ប្រជាជនកូរ៉េខាងត្បូងខ្ទង់ ២០ និង៣០ឆ្នាំ បច្ចុប្បន្នជាប់បំណុលធនាគារកាន់តែច្រើន ដោយសារមូលហេតុធំមួយនេះ ខណៈអ្នកជំនាញមានការបារម្ភខ្លាំង

កូរ៉េខាងត្បូង៖ ប្រជាជនវ័យក្មេង និងយុវជនកូរ៉េខាងត្បូងអាយុចន្លោះខ្ទង់២០ឆ្នាំ និងខ្ទង់៣០ឆ្នាំ កំពុងរងបន្ទុកបំណុលកាន់តែធ្ងន់ធ្ងរឡើងហើយ បើតាមតួលេខដែលបង្ហាញពីភាគរយនៃចំនួនក្រុមអាយុដែលជំពាក់បំណុលសរុបនោះគឺបង្ហាញថា ក្រុមអាយុចន្លោះខ្ទង់២០ឆ្នាំ និងខ្ទង់៣០ឆ្នាំ នេះមានដល់ទៅ​ជាង៦០%ឯណោះ ជាតួលេខខ្ពស់គួរឱ្យបារម្ភ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថាតួលេខចេញផ្សាយដោយរបាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុកូរ៉េ (Korea Institute of Finance) បង្ហាញថាក្រុមអាយុវ័យក្មេងចន្លោះខ្ទង់២០ឆ្នាំ និងខ្ទង់៣០ឆ្នាំនេះ បានស្នើសុំកម្ចីថ្មីដល់ទៅ ៥៨.៤% គិតត្រឹមឆមាសទី៣នៃឆ្នាំ២០២០ ដែលតួលេខនេះគឺកើនឡើងលើសពីឆ្នាំ២០១៧ ខ្លាំងគួរសមដែលកាលនោះ ក្រុមអាយុចន្លោះខ្ទង់២០ឆ្នាំ និងខ្ទង់៣០ឆ្នាំនេះ ស្នើសុំកម្ចីថ្មីត្រឹមតែ ៤៩.៥% ប៉ុណ្ណោះ។ បើគិតពីទំហំនៃកម្ចីថ្មីវិញ តួលេខបង្ហាញថា ក្រុមអាយុចន្លោះខ្ទង់២០ឆ្នាំ និងខ្ទង់៣០ឆ្នាំនេះ ស្នើសុំកម្ចីដែលមានទំហំសរុបកើនដល់ ៥៥.៣% នៃទំហំកម្ចីទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ឆ្នាំ២០២០ ឆមាសទី៣ ខណៈដែលតួលេខកាលពីឆ្នាំ២០១៧ មានត្រឹមទំហំកម្ចី ៤២.៤% ប៉ុណ្ណោះ។

របាយការណ៍បានបង្ហាញពីទិន្នន័យលម្អិតផងដែរអំពីប្រភេទនៃកម្ចីដែលក្រុមមនុស្សវ័យក្មេងនេះខ្ចី គឺភាគច្រើនចេញពីកម្ចីអចលនទ្រព្យ ដែលមានដល់ទៅ ៦៤%នៃកម្ចីដែលពួកគេបានខ្ចីទាំងអស់ មានទំហំប្រមាណដល់ ៤០៩ទ្រីលានវ៉ុន (ប្រមាណ ៤៦១ប៊ីលានដុល្លារ) គិតត្រឹមឆមាសទី៣ នៃឆ្នាំ២០២០នេះ។ របាយការណ៍បញ្ជាក់ផងដែរ មូលហេតុមួយទៀតដែលនាំឱ្យក្រុមអាយុវ័យក្មេងខ្ទង់ ២០ និង៣០ឆ្នាំនាំគ្នាខ្ចីច្រើន និងជាប់បំណុលច្រើនដូចនេះ គឺដោយសារទំនោរនៃកម្ចីក្នុងគោលបំណងមកវិនិយោគទទួលបានផលវិញ ដែលភាគច្រើនគឺតាមវិស័យអចលនទ្រព្យនេះឯង។ ក្រៅពីនោះទៀត គេក៏ឃើញមានប្រភេទកម្ចីក្រៅធនាគារកើនឡើងផងដែរ សម្រាប់ក្រុមអាយុវ័យក្មេងទាំងនេះក្នុងប្រទេសកូរ៉េខាងត្បូង។

គេក៏ឃើញមានទំនោរមួយទៀត គឺអ្នកដែលខ្ចីពីច្រើនស្ថាប័ន (បានស្នើសុំកម្ចីចាប់ពី៣ស្ថាប័នឡើងទៅ) មានទំហំកម្ចីសរុបដល់ទៅ ១៣០ទ្រីលានវ៉ុន ផងដែរគិតត្រឹមចុងឆ្នាំ២០២០ ដែលកើនឡើងប្រមាណជាង ១៦.១% ប្រៀបទៅនឹងចុងឆ្នាំ២០១៩។ មូលហេតុនៃការកើនឡើងប្រាក់កម្ចីនេះហើយ ដែលនាំឱ្យអត្រាសន្ទស្សន៍បំណុលធៀបទៅនឹងចំណូល (Loan-to-income) របស់ក្រុមអាយុវ័យក្មេងទាំងនេះ កើនឡើងខ្លាំងបើធៀបទៅនឹងក្រុមអាយុដទៃទៀតទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូង។

ជាមួយនឹងទិន្នន័យ និងទំនោរនៃការបង្កើនកម្ចី និងការជាប់បំណុលកាន់តែច្រើនឡើងក្នុងចំណោមប្រជាជនវ័យក្មេង និងយុវជនកូរ៉េខាងត្បូងអាយុចន្លោះខ្ទង់២០ឆ្នាំ និងខ្ទង់៣០ឆ្នាំ នេះ អ្នកជំនាញទីផ្សារជាច្រើនបានព្រមានថានឹងពួកគេនឹងអាចរងផលប៉ះពាល់ខ្លាំង ប្រសិនបើមានបញ្ហាហិរញ្ញវត្ថុណាមួយ ជាពិសេសប្រសិនបើធនាគារសម្រេចបង្កើនអត្រាការប្រាក់កម្ចីនៅពេលខាងមុខណាមួយនោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *