អ្នកជំនាញ៖ គោលនយោបាយគ្រប់គ្រងពលករបរទេសនៅកូរ៉េខាងត្បូង ចំណុចធំៗទាំងនេះ គួរកែសម្រួល ដើម្បីអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលករ

កូរ៉េខាងត្បូង៖ ពលករបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជួបបញ្ហាលំបាកជាច្រើន ដែលបញ្ហាទាំងនេះគឺកាន់តែកើនឡើង និងមានលក្ខណៈស្មុគស្មាញជាបន្តបន្ទាប់ ខណៈដែលវិធានការគាំពារ និងគាំទ្រដល់ពលករបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង ពីសំណាក់រដ្ឋាភិបាលកូរ៉េ ហាក់មិនទាន់បានឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់ស្តែងរបស់ពលករបរទេសគ្រប់ៗរូប​ នេះបើតាមការបញ្ជាក់ និងលើកឡើងរបស់អ្នកជំនាញផ្នែកពលករនៅកូរ៉េ។

ចុះផ្សាយក្នុងអត្ថបទវិភាគពិសេសដោយសារព័ត៌មាន Korea Times បានបញ្ជាក់ថា កន្លងមកជាច្រើនករណីមកហើយ គេតែងសង្កេតឃើញការគាំពារ និងគាំទ្រសម្រាប់ពលករបរទេសពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង គឺផ្តល់ឱ្យដោយកំណត់ទៅតាម​ប្រភេទលិខិតឆ្លងដែនរបស់ក្រុមពលករបរទេស ជាជាងផ្តល់ឱ្យដោយឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងដែលពលករបរទេសនីមួយៗជាប់ប្រទះជាក់ស្តែង ដែលការអនុវត្តបែបនេះហើយ ទើបកន្លងមកតែងមានក្រុមពលករបរទេសជា​ច្រើន មិនមានឱកាសទទួលបានការគាំពារដោយការខ្វះចន្លោះដោយអន្លើជាបន្តបន្ទាប់។

បើតាមការលើកឡើងរបស់ប្រធានអង្គការអន្តរជាតិសម្រាប់ការចំណាកស្រុក (International Organization for Migration) ប្រចាំនៅសេអ៊ូល លោក Steven Hamilton បានបញ្ជាក់ថាដោយសារតែអ្នកចំណាកស្រុក ឬពលករបរទេសនីមួយៗសុទ្ធតែមានតម្រូវការផ្សេងៗគ្នា ដូចនេះប្រព័ន្ធគាំពារ និងគាំទ្រពលករចំណាកស្រុកគួរត្រូវរៀបចំឱ្យក្លាយទៅជាគោលនយោបាយដែលផ្តោតលើអត្ថប្រយោជន៍សង្គមសេដ្ឋកិច្ច ទោតាមតម្រូវការជាក់ស្តែងរបស់អ្នកចំណាកស្រុកជារួម។ ជាក់ស្តែង លោកប្រធានអង្គការនេះដដែលបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េមិនគួរប្រើប្រាស់ធនធាន យកទៅផ្តល់ការគាំពារដល់អ្នកដែលមិនមានតម្រូវការជាក់ស្តែងនោះទេ តែផ្ទុយមកវិញការប្រើប្រាស់ធនធានដែលមាន គួរឱ្យមានប្រសិទ្ធភាព ដើម្បីអាចចែកចាយឱ្យទៅអ្នកដែលត្រូវការពិតប្រាកដ ដោយមិនចាំបាច់គិតពីលក្ខខណ្ឌផ្លូវច្បាប់ (រស់នៅស្របច្បាប់ ឬខុសច្បាប់) ឬសញ្ជាតិរបស់អ្នកចំណាកស្រុកដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េនោះទេ។

ក្នុងនោះដែរ បញ្ហាមួយផ្សេងទៀតដែលអ្នកជំនាញផ្នែកពលករចំណាកស្រុកលើកឡើងដែរនោះគឺ វិធានការគាំពារដល់ជនបរទេសមួយចំនួន ដែលត្រូវរៀបចំធ្វើឡើងដាច់ដោយឡែកពីជនជាតិកូរ៉េម្ចាស់ស្រុកផ្ទាល់នោះ ក៏ត្រូវបានគេមើលឃើញថាជាសញ្ញាណនៃការរើសអើងផងដែរ។ ដូចនេះ រដ្ឋាភិបាលកូរ៉េគួរកែសម្រួលវិធានការគាំពារសង្គមសម្រាប់ជនបរទេស ឱ្យបញ្ចូលគ្នាជាមួយនឹងវិធានការទូទៅសម្រាប់ប្រជាជនកូរ៉េខាងត្បូងផងដែរ ដែលនេះអាចជាវីធីសាស្រ្តដើម្បីឱ្យសង្គមកូរ៉េខាងត្បូងអាចបើកទទួលយកជនបរទេស និងកាត់បន្ថយសញ្ញាណរើសអើងក្នុងសង្គមកូរ៉េផងដែរ។

