កូរ៉េខាងត្បូង៖ សាលាក្រុងប៊ូសាននៅថ្ងៃសុក្រនេះ បានផ្ញើចេញលិខិតរដ្ឋបាលទៅកាន់បណ្តាស្ថាប័នពាក់ព័ន្ធគ្រប់គ្រងលើជនបរទេសនៅក្នុងទីក្រុងសេអ៊ូល រួមទាំងកុងស៊ុលអាម៉េរិកផង ដើម្បីឱ្យជួយពិនិត្យមើល និងគ្រប់គ្រងជនបរទេសនៅក្នុងក្រុងប៊ូសាន ឱ្យចូលរួមអនុវត្តខ្ជាប់ខ្ជួនវិធានការគម្លាតសង្គមអនុវត្តក្នុងក្រុង ក្រោយពីកន្លងមកមានករណីជប់លៀងបំពានគោលការណ៍គម្លាតសង្គមយ៉ាងគគ្លើនពីសំណាក់ពួកជនបរទេសនៅតាមឆ្នេរនានាក្នុងក្រុងប៊ូសាន។
នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea News សាលាក្រុងប៊ូសានបានរៀបរាប់ក្នុងលិខិតរបស់ខ្លួនដែលបានផ្ញើទៅកាន់ស្ថាប័នរបស់បរទេសទាំងនោះ ដោយបានបញ្ជាក់ពីការបារម្ភរបស់អជ្ញាធរ ក៏ដូចជារបស់ប្រជាជនមូលដ្ឋាន អំពីការបំពានកន្លងមករបស់ពួកជនបរទេសនៅក្នុងក្រុងប៊ូសាន ដែលមិនសូវខ្វាយខ្វល់អនុវត្តខ្ជាប់ខ្ជួនវិធានការគម្លាតសង្គមទាល់តែសោះ។ ក្នុងលិខិតនោះដែរ អជ្ញាធរក្រុងប៊ូសានក៏បានបញ្ជាក់លម្អិតពីវិធានការគម្លាតសង្គមដែលត្រូវអនុវត្ត ជាពិសេសនៅតាមទីកន្លែងសាធារណៈ ដូចជានៅតាមឆ្នេរហាអ៊ុនដេរ (Haeundae) និងឆ្នេរដទៃទៀតជាដើមផងដែរ និងបានស្នើឱ្យស្ថាប័នទាំងនោះ ជួយសម្រួលដល់ប្រជាជនបរទេសរបស់ខ្លួន ឱ្យគោរពតាមឱ្យបានខ្ជាប់ខ្ជួនទៅនឹងវិធានការគម្លាតសង្គមដែលមានជាធរមាននេះផងដែរ។
លិខិតនេះត្រូវបានរៀបចំផ្ញើចេញ មុនពេលដែលពេលនៃវិស្សមកាលរដូវក្តៅនៅប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមខាងមុខនេះ ដែលនៅពេលនោះ គេរំពឹងថានឹងមានជនបរទេសច្រើនមកលេងកំសាន្តនៅក្រុងប៊ូសាន ជាពិសេសគឺមុនថ្ងៃបុណ្យឯករាជ្យជាតិរបស់អាម៉េរិក នៅថ្ងៃទី៤ កក្កដា ខាងមុខនេះ។ ក្រៅពីនោះដែរ អជ្ញាធរក៏គ្រោងនឹងធ្វើការផ្សព្វផ្សាយវិធានការគម្លាតសង្គមនានាដែលត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ធ្វើយ៉ាងណាអាចឱ្យជនបរទេសដែលគ្រោងមកលេងនៅសេអ៊ូលបានឃើញ និងដឹងឱ្យបានច្បាស់ផងដែរ។
សូមបញ្ជាក់ថា វិធានការគម្លាតសង្គមដែលបានដាក់ចេញឱ្យអនុវត្តនៅនឹងឆ្នេរហាអ៊ុនដេរ (Haeundae)ពីថ្ងៃទី ១ មិថុនា កន្លងមកនេះ កំណត់ថាអ្នកណាដែលមិនពាក់ម៉ាស់ មិនអាចូលមកឆ្នេរហាអ៊ុនដេរ (Haeundae)បាននោះទេ ហើយក៏ហាមឃាត់មិនឱ្យមានការជួបជុំគ្នាលើសពី៥នាក់ឡើងទៅផងដែរ។ ការផឹកស៊ី ដែលមានគ្នាលើសពី២នាក់ឡើងទៅ ត្រូវហាមឃាត់ពីម៉ោង ៧យប់ ដល់ម៉ោង២ភ្លឺ នៅតាមឆ្នេរសមុទ្រ ហើយហាមឃាត់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកនៅតាមសួនទឹក Millak Waterfront Park។
សូមបញ្ជាក់ថា ការបារម្ភនេះកើតឡើងដោយសារកន្លងមកថ្មីៗនេះ ក្នុងអំឡុងពេលបុណ្យរំលឹកខួបកងទ័ពអាម៉េរិកកាលពីចុងខែឧសភាកន្លងមក មានជនបរទេស រួមទាំងកងទ័ពអាម៉េរិកផងរាប់ពាន់នាក់ នាំគ្នាមកប្រមូលផ្តុំជប់លៀង ផឹកស៊ីនៅលើឆ្នេរក្រុងប៊ូសាន និងមានការអុជកាំជ្រួចអបអរសាទរ ដោយមិនបានខ្វល់ខ្វាយពីវិធានការគម្លាតសង្គម និងមិនពាក់ម៉ាស់ទៀតផងដែលកំពុងដាក់ឱ្យអនុវត្តនោះឡើយ។ ការជប់លៀងផឹកស៊ីនោះហើយ ដែលប្រជាជនក្រុងប៊ូសានមានការបារម្ភ និងបានខលទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យមកចុះបំបែកហ្វូងអ្នកជប់លៀងដល់ទៅជាង ៣០ដង តែនៅតែមិនអាចបំបែកហ្វូងអ្នកជប់លៀងនោះបានរហូតដល់ទៀបភ្លឺឯណោះ។