អបអរសាទរ! ស្ថានទូតខ្មែរនៅកូរ៉េ ចេញសារលិខិតពិសេសអបអរសាទរ កីឡាការិនីឆ្នើម ស្រួង ភាវី ដែលទទួលបានជ័យលាភីឯកតំណាងជាតិកម្ពុជាលើឆាកអន្តរជាតិ

កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានចេញនូវសារលិខិតអបអរសាទរមួយជូនចំពោះ កីឡាការិនីឆ្នើម ស្រួង ភាវី ក្នុងឱកាសដែលកីឡាការិនីដ៏ឆ្នើមរបស់ខ្មែរយើងរូបនេះ ទទួលបានជ័យលាភីជើងឯកក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ Blue One Resort LPBA Championship (ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េ) ថ្មីៗនេះ។

ក្នុងសារលិខិតនោះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្ដែងនូវអំណរសាទរចំពោះសមិទ្ធផលជោគជ័យរបស់កីឡាការិនីឆ្នើមរូបនេះ ហើយលោកទូតក៏បានរំលេចផងដែរថាសមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ក្នុងអាជីពកីឡាស្នូកឃ័រជម្រើសជាតិកម្ពុជារបស់ កីឡាការិនីរូបនេះ ពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្តែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្រ្តីនៅក្នុងវិស័យកីឡា។

លោកទូតក៏បានផ្តល់ការកោតសរសើរផងដែរថា ជោគជ័យគួរជាទីមោទនៈរបស់ កីឡាការិនីឆ្នើមជម្រើសជាតិកម្ពុជារូបនេះ ក៏នឹងក្លាយជាគម្រូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាងថ្លៃថ្លារបស់កម្ពុជានៅលើឆាកអន្ដរជាតិនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា កីឡាការិនី​ឃ្នូកឃ័រ​​កម្ពុជា ស្រួង ភាវី បាន​គ្រង​ជើង​ឯក​ Blue​ One​ Resort​ LPBA Championship លំដាប់​ពិភព​លោកលើក​ដំបូង បន្ទាប់​ពី​ឈ្នះ​ដៃ​គូ​ជា​កីឡាការិនី​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល ៣-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីថ្ងៃចន្ទទី២១ មិថុនា ២០២១ថ្មីៗនេះ។ បើតាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្រួង ភាវី ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​ប្រាប់​ថា នេះ​ជា​លើក​ដំបូង​របស់​គាត់​ដែល​បាន​ឈ្នះ​​ជើង​ឯក​ក្នុង​ ​ការ​ប្រកួត​ស្នូកឃ័រ​(ការ៉ុម)​ដណ្ដើម​ពាន​រង្វាន់​ Blue One Resort LPBA Championship (ផ្នែកនារី)​ នៅ​សាធារណរដ្ឋកូ​រ៉េ​ បន្ទាប់ពី​វាយ​បក​យក​ឈ្នះ​កីឡា​កា​រិនីម្ចាស់​ផ្ទះ​ Kim Gayoung ដោយ​លទ្ធផល​ ៣-១​សិត​ នៅក្នុង​វគ្គផ្ដាច់ព្រ័ត្រ​ កាល​ពី​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ២០២១។ ការ​ប្រកួត​នេះ​ មាន​កីឡាការិនី​ចូល​រួមសរុប​៦៤នាក់​សុទ្ធ​សឹង​ជាជើងខ្លាំង​កម្រិត​ពិភពលោក។

ព្រឹត្តិការណ៍​ប្រកួត​នេះ​បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​​​៨ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៤​ រហូត​ដល់​ថ្ងៃ​ទី​២១​ ខែ​មិថុនា ឆ្នាំ២០២១។ នេះ​ជា​លើក​ដំបូង​ហើយ​​ដែល​នារី​ខ្មែរ​រៀប​ការ​ជា​មួយ​បុរស​កូរ៉េ និង​បាន​ទៅ​រស់​នៅ​ទី​នោះ​​បាន​ខ្លួន​ក្លាយ​ជា​កីឡាករ​ឃ្នូករ​កំពូល​លំដាប់​ពិភព​លោក​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​នេះ​​ បន្ទាប់​ពី​​គាត់​​បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុម​ហ៊ុន​ Blue One Resort រយៈពេល ១ឆ្នាំ។ សម្រាប់​​ការ​ឈ្នះ​ជើង​ឯក​នេះ​ កីឡា​ការិនី​ ស្រួង​ ភាវី​ បាន​​ទទួល​​ប្រាក់​រង្វាន់​ចំនួន​២០​លាន​វ៉ុន​ (ប្រហែល​ជា​១៧៥៧៩​ដុល្លារ​​អាមេរិក)។ ជា​ពិសេស​អ្នក​គាំទ្រ​ទូទាំង​ប្រទេស​កូរ៉េ​បាន​អបអរ​សាទរ​ស្ទើរ​ទូទាំង​ប្រទេស​ដល់​កីឡាការិនី​កម្ពុជា​ និង​ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត៕

Leave a Reply

Your email address will not be published. Required fields are marked *