កូរ៉េខាងត្បូង៖ តំណាងផ្នែកពលករកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះ បានស្នើសុំឱ្យមានការតម្លើងប្រាក់ឈ្នួលការងារម៉ោងអប្បបរមា ដល់ ២៣.៥៩% បន្ថែមទៀត គឺតម្លើងឱ្យបានដល់ ១០,៨០០ វ៉ុន (ប្រមាណ៩.៥៣ដុល្លារ) ក្នុងមួយម៉ោង សម្រាប់គោលការណ៍អនុវត្តពីឆ្នាំក្រោយនេះទៅ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
គណៈកម្មការប្រាក់ឈ្នួលអប្បបរមាកូរ៉េខាងត្បូង ដែលមានសមាសភាពចូលរួមពីត្រីភាគី មាន៩រូបពីតំណាងនៃអជ្ញាធរផ្នែកពលករ, ក្រុមអ្នកគ្រប់គ្រងឬថៅកែ និងសាធារណជនទូទៅ ជាទូទៅត្រូវរៀបចំកិច្ចប្រជុំពិភាក្សាក្នុងអំឡុងពេលនេះ រៀងរាល់ឆ្នាំដើម្បីចរចាលើប្រាក់បៀវត្សឈ្នួលអប្បបរមានៅកូរ៉េខាងត្បូង សម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ហើយឆ្នាំនេះក៏ដូចគ្នាដែរ គឺក្រុមគណៈកម្មការនេះកំពុងរៀបចំកិច្ចប្រជុំទទួលធាតុចូលដើម្បីចរចាលើកម្រិតប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំក្រោយនេះផងដែរ។
បើតាមតំណាងរបស់ក្រុមពលករដែលស្ថិតនៅក្នុងក្រុមចរចានេះដែរ បានលើកឡើងថា ស្ថានការណ៍នៃជំងឺកូវីដ-១៩ បាននឹងកំពុងធ្វើឱ្យមានបញ្ហាចោទសេដ្ឋកិច្ចយ៉ាងខ្លាំង និងជាពិសេសបង្កើននូវកម្រិតអសមភាពសេដ្ឋកិច្ច និងស្ថានភាពសេដ្ឋកិច្ចដែលខុសគ្នាឆ្ងាយកាន់តែខ្លាំងក្នុងសង្គមរវាងអ្នកងាយរងគ្រោះ និងអ្នកធូរធារ។ អ្នកតំណាងដដែលបានបន្តថា ដើម្បីជាយន្តការក្នុងការដោះស្រាយបញ្ហានេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំក្រោយគួរមានការតម្លើងឱ្យបានច្រើន ដែលនាំឱ្យអ្នកធ្វើការ រួមទាំងពលករផងអាចមានចំណូលបានកាន់តែច្រើន និងអាចចំណាយចាក់លុយចូលសេដ្ឋកិច្ចវិញបានច្រើនផងដែរ ជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ។
ចំណែកឯក្រុមតំណាងឱ្យអ្នកគ្រប់គ្រង ឬថៅកែវិញ មិនទាន់បានបញ្ជាក់ពីគោលជំហររបស់ខ្លួននៅឡើយទេ តែគេរំពឹងថាក្រុមតំណាងថៅកែនឹងទទួលយកសំណើរបានត្រឹមកម្រិតប្រាក់ឈ្នួលអប្បបរមាត្រឹមកម្រិតប៉ុនឆ្នាំនេះដដែល គឺត្រឹម ៨,៧២០វ៉ុន ក្នុងមួយម៉ោង ដែលជាអត្រាកំណើតតិចតួចមែនទែនត្រឹមតែ ១.៥% ប៉ុណ្ណោះប្រសិនបើត្រូវទទួលបានការអនុម័តជាផ្លូវការ។
យ៉ាងណាមិញសម្រាប់តំណាងពលករដែលស្ថិតក្នុងគណៈកម្មការចរចាវិញ ស្នើឱ្យមានការតម្លើងប្រាក់ឈ្នួលការងារជាម៉ោងអប្បបរមា ដល់ ២៣.៥៩% បន្ថែមទៀត គឺតម្លើងឱ្យបានដល់ ១០,៨០០ វ៉ុន (ប្រមាណ៩.៥៣ដុល្លារ) ក្នុងមួយម៉ោង ដែលមានន័យថាសម្រាប់ឆ្នាំក្រោយ បើប្រាក់ឈ្នួលម៉ោងអប្បបរមានេះចូលជាធរមាន នឹងនាំប្រាក់ឈ្នួលប្រចាំខែអប្បបរមាកើនដល់ ២.២៦លានវ៉ុន។
កិច្ចប្រជុំពិភាក្សារបស់គណៈកម្មការចរចាប្រាក់ឈ្នួលអប្បបរមានេះ ក៏បានត្រូវគេរំពឹងថានឹងពិភាក្សាលើកត្តា និងវិធីសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមាឱ្យខុសគ្នាទៅតាមវិស័យផងដែរ ដែលអាចនឹងជាលើកដំបូងដែលមានប្រាក់ឈ្នួលអប្បបរមាខុសគ្នាទៅតាមវិស័យ គិតចាប់តាំងពីកូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានេះពីឆ្នាំ១៩៨៨មក។
សម្រាប់ការពិភាក្សានេះ ក្រុមតំណាងថៅកែគឺស្នើឱ្យមានការបញ្ចុះកម្រិតប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យឧស្សាហកម្ម ដែលកន្លងមកមានការលំបាកក្នុងការបង់ប្រាក់ឈ្នួលឱ្យទៅបុគ្គលិកខ្លួន ដូចជាវិស័យសណ្ឋាគារ និងវិស័យភោជនីយដ្ឋានជាដើម តែផ្ទុយមកវិញក្រុមតំណាងពលករបានបញ្ជាក់មិនទទួលយកដោយសារការស្នើសុំបញ្ចុះប្រាក់ឈ្នួលអប្បបរមានេះ គឺហាក់ផ្ទុយទៅនឹងគោលគំនិតនៃគណៈកម្មការចរចាប្រាក់ឈ្នួលអប្បបរមានេះទៅវិញ ដែលគោលដៅចម្បងគឺចរចាដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមានេះឯង។
សូមបញ្ជាក់ថា កាលបរិច្ឆេទកំណត់ផ្លូវការសម្រាប់ការប្រកាសពីប្រាក់ឈ្នួលការងារម៉ោងអប្បបរមាថ្មីដល់សាធារណជនគឺនៅថ្ងៃទី ៥ សីហា ខាងមុខនេះ។