យ៉ាងណាមិញ បើទោះជាការផ្លាស់ប្តូរនេះទាមទាររយៈពេលយូរអង្វែងទៅមុខទៀតក៏ដោយ តែយ៉ាងអ្នកជំនាញលើកឡើងថា រដ្ឋាភិបាលកូរ៉េគួរពិនិត្យមើលលើចំណុចមួយចំនួនដែលអាចកែសម្រួលបានភ្លាមៗ ដោយមិនចាំបាច់ត្រូវការរយៈពេលយូរ ដូចជា៖ បញ្ហានៃការស្នើសុំប្តូរការងារសម្រាប់ពលករបរទេស ដោយមិនចាំបាច់មានការអនុញ្ញាតពីម្ចាស់កន្លែងធ្វើការ និងបញ្ហាគាំពារផ្លូវច្បាប់ស្មើភាពសម្រាប់កូនរបស់ពលករបរទេសខុសច្បាប់ជាដើម ដែលជាទូទៅត្រូវតម្រូវឱ្យចាកចេញពីប្រទេសកូរ៉េខាងត្បូង ក្រោយពីចប់ការសិក្សាកម្រិតវិទ្យាល័យនៅកូរ៉េ។

សម្រាប់បញ្ហាស្នើសុំប្តូរការងារសម្រាប់ពលករបរទេស ដោយមិនចាំបាច់មានការអនុញ្ញាតពីម្ចាស់កន្លែងធ្វើការ អ្នកជំនាញផ្នែកពលករចំណាកស្រុកបាននិយាយថា បើទោះបីជាពលករបរទេសក្រោមប្រព័ន្ធ EPS មិនមែនជាអ្នកដែលមានសិទ្ធស្នាក់នៅអចិន្ត្រៃយ៍ដូចប្រជាជនកូរ៉េក៏ដោយ តែរដ្ឋាភិបាលកូរ៉េ ត្រូវមានកាតព្វកិច្ចធានាឱ្យបានថាពលករបរទេសមានសិទ្ធជាមូលដ្ឋានក្នុងអំឡុងពេលដែលស្នាក់នៅ និងធ្វើការក្នុងប្រទេសកូរ៉េ ដូចនេះអជ្ញាធរផ្នែកការងារពលករ ត្រូវពិនិត្យមើលប្រព័ន្ធនៃការគ្រប់គ្រងពលករឡើងវិញ និងធ្វើការកែសម្រួលដើម្បីឱ្យមានការឆ្លើយតបបានល្អទៅនឹងតម្រូវការរបស់ពលករបរទេស ជាពិសេសលើការស្នើសុំផ្លាស់ប្តូរការងារ ដោយមិនចាំបាច់មានការអនុញ្ញាតពីថៅកែនេះតែម្តង ដោយសារកន្លងមកហេតុផលនេះហើយ ដែលនាំឱ្យមានការកេងប្រវ័ណ្ឌ និងសង្កត់សង្កិនពីថៅកែកូរ៉េ មកលើពលករបរទេស។

ចំណែកឯបញ្ហាពាក់ព័ន្ធគាំពារផ្លូវច្បាប់ស្មើភាពសម្រាប់កូនដែលកើតនៅកូរ៉េ ហើយមិនត្រូវបានចុះបញ្ជីទទួលស្គាល់នេះវិញ អ្នកជំនាញបានលើកឡើងថា បើទោះបីជាម្តាយឬឪពុករបស់កូននោះមានបញ្ហាអ្វី សាងកំហុសអ្វីដែលត្រូវឱ្យលុបឈ្មោះ ឬត្រូវចាកចេញពីប្រទេសកូរ៉េក៏ដោយ ក៏កូនតូចៗមិនគួរនូវការដាក់ទោសទណ្ឌនោះបន្តគ្នានោះទេ ហើយផ្ទុយមកវិញ កូនតូចរបស់អ្នកចំណាកស្រុកនេះ គួរត្រូវបានផ្តល់ការគាំពារ និងសិទ្ធស្របច្បាប់ដើម្បីអាចរស់នៅ និងចូលក្នុងសង្គមកូរ៉េបានដូចកូនរបស់ប្រជាជនកូរ៉េទូទៅដែរ ដែលអាចជាប្រយោជន៍សម្រាប់សង្គមកូរ៉េទៅពេលអនាគតផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *