កូរ៉េខាងត្បូង៖ ករណីអគ្គីភ័យដ៏សន្ធោរសន្ធៅនៅនឹងឃ្លាំងស្តុកទំនិញធំរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) នៅអ៊ីឆន់ កូរ៉េខាងត្បូង ទីបំផុតត្រូវបានគេគ្រប់គ្រងស្ថានការណ៍បានហើយ បើទោះបីមិនទាន់រលត់ទាំងស្រុង គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្នុងនោះដែរ អ្នកពន្លត់អគ្គីភ័យម្នាក់ដែលគេបញ្ជាក់ថាបានជាប់នៅក្នុងអគារនោះតាំងពីថ្ងៃព្រហស្បត្តិ៍មកនោះ ឥឡូវក៏ត្រូវបានគេសង្គ្រោះសាកសពចេញមករួចហើយដែរ។
តាមរយៈការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ត្រឹមរសៀលថ្ងៃសៅរ៍នេះ គឺរយៈពេលជាង២ថ្ងៃន្លះហើយ គិតចាប់តាំងពីករណីអគ្គីភ័យនេះចាប់ផ្តើមឆាបឆេះដំបូងពីព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍មក និងបន្តឆាបឆេះជាថ្មីចាប់ពីរសៀលថ្ងៃព្រហស្បត្តិ៍ រហូតដល់ថ្ងៃសៅរ៍នេះ។ ក្នុងករណីឆាបឆេះនេះដែរ បុគ្គលិករបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ទាំងអស់ត្រូវបានគេជម្លៀសចេញតាំងពីពេលដែលមានផ្សែង និងភ្លើងលេចចេញពីដំបូងមក ប៉ុន្តែមានអ្នកពន្លត់អគ្គីភ័យម្នាក់ត្រូវបានជាប់នៅខាងក្នុងអាគារនោះតាំងពីវេលាថ្ងៃត្រង់ថ្ងៃព្រហស្បត្តិ៍មក។
អ្នកពន្លត់អគ្គីភ័យដែលបានជាប់នៅខាងក្នុងនោះ មានឈ្មោះ គីម ដុងស៊ីក (Kim Dong-shik) អាយុ៥២ឆ្នាំ ហើយបានចូលទៅក្នុងអាគារនោះនៅវេលាថ្ងៃត្រង់ ម៉ោង១១:២០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ដែលពេលនោះដំបូងឡើយស្ថានការណ៍អគ្គីភ័យគឺអាចគ្រប់គ្រងបានទៅហើយ ដែលក្រុមអ្នកពន្លត់អគ្គីភ័យក៏បានចូលទៅក្នុងដើម្បីបាញ់ពន្លត់ និងស្វែងរកមនុស្សដទៃទៀតនៅខាងក្នុងអាគារ ក៏ស្រាប់តែពេលនោះមានអណ្តាតភ្លើងឆាបឆេះឡើងជាថ្មី ដែលនាំឱ្យក្រុមអ្នកពន្លត់អគ្គីភ័យទាំងអស់ ត្រូវរត់ចេញមកវិញ តែលោកគីម គឺបាននៅក្រោយគេ ដោយជួយសម្រួលឱ្យអ្នកពន្លត់អគ្គីភ័យ៤នាក់ទៀតបានរត់ចេញមកមុន។ ជាអកុសល លោក គីមមិនអាចចេញមកវិញបានទាន់ពេល ហើយក៏ជាប់នៅក្នុងអាគារជាមួយនឹងអគ្គីភ័យនោះរហូតដល់បាត់បង់ជីវិតតែម្តង ដោយមិនអាចមាននរណាចូលទៅជួយសង្គ្រោះបានឡើយ។
នៅរសៀលថ្ងៃសៅរ៍នេះ ស្របពេលដែលស្ថានការណ៍គ្រប់គ្រងបានវិញនោះ ក្រុមអ្នកជួយសង្គ្រោះបានចូលទៅក្នុងអាគារ និងរកឃើញសាកសពលោកគីមត្រូវបានឆេះខ្ទេចខ្ទីទាំងស្រុងទៅហើយ ដោយគេព្យាយាមយកតែបំណែកណាដែលគេអាចយកចេញមកបាន ហើយបញ្ជូនទៅមន្ទីរពេទ្យតែម្តង នេះបើតាមការបញ្ជាក់របស់មន្ត្រីសង្គ្រោះដែលបានចូលទៅក្នុងអាគារនោះនៅថ្ងៃសៅរ៍នេះ។ បើតាមមន្ត្រីជាក្រុមពន្លត់អគ្គីភ័យជាមួយនឹងលោក គីម អស់ជាង២០ឆ្នាំមកហើយនោះ បានលើកឡើងថា កន្លងមកលោក គីម ក្នុងបេសកកម្ម និងការហ្វឹកហាត់តែងតែផ្តោតសំខាន់ពិនិត្យមើលគ្នីគ្នា ធានាថាក្រុមការងារទាំងអស់អាចចេញពីទីតាំងកើតហេតុ និងអគ្គីភ័យដោយសុវត្ថិភាពមុនតាំងពីដើមមករហូត។
