កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ទទួលស្គាល់ជាផ្លូវការករណីកកដុំឈាមកម្រទី២ហើយ ក្រោយពីចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca រួមមក បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃពុធនេះ។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានបញ្ជាក់ថាមានករណីទី២នៃការកកដុំឈាមកម្រ ក្រោយចាក់វ៉ាក់សាំងដែលករណីនេះកើតឡើងលើបុរសម្នាក់អាយុ៣០ឆ្នាំជាង ដោយអជ្ញាធររកឃើញអាការៈប្រតិកម្មកម្រ ដែលមានឈ្មោះបច្ចេកទេសថាជាជំងឺ thrombosis with thrombocytopenia syndrome ដែលជាបញ្ហាកើតមានលើចរន្តឈាម បង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ។
បុរសដែលកើតមានករណីដុំឈាមកម្រនេះ គឺលេចចេញប្រតិកម្មមានអាការៈឈឺក្បាលខ្លាំង និងវិលមុខ ចង់ក្អួតចង្អោររយៈពេល ៩ថ្ងៃ ក្រោយពីបានទទួលចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca នេះ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។ គាត់បានចាក់វ៉ាក់សាំងកូវីដកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១កន្លងមក។
គាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ និងត្រូវបានគ្រូពេទ្យរកឃើញរោគសញ្ញាផ្លូវការដូចបានបញ្ជាក់ខាងលើនេះ។
សូមបញ្ជាកថា វ៉ាក់សាំងកូវីដរបស់អង់គ្លេស និងស៊ុយអែត AstraZeneca កន្លងមកនៅក្នុងប្រទេសអឺរ៉ុបក៏ធ្លាប់មានបញ្ហាចម្រូងចម្រាស់ទាក់ទងនឹងបញ្ហាកកដុំឈាម ដែលនាំដល់ការផ្អាកចាក់វ៉ាក់សាំងមួយរយៈផងដែរ តែក្រោយមកត្រូវបានក្រុមអជ្ញាធរសុខាភិបាលរបស់សហភាពអឺរ៉ុបបានកំណត់ថា ហានិភ័យនៃបញ្ហាកកដុំឈាមកម្រ កើតឡើងពីការចាក់វ៉ាក់សាំងនេះ មានភាពតូចជាងឆ្ងាយណាស់ ប្រៀបធៀបទៅនឹងផលប្រយោជន៍នៃការទទួលវ៉ាក់សាំងក្នុងចំណោមប្រជាជនទូទៅ ដែលដូចនេះហើយនាំឱ្យអជ្ញាធរសុខាភិបាលកូរ៉េ ចាប់ផ្តើមអនុញ្ញាតការចាក់វ៉ាក់សាំងកូវីដ AstraZeneca បន្ត តែកំណត់ឱ្យចាក់សម្រាប់អ្នកអាយុ ៣០ឆ្នាំឡើងទៅប៉ុណ្ណោះ។
សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសផងដែរ នឹងផ្តល់ប្រាក់សំណងច្រើនបំផុតដល់ទៅ ១០លានវ៉ុន (ប្រមាណជាង ៨,៩៧០ដុល្លារ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ហើយមានអាការៈប្រតិកម្មណាមួយដែលនាំឱ្យឈានដល់ការសម្រាកព្យាលបាលនៅមន្ទីរពេទ្យ បើទោះបីអជ្ញាធររកមិនឃើញមូលហេតុដែលប៉ះពាល់ដោយសារតែប្រតិកម្មនៃវ៉ាក់សាំងក៏ដោយ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកូរ៉េនៅថ្ងៃចន្ទទី ១០ ឧសភា កន្លងមក។