កូរ៉េខាងត្បូង៖ កីឡាការិនីឃ្នូកឃ័រកម្ពុជា ស្រួង ភាវី បានគ្រងជើងឯក Blue One Resort LPBA Championship លំដាប់ពិភពលោកលើកដំបូង បន្ទាប់ពីឈ្នះដៃគូជាកីឡាការិនីម្ចាស់ផ្ទះកូរ៉េខាងត្បូងដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។
តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្រួង ភាវី ដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានប្រាប់ថា នេះជាលើកដំបូងរបស់គាត់ដែលបានឈ្នះជើងឯកក្នុង ការប្រកួតស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប៦៤នាក់សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។
ព្រឹត្តិការណ៍ប្រកួតនេះបានប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយដែលនារីខ្មែររៀបការជាមួយបុរសកូរ៉េ និងបានទៅរស់នៅទីនោះបានខ្លួនក្លាយជាកីឡាករឃ្នូករកំពូលលំដាប់ពិភពលោកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ បន្ទាប់ពីគាត់បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ។
កាលពីព្រឹកមិញនេះ ស្រួង ភាវី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖«ជំរាបសួរ ពុកម៉ែបងប្អូន ខ្ញុំត្រៀមប្រកួតកីឡាស្នុកឃរ័ ប៊ីយ៉ាជើងឯកពិភពលោក ដ៏ធំបំផុតនៅ ប្រទេសកូរ៉េខាងត្បូង ហើយនេះជាព្រឹត្តិការណ៍មួយនេះគឺជាលើកដំបូងបំផុតសំរាប់ខ្ញុំ។ សង្សឹមថាខ្ញុំបានការ គាំទ្រច្រើនពីប្រទេសកម្ពុជា»។
ភាវី បានបញ្ជាក់ថា ៖«ព្រោះថានៅ ប្រទេសកូរ៉េ ពេលនេះ ប្រជាជនកូរ៉េ ពួកគាត់ស្រលាញ់ និងគាំទ្រខ្ញុំ ម៉ាប្រទេសកូរ៉េ តែម្ដងហើយ ទូរស្សន៍ កូរ៉េចុះផ្សាយពេញទឹក ពេញដីតែម្ដង ហើយសូមអរគុណ។ ខ្ញុំនឹងយកពាន ជូនពុកម៉ែបងប្អូន ឱ្យទាល់តែបាន សូមអរគុណ»។
សម្រាប់ការឈ្នះជើងឯកនេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន២០លានវ៉ុន (ប្រហែលជា១៧៥៧៩ដុល្លារអាមេរិក)។ ជាពិសេសអ្នកគាំទ្រទូទាំងប្រទេសឥណ្ឌាបានអបអរសាទរស្ទើរទូទាំងប្រទេសដល់កីឡាការិនីកម្ពុជា និងទង់ជាតិកម្ពុជាត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួត៕
ខ្លឹមសារទាំងស្រុងពី៖ សារព័ត៌មាន កម្ពុជាថ្មី – វីរបុត្រ & ប្រភព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)