ធូរស្រាលហើយ! ចាប់ពីខែកក្កដា សេអ៊ូល និងខេត្តក្រុងធំៗ ២ នេះ បង្កើនចំនួនមនុស្សឱ្យជួបជុំគ្នាបានច្រើនជាងមុន ខណៈតំបន់ដទៃទៀតលែងរឹតត្បិតតែម្តង

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសនូវវិធានការគម្លាតសង្គមកែប្រែថ្មី ដែលក្នុងនោះអនុញ្ញាតឱ្យមានការជួបជុំ ប្រមូលផ្តុំមនុស្សបានច្រើនជាងមុន និងលើកការរិតត្បិតលើការធ្វើអាជីវកម្មមួយចំនួនបន្ថែមទៀតផងដែរ នេះបើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអាទិត្យនេះ។

លោកនាយកររដ្ឋមន្ត្រីកូរ៉េខាងត្បូ គីម បូឃ្យ៉ុម បានថ្លែងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ កក្កដា ២០២១នេះទៅ ប្រទេសកូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យមានការជួបជុំមនុស្សបានរហូតដល់ ៦នាក់វិញ សម្រាប់តំបន់ប្រជុំជនក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់។ តួលេខនេះក៏នឹងបង្កើនបន្ថែមរហូតដល់អាចជួបជុំបាន ៨ នាក់ រយៈពេលពីរសប្តាហ៍បន្ទាប់ទៀត ដែលជារយៈពេលអន្តរកាល សម្រាប់ឈានចូលដល់ការអនុវត្តវិធានការគម្លាតសង្គមថ្មីក្នុងប្រទេសកូរ៉េខាងត្បូង។

ក្នុងនោះដែរ សម្រាប់តំបន់ដទៃទៀតទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូង ក្រៅពីទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ នឹងមិនមានការកំណត់ចំនួនជួបជុំគ្នាលក្ខណៈឯកជនទៀតនោះ អនុវត្តចាប់ពីដើមខែកក្កដាក្រោយនេះទៅ។

សូមបញ្ជាក់ថា ការដាក់ចេញនូវវិធានការថ្មីនេះ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលគឺឆ្លើយតបទៅនឹងកម្មវិធីចាក់វ៉ាក់សាំងកូវីដដែលកំពុងតែដំណើរការយ៉ាងរលូន និងមានល្បឿនលឿនមែនទែនទូទាំងប្រទេសកូរ៉េបច្ចុប្បន្ននេះ ដែលគិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ មានមនុស្ស១៥លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដដូសទី១ យ៉ាងហោចណាស់រួចរាល់ ដែលលើសពីផែនការកំណត់របស់រដ្ឋាភិបាលដែលគ្រោងចាក់ឱ្យបានត្រឹម១៤លាននាក់ប៉ុណ្ណោះ។ ផែនការបន្ទាប់គឺនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនកូរ៉េខាងត្បូងឱ្យបានដល់ ៣៦លាននាក់ត្រឹមចុងខែកញ្ញាខាងមុខ។

សូមបញ្ជាក់ផងដែរថា វិធានការគម្លាតសង្គមដែលមានការហាមឃាត់ និងកំណត់ចំនួនមនុស្សជួបជុំគ្នាជាលក្ខណៈឯកជននេះ ត្រូវបានអនុវត្តតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០កន្លងមក សម្រាប់តំបន់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ដោយកំនត់ហាមមិនឱ្យមានការជួបជុំគ្នាលើសពីមនុស្ស ៥នាក់ឡើងទៅនោះទេ។ វិធានការនេះក្រោយមកក៏ត្រូវបានពង្រីកការអនុវត្តបន្ថែមទៅកាន់តំបន់ផ្សេងទៀតទូទាំងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងខែមករា រហូតដល់បច្ចុប្បន្ននេះ។

Leave a Reply

Your email address will not be published. Required fields are marked *