ការបំបែកឧបសគ្គគ្រប់យ៉ាងដែលទាញមិនឱ្យមនុស្សសម្រេចស្នាដៃឬជោគជ័យធំដុំនឹងតម្រូវឱ្យមានការផ្លាស់ប្តូរមួយចំនួននិងព្យាយាមបង្កើតទម្លាប់ល្អៗឱ្យបានច្រើនយកមកអនុវត្តជាប្រចាំ។ ខាងក្រោមនេះជាទម្លាប់ដែលមនុស្សមួយចំនួនអនុវត្តដើម្បីស្វែងរកជោគជ័យទាំងក្នុងពាណិជ្ជកម្មនិងក្នុងជីវិត៖
១/ បិទសំឡេងរំខានពីទូរសព្ទ
បើទោះជាមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៏លោកអ្នកនៅតែអាចមានពេលសម្រាកខ្លះដើម្បីជម្រុះក្តីបារម្ភនិងគិតឱ្យហួសពីការងារចំពោះមុខបានជានិច្ច។ គន្លឹះសំខាន់បំផុតក្នុងការគ្រប់គ្រងពេលវេលានាសម័យបច្ចេកវិទ្យានេះគឺត្រូវទុកទូរសព្ទយ៉ាងណាកុំឱ្យរំខាន។ មនុស្សប្រើប្រាស់ទូរសព្ទដើម្បីជាឧបករណ៍សម្រួលដល់ទំនាក់ទំនងប្រចាំថ្ងៃ ប៉ុន្តែបែរជាសព្វថ្ងៃនេះមនុស្សភាគច្រើនទទួលយកការរំខានពីទូរសព្ទស្ទើរគ្រប់ពេលដោយមិនដឹងខ្លួនទៅវិញ។
២/ ហាត់ប្រាណរាល់ព្រឹក
លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះរបៀបដែលលំហាត់ប្រាណជួយប្រុងប្រៀបចិត្តនិងរាងកាយលោកអ្នកសម្រាប់ការងារពេញមួយថ្ងៃ។ លំហាត់ប្រាណនឹងជួយលោកអ្នកបង្កើតភាពស្រស់ស្រាយនិងគំនិតវិជ្ជមានច្រើនចំពោះការងារនិងជីវិត។ ទម្លាប់ហាត់ប្រាណរាល់ព្រឹកមានសារៈសំខាន់ណាស់ចំពោះជីវិតដែលមានសុខភាពល្អ។
៣/ លុបបំបាត់ពាក្យប្រសិនបើ
ពាក្យមនុស្សនិយាយអាចមានអំណាចដូចផ្លែដាវដែរ។ ភាសារបស់មនុស្សទោះជាក្នុងសម្តី ឬក្នុងទម្រង់សំណេរត្រូវតែមានលក្ខណៈច្បាស់លាស់ និងផ្តោតឱ្យចំគោលដៅ។ មនុស្សខ្លះមានទម្លាប់ប្រើប្រាស់ពាក្យបញ្ជាក់លក្ខខណ្ខច្រើនជាងការបង្ហាញឆន្ទៈពិតប្រាកដ។ ប៉ុន្តែសូមចងចាំទុកថា ពាក្យសម្តីអាចសម្រួចផ្នត់គំនិតមនុស្សបាន ដូច្នេះបើលោកអ្នកលុបបំបាត់ពាក្យប្រសិនបើចេញពីការនិយាយប្រចាំថ្ងៃ ហើយចាប់ផ្តើមប្រើប្រាស់ពាក្យដែលបញ្ជាក់ច្បាប់ទម្លាប់ច្បាស់លាស់ជំនួសវិញ មនុស្សជុំវិញខ្លួននឹងយល់បានយ៉ាងងាយស្រួល។
៤/ និយាយបដិសេធ
