ពន្លត់រលត់ហើយ ស្រាប់តែឆាបឆេះឡើងវិញ! ឃ្លាំងទំនិញធំក្រុមហ៊ុន Coupang បន្តឆាបឆេះសឹងពេញមួយថ្ងៃហើយ ខណៈអ្នកពន្លត់អគ្គីភ័យម្នាក់ នៅជាប់ក្នុងអាគារនៅឡើយ

កូរ៉េខាងត្បូង៖ ករណីអគ្គីភ័យនៅនឹងឃ្លាំងស្តុកទំនិញធំរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) នៅអ៊ីឆន់ នៅតែបន្តឆាបឆេះ មិនទាន់អាចពន្លត់បាននៅឡើយពេញមួយថ្ងៃ នេះបើតាមការបញ្ជាក់របស់អជ្ញាធរពន្លត់អគ្គីភ័យកូរ៉េខាងត្បូង នៅយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ខណៈដែលនៅក្នុងអាគារកំពុងឆាបឆេះនោះ ក៏មានជាប់អ្នកពន្លត់អគ្គីភ័យម្នាក់នៅខាងក្នុងមិនទាន់អាចយកចេញមកបាន ស្របពេលដែលគេបារម្ភអំពីករណីបាក់អាគារផងដែរ។

បើគិតត្រឹមយប់ថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង១១យប់ (ម៉ោងនៅស្រុកកូរ៉េ) ទៅហើយនោះ អាគារឃ្លាំងស្តុកឥវ៉ាន់ដ៏ធំរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) នៅតែបន្តឆាបឆេះនៅឡើយ។ ករណីឆាបឆេះនេះចាប់ផ្តើមតាំងពីវេលាព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ ម៉ោង ៥:៤០ នាទីព្រឹក (ម៉ោងនៅកូរ៉េ) ដែលចាប់ផ្តើមឆាបឆេះចេញពីឃ្លាំងទំនិញក្រោមដីជាន់ទី២ នៅទីតាំងឃ្លាំងរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ដ៏ធំរបស់កូរ៉េខាងត្បូង នៅអ៊ីឆន់ ខេត្តឃ្យ៉ុងគីដូ។ ករណីអគ្គីភ័យនេះបានបន្តឆាបឆេះដល់ទៅរយៈពេល ៣ម៉ោង ទើបអជ្ញាធរពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានការណ៍បាន នេះបើតាមការបញ្ជាក់របស់អជ្ញាធរពន្លត់អគ្គីភ័យនៅនឹងទីតាំងផ្ទាល់។

តែក្រោយមកទៀត បើតាមការបញ្ជាក់របស់អជ្ញាធរ ក្រោយពីស្ថានការណ៍អគ្គីភ័យកំពុងត្រូវបានគ្រប់គ្រងបានហើយនោះ ក៏ចាប់ផ្តើមមានការឆាបឆេះម្តងទៀតចេញពីទីតាំងខាងក្នុងអាគារដដែលនោះភ្លាមៗ ដែលតម្រូវឱ្យអ្នកពន្លត់អគ្គីភ័យនៅក្នុងអាគារនោះត្រូវជម្លៀសខ្លួនចេញភ្លាមៗ ក្នុងនោះមាន៤នាក់បានរត់ចេញមកបានរួចដោយសុវត្ថិភាព តែមានអ្នកពន្លត់អគ្គីភ័យ១នាក់ទៀត អាយុ៥២ឆ្នាំ មិនអាចចេញមករួច ហើយនៅបន្តជាប់ក្នុងនោះដដែល។

អ្នកពន្លត់អគ្គីភ័យបានបញ្ជាក់ថា គេគិតថាស្ថានការណ៍ពេលនោះគឺ ស្របពេលដែលអគ្គីភ័យត្រូវគ្រប់គ្រងបានហើយនោះ អាចនឹងមានការដួលរលំឥវ៉ាន់នានាដែលងាយឆេះ ក៏បណ្តាលឱ្យកកើតជាអណ្តាតភ្លើង និងផ្សែងភ្លើងជាថ្មីម្តងទៀត។

គិតមកដល់វេលាពេលដែលព័ត៌មានចុះផ្សាយយប់ថ្ងៃព្រហស្បត្តិ៍ទៅហើយនោះ គេនៅតែបន្តស្វែងរក និងព្យាយាមរំដោះអ្នកពន្លត់អគ្គីភ័យដែលនៅបន្តជាប់ក្នុងនោះដដែល តែអជ្ញាធរក៏បារម្ភផងដែរ ថាអាគារដែលឆាបឆេះអាចនឹងរលំក្រោយពីរងការឆេះងំពីខាងក្នុងអស់រយៈពេលជាច្រើនម៉ោងកន្លងមក។

សូមបញ្ជាក់ថា ទីតាំងឆាបឆេះនេះគឺ មជ្ឈមណ្ឌលឡូជីស្ទីកដុកព្យុង (Deokpyeong Logistics Center) ដែលជាអាគារកម្ពស់៤ជាន់ និងមានជាន់ក្រោមដី២ជាន់ទៀត។ ទីតាំងនេះជាឃ្លាំងទំនិញធំបំផុតរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ដែលជាឃ្លាំងសម្រាប់បញ្ជូនទំនិញផ្គត់ផ្គង់ទូទាំងប្រទេសកូរ៉េខាងត្បូង ដែលមានស្តុកទំនិញទូទៅសឹងគ្រប់ប្រភេទ មានម្ហូបស្រស់ និងទំនិញដទៃទៀតផងដែរ។

ដោយសារតែបញ្ហាអគ្គីភ័យឆាបឆេះនេះ អាចនឹងធ្វើឱ្យប្រតិបត្តិការរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ក្នុងការដឹកទំនិញជូនដល់ភ្ញៀវនឹងមានការអាក់ខាន យឺតយ៉ាវមួយចំនួនផងដែរ ហើយក្រុមហ៊ុនក៏កំពុងរកវិធានការដើម្បីពន្លឿនដោះស្រាយបញ្ហានេះ ដើម្បីអាចផ្គត់ផ្គង់ទំនិញជូនអតិថិជនបានឆាប់រហ័ស បើទោះមានបញ្ហានេះក៏ដោយ។ ក្នុងនោះដែរ អជ្ញាធរសមត្ថកិច្ចក៏កំពុងពិនិត្យ ស៊ើបអង្កេតលើករណីដែលនាំឱ្យករណីអគ្គីភ័យនេះផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *