ទម្លាប់សាមញ្ញប្រចាំថ្ងៃទាំង ៧យ៉ាងដែលអាចជួយមនុស្សឱ្យកាន់តែប្រសើរជាងមុន

ការបំបែក​ឧបសគ្គគ្រប់​យ៉ាង​ដែល​ទាញមិន​ឱ្យមនុស្សសម្រេច​ស្នាដៃ​ឬជោគជ័យ​ធំដុំនឹង​តម្រូវ​ឱ្យមាន​ការផ្លាស់​ប្តូរមួយ​ចំនួន​និង​ព្យាយាម​បង្កើត​ទម្លាប់​ល្អៗឱ្យបាន​ច្រើន​យក​មកអនុវត្ត​ជា​ប្រចាំ។ ខាងក្រោម​នេះ​ជាទម្លាប់​ដែល​មនុស្ស​មួយ​ចំនួន​អនុវត្ត​ដើម្បី​ស្វែង​រក​ជោគជ័យ​ទាំង​ក្នុង​ពាណិជ្ជ​កម្មនិង​ក្នុង​ជីវិត​៖

១/ បិទសំឡេងរំខានពីទូរសព្ទ
បើទោះជាមាន​ការងារ​មមាញឹក​យ៉ាងណា​ក៏ដោយ ក៏លោក​អ្នកនៅ​តែ​អាច​មាន​ពេលសម្រាក​ខ្លះដើម្បី​ជម្រុះក្តី​បារម្ភ​និង​គិតឱ្យហួស​ពីការងា​រ​ចំពោះ​មុខ​បាន​ជានិច្ច។ គន្លឹះ​សំខាន់បំផុត​ក្នុង​ការគ្រប់​គ្រង​ពេល​វេលា​នាសម័យ​បច្ចេក​វិទ្យានេះ​គឺត្រូវ​ទុក​ទូរសព្ទ​យ៉ាង​ណា​កុំឱ្យរំខាន។ មនុស្សប្រើប្រាស់​ទូរសព្ទ​ដើម្បីជា​ឧបករណ៍​សម្រួល​ដល់​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បែរ​ជាសព្វថ្ងៃ​នេះ​មនុស្ស​ភាគ​ច្រើន​ទទួល​យក​ការរំខាន​ពីទូរ​សព្ទ​ស្ទើរ​គ្រប់​ពេល​ដោយ​មិន​ដឹង​ខ្លួន​ទៅវិញ។

២/ ហាត់ប្រាណរាល់ព្រឹក
លោកអ្នកនឹងភ្ញាក់​ផ្អើល​ចំពោះ​របៀប​ដែល​លំហាត់​ប្រាណ​ជួយ​ប្រុង​ប្រៀប​ចិត្តនិង​រាង​កាយលោក​អ្នក​សម្រាប់​ការងារ​ពេញមួយ​ថ្ងៃ។ លំហាត់​ប្រាណ​នឹង​ជួយ​លោក​អ្នក​បង្កើត​ភាពស្រស់ស្រាយ​និង​គំនិត​វិជ្ជមាន​ច្រើន​ចំពោះ​ការងារ​និង​ជីវិត។ ទម្លាប់​ហាត់​ប្រាណ​រាល់ព្រឹក​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ជីវិត​ដែល​មាន​សុខភាព​ល្អ។

៣/ លុបបំបាត់ពាក្យប្រសិនបើ
ពាក្យមនុស្សនិយាយ​អាចមាន​អំណាច​ដូចផ្លែដាវដែរ។ ភាសារបស់​មនុស្សទោះ​ជាក្នុង​សម្តី ឬក្នុង​ទម្រង់​សំណេរ​ត្រូវតែ​មាន​លក្ខណៈ​ច្បាស់​លាស់ និងផ្តោត​ឱ្យចំគោល​ដៅ។ មនុស្ស​ខ្លះមាន​ទម្លាប់​ប្រើប្រាស់​ពាក្យ​បញ្ជាក់​លក្ខខណ្ខ​ច្រើន​ជាង​ការ​បង្ហាញ​ឆន្ទៈពិត​ប្រាកដ។ ប៉ុន្តែ​សូម​ចងចាំ​ទុកថា ពាក្យសម្តី​អាច​សម្រួច​ផ្នត់​គំនិត​មនុស្ស​បាន ដូច្នេះបើ​លោក​អ្នក​លុបបំបាត់​ពាក្យប្រសិន​បើ​ចេញ​​ពីការ​និយាយ​ប្រចាំ​ថ្ងៃ ហើយ​ចាប់ផ្តើម​ប្រើប្រាស់​ពាក្យ​ដែល​បញ្ជាក់​ច្បាប់​ទម្លាប់​ច្បាស់​លាស់​ជំនួស​វិញ មនុស្សជុំវិញ​ខ្លួន​នឹង​យល់​បាន​យ៉ាង​ងាយ​ស្រួល។

៤/ និយាយបដិសេធ
មនុស្សម្នាក់ៗសុទ្ធតែ​មានគោល​ដៅ​ធំៗ​កំណត់​ទុក​សម្រាប់ការងារ​និង​ជីវិត។ ក្នុងដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ មាន​ឱកាសល្អៗ​ជាច្រើន​កើត​ឡើង​ជាញឹក​ញាប់។ ទោះ​ជាយ៉ាង​ណា​នៅ​ពេលឱកាសនី​មួយៗ​កើត​ឡើង សូមសួរ​ខ្លួន​ឯង​ថា តើឱកាស​នេះនឹង​មានផល​ប៉ះពាល់​អ្វីដែល​គោល​ដៅ​ធំរបស់​លោក​អ្នកទេ? បើឱកាស​នោះ​មិន​បាន​ជួយអ្វីក្នុង​ការ​សម្រេចគោល​ដៅរបស់​លោក​អ្នកទេ លោក​អ្នកគួរតែ​ច្រាន​ចោល​និង​បន្តដំណើរ​ទៅរក​គោលដៅ​ពិត​ប្រាកដ​វិញ។

៥/ ប្តូរពីការទាក់ទង​តាម​បច្ចេកវិទ្យាមក​ជួបគ្នា​ផ្ទាល់វិញ
សព្វថ្ងៃនេះមនុស្សងាយ​នឹងភ្លេច​ខ្លួនក្នុង​ការឆ្លើយ​ឆ្លង​ឬរង់ចាំ​ការឆ្លើយ​តបសារ​ក្នុង​ពេល​សម្រេច​ចិត្តធ្វើ​អ្វីមួយ។ គេភ្លេច​ថាការ​ជួបប្រជុំ​ទល់​មុខ​គ្នា​មិន​ត្រឹម​តែ​មាន​ប្រសិទ្ធភាពខ្ពស់​ក្នុងការ​សម្រេច​ចិត្តភ្លាមៗ​ប៉ុណ្ណោះទេ ប៉ុន្តែវា​ជារបៀប​នៃ​ទំនាក់​ទំនង​ដែល​មាន​ភាព​ច្បាស់​លាស់​និងជា​ទម្រង់​នៃការ​ឱ្យតម្លៃ​ពិត​ប្រាកដ​ដល់ដៃ​គូ​សន្ទនា​ទៀត​ផង។ ហើយសូម​កុំភ្លេច​ថាទំនាក់​ទំនង​ដោយ​ប្រយោល​ខ្លះ​អាច​នឹង​នាំទៅរក​ការយល់​ច្រឡំ​បាន​យ៉ាង​ងាយ។

៦/ ធ្វើកិច្ចការណាដែលលំបាកខ្លាំងមុនគេ
យើងច្រើនតែ​ពន្យាពេល​ធ្វើកិច្ចការ​ដែលត្រូវ​ធ្វើរហូត​ដល់​ការងារ​នោះ​គរឡើង​កាន់តែច្រើន​និងធ្វើ​ឱ្យលែង​ដឹងថា​ត្រូវចាប់​ផ្តើម​ធ្វើកិច្ចការ​ណា​មុន​និងកិច្ចការ​ណា​បន្ទាប់។ ក្នុងករណី​បែបនេះ លោក​អ្នកត្រូវ​សម្រេច​ចិត្តជ្រើស​រើស​ធ្វើ​កិច្ចការ​ណា​ដែល​លំបាក​ខ្លាំង​មុនគេ។ ការជម្រះ​កិច្ចការ​ដែល​លំបាក​ខ្លាំង​ពីបញ្ជីការ​ងារ​នឹង​បើក​ផ្លូវឱ្យ​លោក​អ្នក​ធ្វើកិច្ចការ​ផ្សេង​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៧/ ជៀសវាងការញៀនបណ្តាញសង្គម
មានផ្លូវច្រើនណាស់​ដើម្បី​ទៅដល់​ជោគជ័យ​ក្នុង​ជីវិត ប៉ុន្តែ​សារៈ​សំខាន់​នៃការ​ប្រឹង​ប្រែង​ធ្វើការ​ប្រចាំ​ថ្ងៃជា​ផ្លូវ​ដែល​សំខាន់​ជាង​គេ​បំផុត។ ទោះជា​មនុស្សរវល់​ខ្លាំង​យ៉ាង​ណា​ក៏គេនៅតែ​មាន​ពេល​អាច​គ្រប់គ្រង​ការងារ​និង​ជីវិត​ឱ្យមាន​តុល្យភាព​បាន​តាមរយៈ​ការចេះ​រៀប​ចំ​អាទិភាព​ដែរ។ គន្លឹះ​រៀបចំ​អាទិភាព​ឱ្យបាន​ល្អ​បំផុត​គឺត្រូវ​ជៀស​វាង​រាល់សកម្មភាព​រំខាន​ទាំង​អស់។ មនុស្ស​ភាគ​ច្រើន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​បានភ្លេច​ខ្លួន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ក្នុង​ការ​បង្ហោះ​រូបភាព ចែក​រំលែក​អ្វីដែល​មិន​សំខាន់ និង​ឆ្លើយឆ្លងសារ​ដែល​មិនចាំ​បាច់​ដោយ​ស្ទើរតែ​មិនដឹង​ខ្លួនផង។ សកម្មភាព​ខ្ជះខ្ជាយ​ពេលវេលា​ទាំង​អស់​នេះ​កើតឡើង​ដោយ​សារការ​មិន​បាន​រៀបចំ​កំណត់​អាទិភាព​ច្បាស់​លាស់។

 

Leave a Reply

Your email address will not be published. Required fields are marked *