មនុស្សម្នាក់ៗសុទ្ធតែមានគោលដៅធំៗកំណត់ទុកសម្រាប់ការងារនិងជីវិត។ ក្នុងដំណើរជីវិតប្រចាំថ្ងៃ មានឱកាសល្អៗជាច្រើនកើតឡើងជាញឹកញាប់។ ទោះជាយ៉ាងណានៅពេលឱកាសនីមួយៗកើតឡើង សូមសួរខ្លួនឯងថា តើឱកាសនេះនឹងមានផលប៉ះពាល់អ្វីដែលគោលដៅធំរបស់លោកអ្នកទេ? បើឱកាសនោះមិនបានជួយអ្វីក្នុងការសម្រេចគោលដៅរបស់លោកអ្នកទេ លោកអ្នកគួរតែច្រានចោលនិងបន្តដំណើរទៅរកគោលដៅពិតប្រាកដវិញ។
៥/ ប្តូរពីការទាក់ទងតាមបច្ចេកវិទ្យាមកជួបគ្នាផ្ទាល់វិញ
សព្វថ្ងៃនេះមនុស្សងាយនឹងភ្លេចខ្លួនក្នុងការឆ្លើយឆ្លងឬរង់ចាំការឆ្លើយតបសារក្នុងពេលសម្រេចចិត្តធ្វើអ្វីមួយ។ គេភ្លេចថាការជួបប្រជុំទល់មុខគ្នាមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រេចចិត្តភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាជារបៀបនៃទំនាក់ទំនងដែលមានភាពច្បាស់លាស់និងជាទម្រង់នៃការឱ្យតម្លៃពិតប្រាកដដល់ដៃគូសន្ទនាទៀតផង។ ហើយសូមកុំភ្លេចថាទំនាក់ទំនងដោយប្រយោលខ្លះអាចនឹងនាំទៅរកការយល់ច្រឡំបានយ៉ាងងាយ។
៦/ ធ្វើកិច្ចការណាដែលលំបាកខ្លាំងមុនគេ
យើងច្រើនតែពន្យាពេលធ្វើកិច្ចការដែលត្រូវធ្វើរហូតដល់ការងារនោះគរឡើងកាន់តែច្រើននិងធ្វើឱ្យលែងដឹងថាត្រូវចាប់ផ្តើមធ្វើកិច្ចការណាមុននិងកិច្ចការណាបន្ទាប់។ ក្នុងករណីបែបនេះ លោកអ្នកត្រូវសម្រេចចិត្តជ្រើសរើសធ្វើកិច្ចការណាដែលលំបាកខ្លាំងមុនគេ។ ការជម្រះកិច្ចការដែលលំបាកខ្លាំងពីបញ្ជីការងារនឹងបើកផ្លូវឱ្យលោកអ្នកធ្វើកិច្ចការផ្សេងទៀតបានយ៉ាងមានប្រសិទ្ធភាព។
៧/ ជៀសវាងការញៀនបណ្តាញសង្គម
មានផ្លូវច្រើនណាស់ដើម្បីទៅដល់ជោគជ័យក្នុងជីវិត ប៉ុន្តែសារៈសំខាន់នៃការប្រឹងប្រែងធ្វើការប្រចាំថ្ងៃជាផ្លូវដែលសំខាន់ជាងគេបំផុត។ ទោះជាមនុស្សរវល់ខ្លាំងយ៉ាងណាក៏គេនៅតែមានពេលអាចគ្រប់គ្រងការងារនិងជីវិតឱ្យមានតុល្យភាពបានតាមរយៈការចេះរៀបចំអាទិភាពដែរ។ គន្លឹះរៀបចំអាទិភាពឱ្យបានល្អបំផុតគឺត្រូវជៀសវាងរាល់សកម្មភាពរំខានទាំងអស់។ មនុស្សភាគច្រើនដែលប្រើប្រាស់បណ្តាញសង្គមបានភ្លេចខ្លួនខ្ជះខ្ជាយពេលវេលាក្នុងការបង្ហោះរូបភាព ចែករំលែកអ្វីដែលមិនសំខាន់ និងឆ្លើយឆ្លងសារដែលមិនចាំបាច់ដោយស្ទើរតែមិនដឹងខ្លួនផង។ សកម្មភាពខ្ជះខ្ជាយពេលវេលាទាំងអស់នេះកើតឡើងដោយសារការមិនបានរៀបចំកំណត់អាទិភាពច្បាស់លាស់។