ករណីអ្នកចាក់វ៉ាក់សាំងកូវីដរួច តែនៅឆ្លងវិជ្ជមានកូវីដ បន្តកើនឡើងដល់ ២៩ករណីហើយនៅកូរ៉េខាងត្បូង តែអជ្ញាធរកូរ៉េបកស្រាយពន្យល់ងាយៗបែបនេះ ..

កូរ៉េខាងត្បូង៖ គិតត្រឹមការប្រកាសនៅត្រឹមថ្ងៃសុក្រម្សិលមិញនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ពីករណីអ្នកវិជ្ជមានកូវីដ បើទោះជាបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់នោះកើនដល់តួលេខ២៩នាក់ហើយ ដែលនេះជាសញ្ញាណបារម្ភផងដែរអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានបញ្ជាក់ថាចំនួនអ្នកជំងឺតេស្តវិជ្ជមានកូវីដ-១៩ ក្រោយពីចាក់វ៉ាក់សាំងកូវីដរួចរាល់មានតួលេខដល់ ២៩នាក់ហើយ ក្នុងនោះ ២៨នាក់ជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ក្នុងប្រទេសកូរ៉េខាងត្បូង។ តួលេខនេះគឺធ្វើបច្ចុប្បន្នភាពចុងក្រោយត្រឹមថ្ងៃចន្ទទី ១៤ មិថុនា ២០២១ សប្តាហ៍នេះ។

ករណីអ្នកដែលរកឃើញវិជ្ជមានកូវីដ បើទោះជាបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់នេះ ត្រូវបានគ្រូពេទ្យជំនាញកូរ៉េខាងត្បូង ហៅថាជា «ករណីពិសេស» ដែលជាទូទៅគឺមានន័យថានរណាម្នាក់រកឃើញថាវិជ្ជមានកូវីដ ចន្លោះពេលកំពុងទទួលបានវ៉ាក់សាំងកូវីដដូសទី១ និងដូសទី២ ឬក៏រកឃើញវិជ្ជមានកូវីដ ក្រោយពីបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចរាល់ទាំងស្រុង។

តែយ៉ាងណាក៏ដោយ អជ្ញាធរសុខាភិបាលបានបង្ហាញសុទិដ្ឋិនិយមថា ជាករណីទូទៅនោះទេ ដែលអ្នកបានចាក់វ៉ាក់សាំងកូវីដរួចរាល់ហើយ នៅតែអាចឆ្លងកូវីដ-១៩បាន តែអ្វីដែលជាលទ្ធផលសំខាន់គឺអ្នកចាក់វ៉ាក់សាំងកូវីដរួច បើទោះជាឆ្លងកូវីដ ក៏​មិនមានអាការៈធ្ងន់ធ្ងរ និងបង្ហាញរោគសញ្ញាអ្វីគួរឱ្យបារម្ភខ្លាំងនោះដែរ។ អជ្ញាធរបញ្ជាក់ផងដែរជាថ្មី ថាខណៈដែលប្រទេសកូរ៉េខាងត្បូងនឹងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដឱ្យបានកាន់តែលឿនក្នុងប៉ុន្មានខែបន្ទាប់នេះ ចំនួនករណីកូវីដបែបនេះ នឹងបន្តកើនមានឡើងកាន់តែច្រើនផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ មានមនុស្សចំនួន ១៤.២៣លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១រួចរាល់ ដែលត្រូវជា២៧.៧% នៃចំនួនប្រជាជនកូរ៉េខាងត្បូងសរុបទៅហើយ។

ក្នុងនោះដែរ អជ្ញាធរក៏បានបញ្ជាក់ថា ប្រជាជនទូទៅចាប់ពីអាយុ ១៨ ដល់ ៥៩ឆ្នាំនឹងទទួលបានអាទិភាពចាក់វ៉ាក់សាំងបន្តបន្ទាប់ពីខែកក្កដានេះទៅផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *