ចែករំលែក! រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសវិធានការគម្លាតសង្គមថ្មី អនុវត្តពីខែកក្កដាទៅ មានត្រឹម ៤ កម្រិតធំៗនេះ ភាគច្រើនទូទាំងប្រទេសគឺនៅកម្រិតស្រាលជាងគេ

កូរ៉េខាងត្បូង៖ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃទី​២០ មិថុនា ម្សិលមិញនេះ​ បានប្រកាសនូវគោលការណ៍គម្លាតសង្គមថ្មីសម្រាប់អនុវត្តក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១ កក្កដា ២០២១ខាងមុខ ដែលក្នុងនោះវិធានការគម្លាតសង្គមថ្មី ដែលមានត្រឹមតែ​ ៤កម្រិតនេះ នឹងជំនួសនូវវិធានការគម្លាតសង្គមដែលកំពុងអនុវត្តបច្ចុប្បន្នដែលមានដល់ ៥កម្រិត។

ចុះផ្សាយក្នុងសារព័ត៌មាន Xinhua Net ជាភាសាអង់គ្លេស គោលការណ៍គម្លាតសង្គមដាក់ចេញថ្មីដោយរដ្ឋាភិបាលកូរ៉េខាងត្បូងនេះ គឺដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងប្រកបដោយភាពបត់បែនបន្ថែមទៅនឹងស្ថានការណ៍កូវីដដែលបន្តវិវត្តនៅក្នុងប្រទេស ធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងការអនុវត្តវិធានការប្រឆាំងនឹងមេរោគ ក៏ដូចជាជីវិតរស់នៅរបស់​ប្រជាជនក្នុងប្រទេស ជាពិសេសគឺនៅតាមតំបន់ផ្សេងៗគ្នាដែលមានស្ថានភាពកូវីដផ្សេងៗគ្នាដែរនោះ។

វិធានការគម្លាតសង្គមថ្មីនេះ មាន៤កម្រិតប៉ុណ្ណោះ។ ក្រោមវិធានការគម្លាតសង្គមកម្រិត១ នឹងត្រូវដាក់ឱ្យអនុវត្តនៅពេលដែលកម្រិតតួលេខនៃករណីឆ្លងវិជ្ជមានកូវីដថ្មីប្រចាំថ្ងៃទូទាំងប្រទេសកូរ៉េខាងត្បូង ស្ថិតក្រោម ៥០០ករណី ហើយក្រោម ២៥០ករណី សម្រាប់ប្រជុំជនក្រុងសេអ៊ូល អ៊ីនឆន់ និងខេត្តឃ្យ៉ុងគីដូ។ ក្រោមវិធានការគម្លាតសង្គមកម្រិត១នេះ នឹងមិនមានកំណត់ចំនួនលើការជួបជុំគ្នាជាលក្ខណៈឯកជននោះទេ តែត្រូវអនុវត្តតាមវិធានការការពារផ្សេងៗ ដែលមានជាបញ្ញាត្តិដូចជាការពាក់ម៉ាស់ រក្សាគម្លាតជាដើមនោះ។ ក្នុងនោះដែរ ទីតាំងពហុបំណង រួមមានដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងហាត់កីឡា អាចបើកដំណើរការបានដោយមិនមានការកំណត់ពេលវេលាអាជីវកម្ម តែរាល់អតិថិជននៅក្នុងទីតាំងទាំងនោះ ត្រូវស្ថិតចំងាយ ១ម៉ែត្រពីគ្នាជាដាច់ខាត។

សម្រាប់វិធានការគម្លាតសង្គមកម្រិត២វិញ គឺនឹងត្រូវដាក់ឱ្យអនុវត្តនៅពេលដែលចំនួនតួលេខឆ្លងកូវីដប្រចាំថ្ងៃទូទាំងប្រទេសកើនឡើងលើស ៥០០ករណី ហើយលើស ២៥០ករណីសម្រាប់ប្រជុំជនក្រុងសេអ៊ូល អ៊ីនឆន់ និងខេត្តឃ្យ៉ុងគីដូ។ ក្នុងកម្រិតនេះ នឹងមានការកំណត់លើការជួបជុំឯកជនមិនឱ្យមានគ្នាលើសពី ៩នាក់នោះទេ។ ក្នុងនោះដែរ ទីតាំងអាជីវកម្មនានាដែលក់ខាងក្នុងអាគារបិទជិត ត្រូវអនុញ្ញាតឱ្យដំណើរការដល់ម៉ោង ១២យប់កណ្តាលអាធ្រាត្រ ហើយក្រោយពីពេលអាធ្រាត្រទៅ មានតែការវេចខ្ចប់ចេញប៉ុណ្ណោះដែលត្រូវអនុញ្ញាត។ ទីតាំងកម្សាន្តរាត្រី ដូចជាក្លឹប បារជាដើម ត្រូវអនុញ្ញាតឱ្យដំណើរការដល់កណ្តាលអាធ្រាត្រផងដែរ។

ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ ក្រុងសេអ៊ូល អ៊ីនឆន់ និងខេត្តឃ្យ៉ុងគីដូ នឹងត្រូវដាក់ឱ្យក្រោមវិធានការគម្លាតសង្គមកម្រិត២ថ្មីនេះ ខណៈតំបន់ផ្សេងទៀតទាំងអស់ទូទាំងប្រទេសនឹងត្រូវស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត១ថ្មី។

លោកនាយកររដ្ឋមន្ត្រីកូរ៉េខាងត្បូ គីម បូឃ្យ៉ុម បានថ្លែងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ កក្កដា ២០២១នេះទៅ ប្រទេសកូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យមានការជួបជុំមនុស្សបានរហូតដល់ ៦នាក់វិញ សម្រាប់តំបន់ប្រជុំជនក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់។ តួលេខនេះក៏នឹងបង្កើនបន្ថែមរហូតដល់អាចជួបជុំបាន ៨ នាក់ រយៈពេលពីរសប្តាហ៍បន្ទាប់ទៀត ដែលជារយៈពេលអន្តរកាល សម្រាប់ឈានចូលដល់ការអនុវត្តវិធានការគម្លាតសង្គមថ្មីក្នុងប្រទេសកូរ៉េខាងត្បូង។

ក្នុងនោះដែរ សម្រាប់តំបន់ដទៃទៀតទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូង ក្រៅពីទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ នឹងមិនមានការកំណត់ចំនួនជួបជុំគ្នាលក្ខណៈឯកជនទៀតនោះ អនុវត្តចាប់ពីដើមខែកក្កដាក្រោយនេះទៅ។

សម្រាប់វិធានការគម្លាតសង្គមកម្រិត៣ថ្មីវិញ គឺត្រូវអនុវត្តនៅពេលដែលតួលេខឆ្លងកូវីដថ្មីប្រចាំថ្ងៃកើនដល់លើស ១០០០ ករណីទូទាំងប្រទេសកូរ៉េខាងត្បូង និងលើសពី៥០០សម្រាប់ប្រជុំជនក្រុងសេអ៊ូល អ៊ីនឆន់ និងខេត្តឃ្យ៉ុងគីដូ។ ក្រោមវិធានការនេះ គេនឹងហាមឃាត់មិនឱ្យមានការជួបជុំគ្នាជាឯកជនលើសពី ៥នាក់ឡើងទៅ ខណៈម៉ោងប្រកបអាជីវកម្មនានាទូទៅ ត្រូវកម្រិតត្រឹមម៉ោង ១០យប់ប៉ុណ្ណោះ។

សម្រាប់វិធានការគម្លាតសង្គមកម្រិតធ្ងន់ធ្ងរជាងគេ គឺកម្រិត៤ថ្មី នឹងត្រូវដាក់ឱ្យអនុវត្តនៅពេលដែលតួលេខឆ្លងកូវីដថ្មីប្រចាំថ្ងៃកើនដល់លើស ២០០០ ករណីទូទាំងប្រទេសកូរ៉េខាងត្បូង និងលើសពី១០០០សម្រាប់ប្រជុំជនក្រុងសេអ៊ូល អ៊ីនឆន់ និងខេត្តឃ្យ៉ុងគីដូ។ ក្រោមវិធានការខ្ពស់ជាងគេនេះ គេនឹងហាមឃាត់មិនឱ្យមានការជួបជុំគ្នាជាឯកជនលើសពី ៣នាក់ឡើងទៅ ខណៈម៉ោងប្រកបអាជីវកម្មនានាទូទៅ ត្រូវកម្រិតត្រឹមម៉ោង ១០យប់ប៉ុណ្ណោះ ខណៈទីតាំងកម្សាន្តដូចជាក្លឹប បាររាត្រី ត្រូវផ្អាកមិនឱ្យដំ​ណើរការតែម្តង។

សូមបញ្ជាក់ថា ការដាក់ចេញនូវវិធានការថ្មីនេះ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលគឺឆ្លើយតបទៅនឹងកម្មវិធីចាក់វ៉ាក់សាំងកូវីដដែលកំពុងតែដំណើរការយ៉ាងរលូន និងមានល្បឿនលឿនមែនទែនទូទាំងប្រទេសកូរ៉េបច្ចុប្បន្ននេះ ដែលគិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ មានមនុស្ស១៥លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដដូសទី១ យ៉ាងហោចណាស់រួចរាល់ ដែលលើសពីផែនការកំណត់របស់រដ្ឋាភិបាលដែលគ្រោងចាក់ឱ្យបានត្រឹម១៤លាននាក់ប៉ុណ្ណោះ។ ផែនការបន្ទាប់គឺនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនកូរ៉េខាងត្បូងឱ្យបានដល់ ៣៦លាននាក់ត្រឹមចុងខែកញ្ញាខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *