ពីខែកក្កដាទៅ កូរេ៉ខាងត្បូងលើកលែងវិធានការគម្លាតសង្គម តែអជ្ញាធរតាមមូលដ្ឋានក្រៅពីប្រជុំជនសេអ៊ូល បែរជាលើកក្តីបារម្ភខ្លាំងពីបញ្ហាមួយនេះវិញ

កូរ៉េខាងត្បូង៖ អជ្ញាធរតាមមូលដ្ឋានតំបន់នានាទូទាំងប្រទេសកូរ៉េខាងត្បូង ក្រៅពីតំបន់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងអ៊ីនឆន់ ហាក់បង្ហាញក្តីបារម្ភចំពោះការកើតផ្ទុះខ្លាំងជាថ្មីនៃជំងឺកូវីដ-១៩ ក្រោយពីរដ្ឋាភិបាលកូរ៉េប្រកាសដកចេញនូវបម្រាមជួបជុំ និងសម្រាលវិធានការគម្លាតសង្គមនានាយ៉ាងច្រើន ដែលនឹងចាប់ផ្តើមអនុវត្តពីដើមខែកក្កដាខាងមុខនេះទៅនោះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្រោមវិធានការគម្លាតសង្គមថ្មីដែលទើបនឹងដាក់ចេញ ហើយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ កក្កដា ខាងមុខទៅនេះ គេចែកវិធានការគម្លាតសង្គមថ្មី ត្រឹមតែ​ ៤កម្រិតប៉ុណ្ណោះ ដែលនឹងជំនួសឱ្យវិធានការគម្លាតសង្គមដែលកំពុងអនុវត្តបច្ចុប្បន្នដែលមានដល់ ៥កម្រិត។ ក្រោមវិធានការថ្មីនោះ ក្រុងសេអ៊ូល អ៊ីនឆន់ និងខេត្តឃ្យ៉ុងគីដូ នឹងត្រូវដាក់ឱ្យក្រោមវិធានការគម្លាតសង្គមកម្រិត២ថ្មី ខណៈតំបន់ផ្សេងទៀតទាំងអស់ទូទាំងប្រទេសនឹងត្រូវស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត១ថ្មី។

បើតាមការកំណត់ វិធានការគម្លាតសង្គមកម្រិត១នេះ នឹងមិនមានកំណត់ចំនួនលើការជួបជុំគ្នាជាលក្ខណៈឯកជននោះទេ តែត្រូវអនុវត្តតាមវិធានការការពារផ្សេងៗ ដែលមានជាបញ្ញាត្តិដូចជាការពាក់ម៉ាស់ រក្សាគម្លាតជាដើមនោះ។ ក្នុងនោះដែរ ទីតាំងពហុបំណង រួមមានដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងហាត់កីឡា អាចបើកដំណើរការបានដោយមិនមានការកំណត់ពេលវេលាអាជីវកម្ម តែរាល់អតិថិជននៅក្នុងទីតាំងទាំងនោះ ត្រូវស្ថិតចំងាយ ១ម៉ែត្រពីគ្នាជាដាច់ខាត។ ចំណែកឯវិធានការគម្លាតសង្គមកម្រិត២ថ្មី ដែលនឹងអនុវត្តសម្រាប់តែក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងអ៊ីនឆន់ នឹងមានការកំណត់លើការជួបជុំឯកជនមិនឱ្យមានគ្នាលើសពី ៩នាក់នោះទេ។ ក្នុងនោះដែរ ទីតាំងអាជីវកម្មនានាដែលក់ខាងក្នុងអាគារបិទជិត ត្រូវអនុញ្ញាតឱ្យដំណើរការដល់ម៉ោង ១២យប់កណ្តាលអាធ្រាត្រ ហើយក្រោយពីពេលអាធ្រាត្រទៅ មានតែការវេចខ្ចប់ចេញប៉ុណ្ណោះដែលត្រូវអនុញ្ញាត។ ទីតាំងកម្សាន្តរាត្រី ដូចជាក្លឹប បារជាដើម ត្រូវអនុញ្ញាតឱ្យដំណើរការដល់កណ្តាលអាធ្រាត្រផងដែរ។

ក្រោយពីគោលការណ៍ថ្មីនេះត្រូវបានប្រកាសចេញ បណ្តាអជ្ញាធរនៅតាមមូលដ្ឋានដែលក្រៅពីតំបន់ប្រជុំជនសេអ៊ូល ដែលស្ថិតក្រោមកម្រិត១នៃវិធានការគម្លាតសង្គម បានបង្ហាញក្តីបារម្ភអំពីឥទ្ធិពលអវិជ្ជមាននៃគោលនយោបាយបែបនេះ ដែលនឹងនាំឱ្យប្រជាជននៅសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ នាំគ្នាសម្រុកចេញពីទីកន្លែងរបស់ខ្លួនទៅកាន់ទីតាំងផ្សេងៗទៀត ដើម្បីជៀសវាងអំពីការជាប់រិតត្បិតដោយវិធានការគម្លាតសង្គម។

សាលាក្រុងប៊ូសាន បង្ហាញក្តីបារម្ភដោយសារតែទីក្រុងប៊ូសានដែលរំពឹងថានឹងមានមនុស្សមកលេងកាន់តែច្រើន ក្នុងរដូវកាលនេះ ហើយស្របពេលដែលការរិតត្បិតលើវិធានការគម្លាតសង្គមត្រូវដកចេញទៀតនោះ អាចនឹងធ្វើឱ្យខ្លួនមានការលំបាកក្នុងការទប់ស្កាត់ហានិភ័យដែលអាចកើតឡើងពីការចម្លងកូវីដ-១៩ ជាពិសេសនោះគឺបារម្ភថានឹងមិនមានវិធានការណាដែលសមស្របដើម្បីការពារហានិភ័យនៃកូវីដនេះបាន។ បើតាមការរាយការណ៍ សាលាក្រុងប៊ូសាន គ្រោងនឹងដាក់ចេញនូវវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីទប់ស្កាត់ការបើកចំហរនៃសកម្មភាពមនុស្សដោយសេរីក្រោមវិធានការគម្លាតសង្គមថ្មីនេះ។ ក្នុងនោះវិធានការរដ្ឋបាលដែលអាចនឹងដាក់ចេញ មានដូចជាការតម្រូវឱ្យបុគ្គលិកធ្វើការតាមក្លឹបកម្សាន្ត និងបាររាត្រីនានា ទៅធ្វើតេស្តកូវីដជាប្រចាំម្តង ក្នុងរយៈពេល ២សប្តាហ៍ ហើយក៏អាចនឹងកម្រិតចំនួនមនុស្សដែលមកលេងនឹងឆ្នេរនៅប៊ូសានផងដែរ ដើម្បីអាចកាត់បន្ថយហានិភ័យពីកូវីដបាន។

ចំណែកឯកោះជេជូឯណោះវិញ ដែលជាគោលដៅទីមួយសម្រាប់ការដើរកំសាន្តនោះ ក៏មានក្តីបារ​ម្ភដូចគ្នានេះផងដែរ។ អជ្ញាធរនៃកោះជេជូបានដាក់ចេញនូវផែនការតម្រូវឱ្យតាមឆ្នេរសមុទ្រកំសាន្តរបស់ខ្លួនបើកដំណើរការត្រឹមម៉ោង ១០ព្រឹក ដល់ម៉ោង៧ល្ងាចប៉ុណ្ណោះ ហើយនឹងបិទនៅពេលយប់ផងដែរ។ ក្នុងនោះដែរ គោលការណ៍មិនពាក់ម៉ាស់នៅទីសាធារណៈសម្រាប់អ្នកចាក់វ៉ាក់សាំងរួចនោះ នឹងមិនត្រូវដាក់ឱ្យអនុវត្តបានទេនៅកោះជេជូ។

រីឯនៅខេត្តជាប់សមុទ្រមួយទៀត គឺខេត្តហ្គាងវ៉ុន ក៏បានបញ្ជាក់ពីក្តីបារម្ភនៃហានិភ័យកូវីដនេះផងដែរ ដែលក្នុងនោះនឹងមានការរឹតត្បិតលើការជួបជុំគ្នាច្រើន និងផឹកស៊ីនៅតាមទីតាំងឆ្នេរល្បីៗនៅពេលយប់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *