កូរ៉េខាងត្បូង៖ ករណីអគ្គីភ័យដ៏ធំសម្បើមដែលលេបត្របាក់ស្ទើរទាំងស្រុង ឃ្លាំងទំនិញរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) កំពុងក្លាយជាបញ្ហាក្តៅ និងឈឺក្បាលវិញហើយសម្រាប់បណ្តាក្រុមហ៊ុនធានារ៉ាប់រងធំៗក្នុងប្រទេសកូរ៉េខាងត្បូង ដែលធានារ៉ាប់រងលើអាគារដែលខូចខាចស្ទើរទាំងស្រុងនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
ករណីអគ្គីភ័យដែលឆាបឆេះនៅនឹងឃ្លាំងក្រុមហ៊ុនឃូប៉ាងនេះ បានកើតឡើងកាលពីថ្ងៃទី១៧ មិថុនា កន្លងមកហើយបានឆាបឆេះមិនស្បើយរលត់រហូតដល់ថ្ងៃទី ១៩ មិថុនា ឯណោះ គឺរយៈពេល២ថ្ងៃកន្លះជាងទំរាំអគ្គីភ័យនេះត្រូវបានពន្លត់ និងគ្រប់គ្រងបាន។ ឃ្លាំងដែលត្រូវឆាបឆេះនេះគឺស្ថិតនៅតំបន់អ៊ីឆន់ ខេត្តឃ្យ៉ុងគី ហើយបើតាមការប៉ាន់ស្មាន គេរំពឹងថាក្រុមហ៊ុនឃូប៉ាង (Coupang) នឹងធ្វើការទាមទារប្រាក់សំណងធានារ៉ាប់រងខូចខាតនេះដល់ទៅទំហំ ជាង៤០០ប៊ីលានវ៉ុន (ប្រមាណ ៣៥៣.១៦លានដុល្លារ)ឯណោះ។
ក្នុងចំណោមទំហំទឹកប្រាក់ធានារ៉ាប់រងកញ្ចប់ដ៏ធំសម្បើម នេះនឹងមានការចូលរួមសងការខូចខាតពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រងធំៗដល់ទៅ ៤ក្រុមហ៊ុន គឺក្រុមហ៊ុន DB Insurance, ក្រុមហ៊ុន KB Insurance, ក្រុមហ៊ុន Lotte Non Life Insurance, និងក្រុមហ៊ុន Heungkuk Fire & Marine Insurance ដែលក្នុងនោះគឺក្រុមហ៊ុនធានារ៉ាប់រង DB Insurance មានចំណែកសងធំជាងគេដល់ទៅជាង ៦០% នៃទំហំសំណងធានារ៉ាប់រងសរុប ខណៈក្រុមហ៊ុន KB និងក្រុមហ៊ុន Lotte មានចំណែកសង ២៣% និង ១៥% រៀងគ្នាផងដែរ។
អ្នកជំនាញក្នុងវិស័យធានារ៉ាប់រងបានមើលឃើញថា ការទទួលសងសំណងខូចខាតក្នុងទឹកប្រាក់ដ៏ធំសម្បើមនេះ នឹងក្លាយជាបញ្ហាជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់វិស័យធានារ៉ាប់រងជារួម ក៏ដូចជានឹងប៉ះពាល់ដល់ភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងវិស័យធានារ៉ាប់រងនេះផងដែរ។
តែយា៉ងណាមិញ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងទាំង៤នេះ អាចនឹងមានការសម្រាលបន្ទុកបានមួយចំនួនធំផងដែរ ដោយសារតែក្រុមហ៊ុនទាំងអស់នេះ មានចុះកុងត្រាធានារ៉ាប់រងបន្ត (Reinsurance) ពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រងបន្តធំមួយទៀត គឺក្រុមហ៊ុន Korea Re. ផងដែរ ដែលក្រុមហ៊ុន Korea Re. នេះជាក្រុមហ៊ុនធានារ៉ាប់រងធំដែលទទួលបន្ទុកធានារ៉ាប់រងពីលើបន្ទុករបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅមួយតង់ទៀត។ ដោយសារក្រុមហ៊ុនធានារ៉ាប់រងធំៗទាំង ៤ ដែលមានបន្ទុកសងដល់ក្រុមហ៊ុនឃូប៉ាងនេះ មានកុងត្រាទទួលធានារ៉ាប់រងបន្តជាមួយក្រុមហ៊ុន Korea Re. នោះមានន័យថា ក្រុមហ៊ុនធានារ៉ាប់រងដូចជា DB Insurance នឹងត្រូវសងតែក្នុងទំហំតូចមួយប៉ុណ្ណោះ គឺប្រមាណ ៧ប៊ីលានវ៉ុនជាងប៉ុណ្ណោះ។
យ៉ាងណាមិញ តំណាងក្រុមហ៊ុនធានារ៉ាប់រងបន្ត Korea Re. នេះក៏មិនទាន់បញ្ជាក់ពីតួលេខផ្លូវការដែលគេវិភាគទៅលើការខូចខាតនៃគ្រោះអគ្គីភ័យនេះនៅឡើយទេ ហើយយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលយូរទៀត។ ក្នុងនោះប្រសិនបើមានករណីតវ៉ាគ្នាតាមផ្លូវច្បាប់ណាផ្សេងទៀត អាចនឹងនាំឱ្យនីតិវិធីនៃការផ្តល់សំណងធានារ៉ាបរងនេះបន្តរយៈពេលយូរថែមទៀតផងដែរ។
សូមបញ្ជាក់ថា តាមការចុះផ្សាយក្រុមហ៊ុនធានារ៉ាប់រង Korea Re. មានប្រាក់ចំណេញថយចុះដល់ទៅជាង ២៥% ក្នុងឆ្នាំ២០២០ ដោយសារតែក្នុងឆ្នាំកន្លងមកថ្មីៗនេះ បន្តមានករណីអគ្គីភ័យជាបន្តបន្ទាប់នៅតាមរោងចក្រផលិតធាតុគីមីនានាក្នុងប្រទេសកូរ៉េខាងត្បូង។ ករណីអគ្គីភ័យដ៏ធំនៅរោងចក្រឃូប៉ាងនេះទៀត នឹងនាំឱ្យក្រុមហ៊ុនធានារ៉ាប់រងធំៗទាំងនេះមានបញ្ហាត្រូវឈឺក្បាលកាន់តែច្រើនផងដែរ។