កូរ៉េខាងត្បូង ប្រកាសជាផ្លូវការករណីបាត់បង់ជីវិត ដំបូងគេបង្អស់ លើអ្នកដែលមានករណីកកដុំឈាម ក្រោយបានចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទនេះ

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងករណីបាត់បង់ជីវិតដំបូងគេបង្អស់ ដោយបញ្ហាកកដុំឈាម ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ របស់ AstraZeneca ហើយនៅល្ងាចថ្ងៃពុធម្សិលមិញនេះ គឺមិនទាន់បានមួយថ្ងៃស្រួលបួលផង ក្រោយព័ត៌មានបានចុះថាអ្នកជំងឺត្រូវបានមន្ទីរពេទ្យរកឃើញថាមានជំងឺកកដុំឈាម បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានបញ្ជាក់ថាក្រោយប៉ុន្មានម៉ោង បន្ទាប់ពីបានរាយការណ៍ថាមានករណីទី២នៃការកកដុំឈាមកម្រ ក្រោយចាក់វ៉ាក់សាំងដែលករណីនេះកើតឡើងលើបុរសម្នាក់អាយុ៣០ឆ្នាំជាងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ  បុរសរូបនោះក៏បានបាត់បង់ជីវិតភ្លាមៗនៅវេលាម៉ោង ២:១០នាទីរសៀលថ្ងៃពុធម្សិលមិញនេះដដែល។

បុរសខាងលើនេះត្រូវបានគ្រូពេទ្យរកឃើញថាមានអាការៈប្រតិកម្មកម្រ ដែលមានឈ្មោះបច្ចេកទេសថាជាជំងឺ thrombosis with thrombocytopenia syndrome – TTS ដែលជាបញ្ហាកើតមានលើចរន្តឈាម បង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ។

បុរសដែលកើតមានករណីដុំឈាមកម្រ និងឈានដល់បាត់បង់ជីវិតនេះ គឺលេចចេញប្រតិកម្មមានអាការៈឈឺក្បាលខ្លាំង និងវិលមុខ ចង់ក្អួតចង្អោររយៈពេល ៩ថ្ងៃ ក្រោយពីបានទទួលចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca នេះ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។ គាត់បានចាក់វ៉ាក់សាំងកូវីដកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១កន្លងមក។

គាត់ត្រូវបានបញ្ជូនម​កមន្ទីរពេទ្យ និងត្រូវបានគ្រូពេទ្យរកឃើញរោគសញ្ញាផ្លូវការដូចបានបញ្ជាក់ខាងលើនេះកាលពីថ្ងៃអង្គារម្សិលមិញ។ បើតាមអជ្ញាធរសុខាភិបាលនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា មូលហេតុចម្បងនៃអាការៈរបស់គាត់ដែលឈានឱ្យដំណាក់កាលសោកស្តាយនេះ គឺបញ្ហាការហូរឈាម​ក្នុងខួរក្បាល (brain hemorrhage) ដែលជាលទ្ធផលនៃជងឺ TTS ដូចបានរៀបរាប់ខាងលើ។

ចំពោះករណីនេះដែលឈានដល់ការបាត់បង់ជីវិតបែបនេះ អ្នកជំនាញមិនទាន់អាចទាញរកហេតុផលពិតប្រាកដដែលបណ្តាលឱ្យមានបញ្ហានេះនោះទេ តែក្រុមអ្នកជំនាញនឹងពិនិត្យបន្ថែមលើករណីនេះដើម្បីអាចស្វែងយល់ជាលក្ខណៈបច្ចេកទេសបាន និងអាចជួយបង្កើនសុវត្ថិភាព និងកាត់បន្ថយករណីបែបនេះកើតឡើងបន្តទៀតក្នុងពេលអនាគត។

ក្នុងករណីផ្សេងដោយឡែក គឺករណីទី១អ្នកជំងឺដែលមានបញ្ហាកកដុំឈាមដូចគ្នានេះនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានអជ្ញាធរសុខាភិបាលបញ្ជាក់ថាបានព្យាបាលរួចរាល់ហើយ និងបានចេញពីមន្ទីរពេទ្យផងដែរ។

សូមបញ្ជាកថា វ៉ាក់សាំងកូវីដរបស់អង់គ្លេស និងស៊ុយអែត AstraZeneca កន្លងមកនៅក្នុងប្រទេសអឺរ៉ុបក៏ធ្លាប់មានបញ្ហាចម្រូងចម្រាស់ទាក់ទងនឹងបញ្ហាកកដុំឈាម ដែលនាំដល់ការផ្អាកចាក់វ៉ាក់សាំងមួយរយៈផងដែរ តែក្រោយមកត្រូវបានក្រុមអជ្ញាធរសុខាភិបាលរបស់សហភាពអឺរ៉ុបបានកំណត់ថា ហានិភ័យនៃបញ្ហាកកដុំឈាមកម្រ កើតឡើងពីការចាក់វ៉ាក់សាំងនេះ មានភាពតូចជាងឆ្ងាយណាស់ ប្រៀបធៀបទៅនឹងផលប្រយោជន៍នៃការទទួលវ៉ាក់សាំងក្នុងចំណោមប្រជាជនទូទៅ ដែលដូចនេះហើយនាំឱ្យអជ្ញាធរសុខាភិបាលកូរ៉េ ចាប់ផ្តើមអនុញ្ញាតការចាក់វ៉ាក់សាំងកូវីដ AstraZeneca បន្ត តែកំណត់ឱ្យចាក់សម្រាប់អ្នកអាយុ ៣០ឆ្នាំឡើងទៅប៉ុណ្ណោះ។

សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសផងដែរ នឹងផ្តល់ប្រាក់សំណងច្រើនបំផុតដល់ទៅ ១០លានវ៉ុន (ប្រមាណជាង ៨,៩៧០ដុល្លារ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ហើយមានអាការៈប្រតិក​ម្មណាមួយដែលនាំឱ្យឈានដល់ការសម្រាកព្យាលបាលនៅមន្ទីរពេទ្យ បើទោះបីអជ្ញាធររកមិនឃើញមូលហេតុដែលប៉ះពាល់ដោយសារតែប្រតិកម្មនៃវ៉ាក់សាំងក៏ដោយ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកូរ៉េនៅថ្ងៃចន្ទទី ១០ ឧសភា កន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *