ឆ្នាំ២០២០នេះ នៅកូរ៉េខាងត្បូង ស្រ្តីជាម្តាយភាគច្រើន ត្រូវបង្ខំចិត្តឈប់ពីការងារសិន មកមើលថែកូន និងគ្រួសារវិញ ដោយសារហេតុផលធំៗ ២យ៉ាងនេះ

កូរ៉េខាងត្បូង៖ នៅប្រទេសកូរ៉េខាងត្បូង ចំនួនគ្រួសារដែលមានទាំងប្តី និងប្រពន្ធធ្វើការដូចគ្នាបានថយចុះច្រើនជាងគេខ្លាំង ក្នុងរយៈពេលមួយឆ្នាំនៃឆ្នាំ២០២០កន្លងទៅនេះ បើប្រៀបទៅនឹងតួលេខកាលពីឆ្នាំមុនៗមក ដែលអាចជាផលប៉ះពាល់ពីបញ្ហាកូវីដ នេះបើតាមទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គិតត្រឹមខែតុលា ឆ្នាំ២០២០កន្លងទៅ ចំនួនគ្រួសារកូរ៉េខាងត្បូង ដែលរកចំណូលទាំងប្តី និងប្រពន្ធធ្លាក់ចុះមកនៅត្រឹម ៥.៥៩លានគ្រួសារប៉ុណ្ណោះ គឺធ្លាក់ចុះដល់ទៅ ៦៩,០០០ គ្រួសារ ពីតួលេខកាលពីឆ្នាំ២០១៩ នេះបើតាមទិន្នន័យចេញផ្សាយដោយអជ្ញាធរស្ថិតិកូរ៉េខាងត្បូង។ ចំនួនតួលេខ ៥.៥៩លានគ្រួសារដែលរកចំណូលទាំងប្តី និងប្រពន្ធនេះ មានត្រឹមតែ ៤៥.៦% នៃចំនួនគ្រួសាររៀបការហើយទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។

តួលេខនេះបង្ហាញថា ទំនោរនៃក្រុមគ្រួសារដែលមានទាំងប្តី និងប្រពន្ធធ្វើការដូចគ្នានៅកូរ៉េខាងត្បូង ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៧មក ដែលកាលនោះមានតួលេខថយចុះដល់ ៨៩,០០០ គ្រួសារផងដែរ។ បើតាមការបញ្ជាក់របស់អជ្ញាធរ ការថយចុះនេះគឺមានន័យថាភាគច្រើនស្រ្តីជាភរិយាត្រូវលាឈប់ពីការងារ ភាគច្រើនស្រ្តីដែលមានកូនតូចអាយុក្រោម ១៨ឆ្នាំ ដោយងាកមកផ្តោតលើការថែទាំគ្រួសារនៅនឹងផ្ទះខ្លួនឯងវិញ ដែលសម្រាប់ឆ្នាំ២០២០នេះ អាចដោយសារតែបញ្ហានៃទីផ្សារការងារបណ្តាលមកពីជំងឺកូវីដ-១៩ផងដែរ។

បើតាមតួលេខពាក់ព័ន្ធនឹងទីផ្សារការងារកាលពីឆ្នាំកន្លងទៅ គេដឹងថាមានការងារដល់ជាង ២១៨,០០០ កន្លែងត្រូវបានកាត់ចោល ជាពិសេសក្នុងវិស័យសេវាកម្ម ដោយសារតែបម្រាមនៃវិធានការគម្លាតសង្គម និងវិធានការរិតត្បិតនានាការពារពីជំងឺកូវីដនេះឯង។ ហេតុដូចនេះហើយ បញ្ហានេះជាកត្តាមួយដែលជះឥទ្វិពលអវិជ្ជមានផងដែរ ដល់ស្រ្តីដែលមានគ្រួសារ ដែលភាគច្រើនត្រូវឈប់ពីការងាររបស់ខ្លួន ហើយងាកមកមើលថែកូនចៅ គ្រួសារនៅឯផ្ទះវិញ ហើយជាពិសេសទៀតនោះ គឺពួកគេក៏ពិបាកក្នុងការស្វែងរកលទ្ធភាពជួលអ្នកមើលថែទាំងក្មេងមកមើលកូនជំនួសផងដែរ ដោយសារតែបន្ទុកចំណាយក្នុងស្ថានការណ៍កូវីដនេះ។

ផ្ទុយមកវិញដែរ ចំនួនតួលេខនៃគ្រួសារដែលមានសមាជិកតែម្នាក់ ដែលសម្តៅដល់អ្នកដែលរស់នៅក្នុងផ្ទះតែម្នាក់ឯងនៅកូរ៉េខាងត្បូងកើនដល់ ៦.២១លាននាក់ហើយ គិតត្រឹមចុងខែតុលា ២០២០ដូចគ្នា ដែលមានដល់៣០.៤% នៃចំនួនគ្រួសារសរុបនៅក្នុងប្រទេស ហើយកើនឡើងជាង ១៧៥,០០០ នាក់ប្រៀបទៅនឹងឆ្នាំ២០១៩។ តួលេខនៃចំនួនគ្រួសារអ្នកដែលនៅតែឯងនេះ ដែលកើនដល់ ៣០.៤% ជាលើកដំបូងហើយក្នុងប្រទេសកូរ៉េខាងត្បូង។

 

 

Leave a Reply

Your email address will not be published. Required fields are marked *