កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងចេញប្រកាសហើយនៅថ្ងៃព្រហស្បត្តិ៍នេះ អំពីផែនការនៃការចាក់វ៉ាក់សាំងកូវីដដំណាក់កាលបន្ទាប់ពីខែមិថុនា ដែលក្នុងនោះអ្នកដែលមានអាយុពី ១៨ ដល់ ៥៩ ឆ្នាំនឹងចាប់ផ្តើមទទួលបានអាទិភាពចាក់វ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានប្រកាសបញ្ជីកំណត់អាទិភាពសម្រាប់អ្នកទទួលវ៉ាក់សាំងកូវីដទ្រង់ទ្រាយធំហើយ នៅអំឡុងឆមាសទី៣ ចាប់ផ្តើមពីខែកក្កដានេះទៅ ដែលរហូតដល់ចុងបញ្ចប់នៃខែកញ្ញាខាងមុខ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនឱ្យបានដល់ ៣៦លាននាក់ ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួនដល់ទៅ ៥១.៣លាននាក់។
បើតាមផែនការកំណត់ដែលប្រកាសថ្មីនេះ ចាប់ពីចុងខែកក្កដាខាងមុខនេះ អ្នកដែលមានអាយុខ្ទង់ចន្លោះ៥០ឆ្នាំ ក្នុងប្រទេសកូរ៉េខាងត្បូងនឹងអាចចាប់ទទួលបានវ៉ាក់សាំងកូវីដដូសទី១ហើយ ខណៈអ្នកដែលមានអាយុពី ១៨ឆ្នាំ ដល់ ៤៩ឆ្នាំ នឹងត្រូវចាប់ផ្តើមទទួលបានវ៉ាក់សាំងកូវីដ-១៩ ដូសទី១ដូចគ្នាចាប់ពីពាក់កណ្តាលខែសីហាខាងមុខផងដែរ។
ក្នុងចំណោមអ្នកដែលមានអាយុ ១៨-៤៩ ឆ្នាំ ដែលនឹងទទួលបានអាទិភាពចាក់វ៉ាក់សាំងពីពាក់កណ្តាលខែសីហានេះ សិស្សវិទ្យាល័យដែលត្រូវប្រឡងថ្នាក់ជាតិចូលសាកលវិទ្យាល័យ និងលោកគ្រូអ្នកគ្រូអាយុក្រោម៣០ឆ្នាំ នៅតាមសាលាពេទ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នឹងត្រូវផ្តល់អាទិភាពចម្បងបន្ថែមទៀតដើម្បីអាចទទួលបានវ៉ាក់សាំងកូវីដមុនប្រជាជនធម្មតាផងដែរ។
ក្នុងនោះដែរ មនុស្សប្រមាណជាង ១៧ម៉ឺននាក់ដែលត្រូវទទួលបានអាទិភាពចាក់វ៉ាក់សាំងដូសទី១ក្នុងអំឡុងខែមិថុនានេះ តែមិនបានមកទទួលយកវ៉ាក់សាំងនៅឡើយនោះដោយសារតែបញ្ហាកង្វះខាតវ៉ាក់សាមង ក៏នឹងត្រូវផ្តល់អាទិភាពដំបូងក្នុងការទទួលវ៉ាក់សាំងនៅក្នុងខែកក្កដាខាងមុខផងដែរ។
បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល វ៉ាក់សាំងកូវីដជាង ១០លានដូស ពីក្រុមហ៊ុន៤ធំៗមាន AstraZeneca, Pfizer, Moderna និង Johnson & Johnson’s Janssen នឹងត្រូវដឹកមកដល់បន្ថែមផងដែរក្នុងអំឡុងខែកក្កដាខាងមុខនេះ។
ពិសេសបន្ថែមទៀតនោះ អជ្ញាធរសុខាភិបាលបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យមានការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំងកូវីដរបស់ AstraZeneca និងវ៉ាក់សាំង Pfizer ផងដែរចំពោះក្រុមអាទិភាពមួយចំនួន ដើម្បីអាចបង្កើនប្រសិទ្ធភាពវ៉ាក់សាំងបន្ថែម។ វិធានការពិសេសក្នុងការចាក់វ៉ាក់សាំងលាយបញ្ចូលគ្នានេះ ក៏មានចាប់ផ្តើមនៅប្រទេសអឺរ៉ុបផងដែរ ដោយអជ្ញាធរអឺរ៉ុបធំៗបានអនុញ្ញាតឱ្យវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកទេសផលិតតាមបែប mRNA ដូចគ្នា យកមកចាក់លាយបញ្ចូលគ្នាបាន ដើម្បីបង្កើនប្រសិទ្ធភាពផង និងកាត់បន្ថយហានិភ័យដែលគេបារម្ភអំពីវ៉ាក់សាំងកូវីដ AstraZeneca ផងដែរ។ វិធានការនេះ មែនទែនទៅក៏ដោយសារតែក្រុមហ៊ុន AstraZeneca ថ្មីៗនេះមានបញ្ហាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដផងដែរ។
បើតាមការរៀបរាប់របស់អជ្ញាធរសុខាភិបាលកូរ៉េ យ៉ាងហោចមនុស្សជាង ៧៦ម៉ឺននាក់ ត្រូវបានអជ្ញាធរផ្តល់អាទិភាពឱ្យចាក់វ៉ាក់សាំងលាយគ្នាបែបនេះ ដែលក្នុងនោះមានអ្នកធ្វើការនៅមណ្ឌលចាស់ជរាអាយុលើសពី៣០ឆ្នាំ បុគ្គលិកពេទ្យនៅតាមគ្លីនិក និងឱសថស្ថាន រួមនឹងមន្ត្រីប៉ូលីស និងមន្ត្រីពន្លត់អគ្គីភ័យផងដែរ។ ក្រុមអ្នកដែលបានរៀបរាប់ទាំងនេះ កន្លងមកបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១កាលពីខែមេសាកន្លងមក ហើយនឹងត្រូវទទួលវ៉ាក់សាំងកូវីដ Pfizer សម្រាប់ដូសទី២ នៅថ្ងៃទី៥ កក្កដាខាងមុខនេះ។
យ៉ាងណាមិញ អជ្ញាធរក៏បានបញ្ជាក់ច្បាស់ថា អ្នកទាំងនេះប្រសិនបើមិនចង់ចាក់វ៉ាក់សាំងលាយគ្នាដូចនេះ ក៏អាចទទួលយកវ៉ាក់សាំង AstraZeneca ដដែលផងដែរ ដោយមិនមានការតម្រូវជាចាំបាច់នោះឡើយ។
អជ្ញាធរសុខាភិបាលបញ្ជាក់ថា ថ្វីត្បិតតែវិធានការថ្មីនេះកំពុងត្រូវបានសិក្សាដោយអ្នកជំនាញជុំវិញពិភពលោកក៏ដោយ តែក៏មានការសិក្សាមួយចំនួនរកឃើញថា ការចាក់វ៉ាក់សាំងលាយគ្នាបែបនេះអាចបង្កើនប្រសិទ្ធភាពវ៉ាក់សាំងបានខ្ពស់ជាងការចាក់វ៉ាក់សាំងដូចគ្នាទាំងពីរដូសវិញផងដែរ។ ក្នុងនោះដែរ គេក៏មានការរាយការណ៍ពីផលប៉ះពាល់ និងគ្រោះថ្នាក់នានាកើតឡើងដោយសារការចាក់វ៉ាក់សាំងនេះ។ ការសិក្សាមួយនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងថាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ AstraZeneca និងវ៉ាក់សាំង Pfizer លាយគ្នា គឺមានប្រសិទ្ធភាពបង្កើនបានអង់ទីករការពារមេរោគកូវីដ (antibodies) ដល់ទៅ ៧ ដងលើសពីអ្នកដែលទើបចាក់វ៉ាក់សាំងកូវីដ AstraZeneca ដូសទី១។