើតឡើងដោយប្រើវិធីសាស្រ្ត synthetic antigen-based។

ចំណែកឯបេក្ខភាពវ៉ាក់សាំងរបស់ Genexine Inc. ក៏កំពុងស្ថិតក្នុងដំណាក់កាលតេស្តទី១ និងទី២a ផងដែរ រីឯវ៉ាក់សាំង Geneone Life Science កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តទី១ប៉ុណ្ណោះ។ វ៉ាក់សាំងទាំងពីរប្រភេទនេះបង្កើតឡើងដោយប្រើវិធីសាស្រ្ត DNA-based។ រីឯវ៉ាក់សាំងមួយទៀតរបស់ក្រុមហ៊ុន Cellid កំពុងស្ថិតក្នុងដំណាក់ធ្វើតេស្តទី១ និងទី២a ដែរ ដោយបង្កើតឡើងប្រើវិធីសាស្រ្ត Viral Vector។

ក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ការឧបត្ថម្ភដល់ជាង ៦៨.៧ ប៊ីលានវ៉ុន សម្រាប់ជួយគាំទ្រដល់ដំណើរការផលិតវ៉ាក់សាំងកូវីដក្នុងស្រុកផ្ទាល់នេះ និងដើម្បីឱ្យដំណើរការធ្វើតេស្តវ៉ាក់សាំងកូវីដអាចសម្រេចបានទៅកាន់តែលឿន ដែលទឹកប្រាក់នេះមានទំហំធំជាងទឹកប្រាក់ឧបត្ថម្ភកាលពីឆ្នាំ២០២០កន្លងមកទៅទៀត ដែលកាលនោះមានត្រឹមតែ ៤៩ប៊ីលានវ៉ុនជាងប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់អជ្ញាធរសុខាភិបាលបានឱ្យដឹងថា ក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុកបច្ចុប្បន្ននៅដើរក្រោយដៃគូប្រកួតប្រជែងធំៗនៅក្នុងពិភពលោក ចំពោះការប្រើប្រាស់បច្ចេកវិទ្យា messenger RNA (mRNA) ក្នុងការផលិតវ៉ាក់សាំងនេះ គិតជារយៈពេលដល់ទៅ៣ឆ្នាំឯណោះ។ ក្នុងចំណោមវ៉ាក់សាំងកូវីដដែលកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពិភពលោកបច្ចុប្បន្ន គេសង្កេតឃើញថាវ៉ាក់សាំងកូវីដប្រើប្រាស់នូវបច្ចេកវិទ្យា messenger RNA (mRNA) ដូចជារបស់ Pfizer និង Moderna ជាដើម ហាក់មានប្រសិទ្ធភាពខ្ពស់ជាងគេ ប្រៀបទៅនឹងវ៉ាក់សាំងកូវីដប្រើបច្ចេកវិទ្យាផលិតដទៃទៀត។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កូរ៉េខាងត្បូងបញ្ជាទិញរួចរាល់វ៉ាក់សាំងកូវីដដល់ទៅ ៩៩លានដូសហើយ ដែលក្នុងនោះច្រើនជាងប្រជាជនខ្លួនដល់ទៅ២ដងឯណោះ តែយ៉ាងណារដ្ឋាភិបាលនៅតែផ្តល់អាទិភាពបន្ថែមដល់ក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុក ដើម្បីបន្តផលិតវ៉ាក់សាំងបន្ថែម ក្នុងការត្រៀមសម្រាប់ឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសាកលនេះ ដែលគេជឿថានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេនោះឡើយ។

គិតមកដល់ព្រឹកថ្ងៃសុក្រនេះ គេចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់មួយដូសក្នុងប្រទេសកូរ៉េខាងត្បូងបានដល់ទៅ ១៥.២លាននាក់ហើយ ប្រមាណ៣០% នៃប្រជាជនសរុប ដែលក្នុងនោះមានជាង ៤.៤លាននាក់ នៃប្រជាជនសរុបបានចាក់វ៉ាក់សាំងកូវីដទាំងពីរដូសរួចរាល់។

 

Leave a Reply

Your email address will not be published. Required fields are marked *