កូរ៉េខាងត្បូង៖ ឃ្លាំងស្តុកទំនិញធំរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ដ៏ធំរបស់កូរ៉េខាងត្បូង នៅអ៊ីឆន់ ខេត្តឃ្យ៉ុងគីដូ មានករណីអគ្គីភ័យឆាបឆេះសន្ធោរសន្ធៅនៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ បណ្តាលឱ្យគេត្រូវធ្វើការជម្លៀសបុគ្គលិកខ្លួនជាង ២០០នាក់ចេញពីទីតាំងកើតហេតុភា្លមៗ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News ភាសាកូរ៉េ។
បើតាមការរាយការណ៍ក្នុងសារព័ត៌មាន YTN News បានឱ្យដឹងថា ករណីអគ្គីភ័យនេះគឺកើតឡើងនៅវេលាព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ ម៉ោង ៥:៤០ នាទីព្រឹក (ម៉ោងនៅកូរ៉េ) ដែលចាប់ផ្តើមឆាបឆេះចេញពីឃ្លាំងទំនិញក្រោមដីជាន់ទី២ នៅទីតាំងឃ្លាំងរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ដ៏ធំរបស់កូរ៉េខាងត្បូង នៅអ៊ីឆន់ ខេត្តឃ្យ៉ុងគីដូ។ ករណីអគ្គីភ័យនេះបានបន្តឆាបឆេះដល់ទៅរយៈពេល ៣ម៉ោង ទើបត្រូវបានពន្លត់ទាំងស្រុង នេះបើតាមការបញ្ជាក់របស់អជ្ញាធរពន្លត់អគ្គីភ័យនៅនឹងទីតាំងផ្ទាល់។
ក្នុងហេតុការណ៍នោះដែរ បុគ្គលិករបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ចំនួន ២៤៨នាក់ ដែលកំពុងធ្វើការនៅនឹងទីតាំងនោះ ត្រូវបានគេជម្លៀសចេញភ្លាមៗ ហើយក៏មិនមានការរាយការណ៍ពីករណីរបួស ឬគ្រោះថ្នាក់ណាមួយផងដែរ។
ក្នុងនោះដែរ បើតាមការបញ្ជាក់របស់អជ្ញាធរ ម៉ាស៊ីនពន្លត់អគ្គីភ័យដែលដាក់នៅតាមជញ្ជាំងក្នុងទីតាំងឃ្លាំងនោះ ក៏បានបាញ់ទឹក និងជួយទប់ស្កាត់មិនឱ្យមានការឆ្លងឆេះរាលដាលដល់ជាន់ផ្សេងៗទៀតផងដែរ តែទំនិញមួយចំនួនធំដែលស្តុកទុកនៅក្នុងឃ្លាំងទំនិញរបស់ក្រុមហ៊ុន ត្រូវបានបំផ្លាញ ដែលអាចនឹងនាំឱ្យមានការប៉ះពាល់ដល់ការរៀបចំដឹកជញ្ជូនទំនិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ទីតាំងឆាបឆេះនេះគឺ មជ្ឈមណ្ឌលឡូជីស្ទីកដុកព្យុង (Deokpyeong Logistics Center) ដែលជាអាគារកម្ពស់៤ជាន់ និងមានជាន់ក្រោមដី២ជាន់ទៀត។ ទីតាំងនេះជាឃ្លាំងទំនិញធំបំផុតរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ដែលជាឃ្លាំងសម្រាប់បញ្ជូនទំនិញផ្គត់ផ្គង់ទូទាំងប្រទេសកូរ៉េខាងត្បូង ដែលមានស្តុកទំនិញទូទៅសឹងគ្រប់ប្រភេទ មានម្ហូបស្រស់ និងទំនិញដទៃទៀតផងដែរ។
ដោយសារតែបញ្ហាអគ្គីភ័យឆាបឆេះនេះ អាចនឹងធ្វើឱ្យប្រតិបត្តិការរបស់ក្រុមហ៊ុនឃូប៉ាង (Coupang) ក្នុងការដឹកទំនិញជូនដល់ភ្ញៀវនឹងមានការអាក់ខាន យឺតយ៉ាវមួយចំនួនផងដែរ ហើយក្រុមហ៊ុនក៏កំពុងរកវិធានការដើម្បីពន្លឿនដោះស្រាយបញ្ហានេះ ដើម្បីអាចផ្គត់ផ្គង់ទំនិញជូនអតិថិជនបានឆាប់រហ័ស បើទោះមានបញ្ហានេះក៏ដោយ។ ក្នុងនោះដែរ អជ្ញាធរសមត្ថកិច្ចក៏កំពុងពិនិត្យ ស៊ើបអង្កេតលើករណីដែលនាំឱ្យករណីអគ្គីភ័យនេះផងដែរ។