«ហត់បន្តិចមែន តែសប្បាយ» ! លោកទូត ឡុង ឌីម៉ង់ និងក្រុមការងារចុះដល់ប៊ូសាន ៣ថ្ងៃ ២យប់ សម្រេចការងារការទូត និងសហគមន៍បានដល់ទៅ ៣ ធំៗ

កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ និងក្រុមការងារនៃស្ថានទូតកម្ពុជា​បានចេញដំណើរក្នុងបេសកកម្ម៣ថ្ងៃ ២យប់ ទៅដល់ទឹកដីក្រុងប៊ូសាន ក្នុងការបំពេញនូវការងារសំខាន់ៗមួយចំ​នួនរបស់ស្ថានទូតកាលពីពេលចុងសប្តាហ៍នេះ បើតាមការចែករំលែករបស់លោកទូតផ្ទាល់ កាលពីល្ងាចថ្ងៃអាទិត្យនេះ។

ក្នុងបេសកកម្មទៅដល់ប៊ូសាននោះ លោកទូតបានចូលរួមក្នុងកម្មវិធីសំខាន់ៗចំនួន៣កម្មវិធីរួមមាន ទីមួយការចូលរួមការធ្វើបទ​បង្ហាញជូនដល់តំណាងជនជាតិកូរ៉េអំពីប្រធានបទសំខាន់ស្តីពី «ការស្វែងយល់អំពីតំបន់ភាគខាងត្បូងថ្មី៖ ប្រទេសកម្ពុជា» ដែលបទបង្ហាញដែលលោកទូតផ្តល់កិត្តិយសធ្វើដោយផ្ទាល់នេះ មានការរៀបរាប់អំពីព័ត៌មានសំខាន់ៗនានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា ចំណុននៃកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច វប្បធម៌ និងសង្គមរវាងកម្ពុជា និងកូរ៉េ ដែលកម្មវិធីដ៏សំខាន់នេះគឺដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងទំនាក់ទំនងការទូតដ៏ប្រសើរកម្ពុជា-កូរ៉េ។

បន្ទាប់ពីចប់កម្មវិធីនោះ លោកទូត និងក្រុងមការងាក៏បានចូលរួមក្នុងកិច្ចពិគ្រោះប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធនឹងកិច្ចការគាំពារពលករ ដើម្បីពិភាក្សា និងលើកទឹកចិត្តកុំឱ្យពលកររស់នៅធ្វើការខុសច្បាប់នៅក្នុងប្រទេសកូរ៉េ។ បន្ទាប់មកទៀត លោកទូត​ និងក្រុមការងារក៏បានជួបសំណេះសំណាលស្វែងយល់ពីស្ថានភាពនិស្សិតខ្មែរយើងនៅតំបន់ប៊ូសាន និងការប្រឹក្សាយោបល់ក្នុងការរៀបចំគណៈកម្មការសមាគមនិស្សិតអាណត្តិទី៧ ដែលមានការចូលរួមពីសំណាក់បណ្តានិស្សិតខ្មែរយើងនៅកូរ៉េ ជាពិសេសនៅតំបន់ប៊ូសានផងដែរ។ ក្រោយពីចប់បេសកកម្មផ្លូវការ លោកទូត និងក្រុមការងារក៏បានឆ្លៀតពេលលំហែកម្សាន្តជាលក្ខណៈគ្រួសារនៅនឹងទីតាំងនានានៅក្នុងតំបន់ផងដែរ។ បើទោះជា «ហត់បន្តិចមែន តែសប្បាយ» នេះជាអ្វីដែលលោកទូតបានចែករំលែកផងដែរ។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *