កូរ៉េខាងត្បូង៖ ស្របពេលដែលកូវីដបម្លែងខ្លួនថ្មីប្រភេទឌែលតា (Delta) ត្រូវបានគេរកឃើញនៅដល់ទៅ៨០ប្រទេសជុំវិញពិភពលោកទៅហើយនោះ នៅកូរ៉េខាងត្បូងវិញ គេកំពុងបារម្ភថាកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះអាចនឹងក្លាយជាមេរោគឆ្លងខ្លាំងនៅក្នុងកូរ៉េនាពេលដ៏ខ្លីខាងមុខ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
កូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) ដែលមានប្រភពមកពីប្រទេសឥណ្ឌានេះ ត្រូវបានគេស្គាល់ថាមានសមត្ថភាពចម្លងពីអ្នកជំងឺម្នាក់ ទៅមនុស្សដទៃទៀតខ្លាំងជាងដល់ទៅ៣ដង ប្រៀបទៅនឹងកូវីដប្រភេទដើមធម្មតា និងឆ្លងខ្លាំងជាងដល់ទៅ ៥០% ប្រៀបទៅនឹងកូវីដប្រភេទបម្លែងខ្លួនអាល់ហ្វា (Alpha) ដែលកន្លងមកគេរកឃើញនៅក្នុងប្រទេសអង់គ្លេសទៅទៀត។
ជាក់ស្តែងកាលពីថ្មីៗនេះ កូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះបានក្លាយជាប្រភេទកូវីដដែលវាយលុកខ្លាំងជាងគេក្នុងប្រទេសអង់គ្លេសទៅហើយ ដោយកាលពីសប្តាហ៍កន្លងទៅនេះ កូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះមានដល់ទៅ ៩៩% នៃចំនួនករណីវិជ្ជមានកូវីដទាំងអស់ដែលគេរកឃើញនៅក្នុងប្រទេសអង់គ្លេសទៅហើយ។ ក្នុងអំឡុងពេលដូចគ្នានោះ នៅទីក្រុងមូស្គូឯណោះវិញ ករណីឆ្លងកូវីដថ្មីមានប្រភេទកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះដែរដល់ទៅ ៩០% ផងដែរ។
ចំណែកឯនៅប្រទេសកូរ៉េខាងត្បូង បើទោះមិនកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) មិនទាន់វាយលុកខ្លាំងក៏ដោយ តែវាមានវត្តមាននៅក្នុងទឹកដីកូរ៉េរួចទៅហើយ។ ជាក់ស្តែង គិតដល់ពេលនេះ កូវីដបម្លែងខ្លួននៅកូរ៉េមាន ២២២៥ករណីហើយ ដែលក្នុងនោះមាន ១៨៨៦ ករណីជាកូវីដបម្លែងខ្លួនថ្មីប្រភេទអាល់ហ្វា (Alpha) ប្រភពពីអង់គ្លេស និងក្នុងនោះមាន ១៩០ករណីហើយដែលជាកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។ បើតាមអជ្ញាធរសុខាភិបាលកូរ៉េដដែលបានឱ្យដឹងថា កន្លងមកក្នុងខែមេសា គេរកឃើញមានកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះត្រឹម៩ករណីប៉ុណ្ណោះនាំចូលមកពីក្រៅ តែត្រឹមរយៈពេលជាង២ខែនេះ តួលេខឆ្លងថ្មីជាកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) កើនដល់ ១៩០ករណីហើយ គឺជាអត្រាកើនឡើងគួរឱ្យបារម្ភមែនទែន។
ក្នុងនោះដែរ ក្រៅពីមេរោគថ្មីនេះមានសមត្ថភាពចម្លងបានខ្លាំងជាងប្រភេទកូវីដដើមហើយនោះ គេក៏រកឃើញថាវ៉ាក់សាំងកូវីដដែលកំពុងដំណើរការចាក់បច្ចុប្បន្នភាគច្រើន គឺធ្លាក់ប្រសិទ្ធភាពក្នុងការការពារទល់នឹងកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះ។ បើតាមអជ្ញាធរសុខាភិបាលកូរ៉េ បញ្ជាក់ថា វ៉ាក់សាំងកូវីដ Pfizer ២ដូស បង្ហាញប្រសិទ្ធភាពប្រឆាំងកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) បានត្រឹម ៨៧.៩% ខណៈវ៉ាក់សាំង AstraZeneca វិញបង្ហាញប្រសិទ្ធភាពប្រឆាំងមេរោគថ្មីនេះត្រឹម ៥៩.៨%ប៉ុណ្ណោះ។ តួលេខទាំងពីរនេះបង្ហាញថាវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពទាបជាងប្រឆាំងនឹងកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) បើប្រៀបទៅនឹងកូវីដប្រភេទដើម ដែលវ៉ាក់សាំង Pfizer ការពារបានដល់ទៅ ៩១.៣% ខណៈវ៉ាក់សាំង AstraZeneca ការពារបានដល់ទៅ ៨១.៥% ឯណោះ។
បើគិតពីការសម្រាលវិធានការគម្លាតសង្គមថ្មី អនុវត្តពីខែកក្កដាក្រោយនេះទៅ ក៏ជាបញ្ហាក្តៅ និងប្រឈមខ្ពស់ផងដែរ បើតាមការលើកឡើងរបស់អ្នកជំនាញសុខាភិបាលចំពោះហានិភ័យនៃការឆ្លងកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) កាន់តែលឿន និងច្រើន ដោយសារតែឱកាសនៃការឆ្លងមានកាន់តែបើកទូលាយ ខណៈដែលការរិតត្បិត និងវិធានការគម្លាតសង្គមត្រូវសម្រាលកាន់តែច្រើននោះ។
តាមកត្តានេះហើយ អ្នកជំនាញសុខាភិបាលបានព្រមានថាកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះ មិនយូរមិនឆាប់នោះទេ អាចនឹងក្លាយជាមេរោគកូវីដដែលនឹងអាចឆ្លងខ្លាំងជាងគេនៅកូរ៉េខាងត្បូងឆាប់ៗខាងមុខនេះ លុះត្រាតែមានវិធានការទប់ស្កាត់មេរោគណាដែលមានប្រសិទ្ធភាព ត្រូវបានដាក់ចេញឱ្យអនុវត្តបន្ថែមប្រឆាំងនឹងមេរោគបម្លែងខ្លួនថ្មីនេះ។
យ៉ាងណាមិញ អជ្ញាធរសុខាភិបាលកូរ៉េក៏បានបញ្ជាក់ថា ចំពោះវត្តមាន និងហានិភ័យនៃកូវីដបម្លែងខ្លួនថ្មីឌែលតា (Delta) នេះ គឺខ្លួនបន្តតាមដានការវិវត្តយ៉ាងយកចិត្តទុកដាក់ជានិច្ច ហើយប្រសិនបើមានតម្រូវការណាមួយនោះ វិធានការគម្លាតសង្គម និងវិធានការសុខាភិបាលដទៃទៀតនឹងត្រូវដាក់ចេញអនុវត្តបន្ថែមនាពេលខាងមុខផងដែរ។