ករណីដ៏គួរឱ្យសោកស្តាយនេះត្រូវបានថ្នាក់ដឹកនាំធំៗ រួមទាំងលោកប្រធានាធិបតីកូរ៉េខាងត្បូងសម្តែងការរំលែកទុក្ខ ដោយបានបញ្ជាក់ និងកោតសរសើរចំពោះវីរភាពរបស់លោក ជាពិសេសគឺវីរភាពក្នុងបេសកកម្មដែលលោក គីម មិនគិតពីសុវត្ថិភាពខ្លួនឯង ដោយផ្តោតលើសុវត្ថិភាពមិត្តរួមការងារដទៃទៀតជាធំមុន។ សាលាខេត្តឃ្យ៉ុងគី ក៏គ្រោងនឹងរៀបចំពិធីបុណ្យជាផ្លូវការជូនលោក គីម ផងដែរ។ ប្រធានក្រុមហ៊ុនឃូប៉ាង (Coupang) បានចេញសេចក្តីថ្លែងការណ៍ សូមការអភ័យទោសចំពោះបញ្ហាអគ្គីភ័យដ៏សម្បើមនេះ និងការខូចខាតនានាបង្កពីករណីនេះ ហើយក៏បានព្យាយាមសម្រួលដំណើរការដឹកជញ្ជូនឥវ៉ាន់ជូនដល់អតិថិជនខ្លួនឡើងវិញផងដែរ ក្រោយមានបញ្ហាបង្កដោយអគ្គីភ័យនេះ។
សូមបញ្ជាក់ថា ករណីឆាបឆេះនេះចាប់ផ្តើមតាំងពីវេលាព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ ម៉ោង ៥:៤០ នាទីព្រឹក (ម៉ោងនៅកូរ៉េ) ដែលចាប់ផ្តើមឆាបឆេះចេញពីឃ្លាំងទំនិញក្រោមដីជាន់ទី២ នៅទីតាំងឃ្លាំងរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ដ៏ធំរបស់កូរ៉េខាងត្បូង នៅអ៊ីឆន់ ខេត្តឃ្យ៉ុងគីដូ។ ករណីអគ្គីភ័យនេះបានបន្តឆាបឆេះដល់ទៅរយៈពេល ៣ម៉ោង ទើបអជ្ញាធរពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានការណ៍បាន នេះបើតាមការបញ្ជាក់របស់អជ្ញាធរពន្លត់អគ្គីភ័យនៅនឹងទីតាំងផ្ទាល់។ តែក្រោយមកទៀត បើតាមការបញ្ជាក់របស់អជ្ញាធរ ក្រោយពីស្ថានការណ៍អគ្គីភ័យកំពុងត្រូវបានគ្រប់គ្រងបានហើយនោះ ក៏ចាប់ផ្តើមមានការឆាបឆេះម្តងទៀតចេញពីទីតាំងខាងក្នុងអាគារដដែលនោះភ្លាមៗ។ អជ្ញាធរជឿថាមូលហេតុនៃអគ្គីភ័យនេះគឺបណ្តាលមកពីការផ្ទុះសេចរន្តអគ្គិសនី បើតាមការពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព។
ទីតាំងឆាបឆេះនេះគឺ មជ្ឈមណ្ឌលឡូជីស្ទីកដុកព្យុង (Deokpyeong Logistics Center) ដែលជាអាគារកម្ពស់៤ជាន់ និងមានជាន់ក្រោមដី២ជាន់ទៀត។ ទីតាំងនេះជាឃ្លាំងទំនិញធំបំផុតរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ដែលជាឃ្លាំងសម្រាប់បញ្ជូនទំនិញផ្គត់ផ្គង់ទូទាំងប្រទេសកូរ៉េខាងត្បូង ដែលមានស្តុកទំនិញទូទៅសឹងគ្រប់ប្រភេទ មានម្ហូបស្រស់ និងទំនិញដទៃទៀតផងដែរ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថារដ្ឋាភិបាលកូរ៉េខាងត្បូងនឹងព្យាយាមធ្វើយ៉ាងណាចៀសវាងមិនឱ្យបញ្ហាអគ្គីភ័យដ៏ធំសម្បើមដូចនេះកើតឡើងជាថ្មីនោះទេ។ សូមបញ្ជាក់ថា នៅក្នុងតំបន់អ៊ីឆន់នេះ ករណីអគ្គីភ័យកើតមានជាញឹកញយពីមុនមកផងដែរ ជាពិសេសនៅតាមឃ្លាំងស្តុកទំនិញធំៗរបស់ក្រុមហ៊ុននានា។ កាលពីឆ្នាំកន្លងទៅ មានករណីអគ្គីភ័យមួយឆាបឆេះចេញពីអាគារឃ្លាំងកម្ពស់៤ជាន់ដូចគ្នា ដែលកំពុងសាងសង់ បណ្តាលឱ្យបាត់បង់ជីវិត ដល់ទៅ៣៨នាក់ ភាគច្រើនជាកម្មករសំណង់នៅនឹងការដ្ឋាន។ កាលពីឆ្នាំ២០០៨ ក៏មានករណីអគ្គីភ័យដ៏ធំដែលបង្កពីការផ្ទុះនៅក្នុងកន្លែងក្លាសេឥវ៉ាន់ បណ្តាលឱ្យបាត់បង់ជីវិត ៤០នាក់ផងដែរ។