ពីខែកក្កដាទៅ ក្រុមហ៊ុនតូចៗនៅកូរ៉េ ត្រូវអនុវត្តគោលការណ៍ថ្មី បន្ថយម៉ោងការងារនៅត្រឹម ៥២ម៉ោង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដើម្បីតែហេតុផលសំខាន់មួយនេះ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងដាក់ចេញនូវកម្មវិធីគាំទ្រដល់បណ្តាក្រុមហ៊ុន កន្លែងធ្វើការខ្នាតតូចក្នុងប្រទេសកូរ៉េ ដើម្បីត្រូវសម្របថ្មីទៅនឹងគោលការណ៍កំណត់ម៉ោងការងារនៅត្រឹម ៥២ម៉ោង ក្នុងមួយសប្តាហ៍វិញ ចាប់ពីខែកក្កដាក្រោយនេះទៅ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកូរ៉េ ចាប់ពីថ្ងៃទី១ កក្កដា ២០២១នេះទៅ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមពង្រីកគោលការណ៍កំណត់ម៉ោងការងារនៅត្រឹម ៥២ម៉ោង ក្នុងមួយសប្តាហ៍វិញ ឱ្យអនុវត្តក្នុងចំណោមក្រុមហ៊ុនតូចៗដែលមានបុគ្គលិកពី​៥នាក់ ដល់ ៤៩នាក់ ដោយត្រូវចាប់ផ្តើមអនុវត្តភ្លាមៗ មិនមានរយៈពេលសាកល្បងបន្ថែមទៀតនោះទេ។

កាលពីមុនដែលគោលនយោបាយកំណត់ម៉ោងការងារត្រឹម ៥២ម៉ោង ក្នុងមួយសប្តាហ៍នេះត្រូវបានដាក់ចេញ កូរ៉េខាងត្បូងជាមធ្យមធ្វើការ ៦៨ម៉ោង ក្នុងមួយសប្តាហ៍ឯណោះ។ ម៉ោងការងារថ្មី ៥២ម៉ោង ក្នុងមួយសប្តាហ៍នេះ គឺកំណត់ ៤០ម៉ោងជាម៉ោងការងារទូទៅ (៨ម៉ោង ក្នុងរយៈពេល ៥ថ្ងៃ) បូកជាមួយនឹង ១២ម៉ោង ជាម៉ោងធ្វើការបន្ថែម។

ការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយម៉ោងការងារត្រឹម ៥២ម៉ោង ក្នុងមួយសប្តាហ៍នេះ គឺត្រូវបានរដ្ឋាភិបាលដាក់ចេញតាំងពីខែកក្កដា ឆ្នាំ២០១៨កន្លងមក តែអនុវត្តដំបូងសម្រាប់តែក្រុមហ៊ុនធំៗសិន ដោយទុកពេលសម្រាប់ក្រុមហ៊ុន ឬកន្លែងធ្វើការតូចៗ អាចពន្យារពេលអនុវត្តសិនរហូតដល់ឆ្នាំ២០២០។ ការបង្រួមម៉ោងធ្វើការមកនៅត្រឹម ៥២ម៉ោង អតិបរមានេះ គឺដើម្បីជាវិធានការសម្រួលឱ្យប្រជាជនកូរ៉េ ក៏ដូចជាជនបរទេសនានាធ្វើការនៅក្នុងប្រទេសកូរ៉េ អាចធានាបានតុល្យភាពរវាងការងារ និងជីវិតឯកជន និងកាត់បន្ថយការជិះជាន់លើកម្លាំងពលកម្មធ្វើការលើសម៉ោងកំណត់ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ក្នុងនោះដែរ រដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េខាងត្បូង ក៏គ្រោងនឹងដាក់ចេញផែនការសម្រាប់សម្រួលការបែងចែកពលករបរទេស ទៅកាន់បណ្តាក្រុមហ៊ុនតូចៗដែលមានតម្រូវការបុគ្គលិក ជាពិសេសគឺក្រុមហ៊ុននៅតាមខេត្តតូចៗផងដែរ។ ជាមួយនឹងគ្រោងការថ្មីនេះ អជ្ញាធរក៏គ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ជាង ១.២លានវ៉ុន (ប្រមាណជាង ១០៥០ ដុល្លារ) សម្រាប់អាចដល់រយៈពេល ២ឆ្នាំ ដល់បណ្តាក្រុមហ៊ុនតូចៗ ប្រសិនបើអាចរក្សាឱ្យបុគ្គលិក ឬពលករបរទេសធ្វើការនៅជាមួយខ្លួនបានជាប់លាប់នោះ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងកន្លងមកត្រូវបានគេចាក់ទុកជាប្រទេសដែលមានម៉ោងការងារច្រើនជាងគេបង្អស់ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ដែលតាមការចុះផ្សាយរបស់អង្គការ OECD កាលពីឆ្នាំ២០១៧ កូរ៉េខាងត្បូងមានអត្រាម៉ោងការងារជាមធ្យមលើសម៉ោងការងារនៅអាម៉េរិកដល់ទៅជាង ៣០០ម៉ោង ក្នុងមួយឆ្នាំ ហើយកត្តានេះផងដែរ ត្រូវបានអ្នកជំនាញមើលឃើញថាក៏ជាកត្តាបង្កឱ្យកូរ៉េខាងត្បូងមានអត្រាកំណើតក្នុងចំណោមកម្រិតទាបជាងគេក្នុងពិភពលោកផងដែរ។

គួរឱ្យកត់សម្គាល់ដែរនោះ ការធ្វើការរយៈពេលត្រឹម ៥ថ្ងៃក្នុងមួយសប្តាហ៍ ទើបត្រូវបានដាក់ឱ្យអនុវត្តនៅកូរ៉េខាងត្បូងពីឆ្នាំ២០០៤ មកប៉ុណ្ណោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *