កូរ៉េខាងត្បូង៖ ខណៈចំនួននៃការចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូងកើនឡើងយ៉ាងឆាប់រហ័ស ក៏មានផងដែរការកើនឡើងនៃកំហុសកើតឡើងក្នុងពេលចាក់វ៉ាក់សាំងក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្កឱ្យមានការបារម្ភក្នុងចំណោមប្រជាជនដែលមិនទាន់បានទៅចាក់វ៉ាក់សាំង អំពីការធ្វេសប្រហែសរបស់គ្រូពេទ្យលើការចាក់វ៉ាក់សាំងទាំងនេះ។
រាយការណ៍ក្នុងសារព័ត៌មាន Korea Times ភាសាអង់គ្លេស បានឱ្យដឹងថា កន្លងមកនេះមានករណីរាយការណ៍ពីកំហុសឆ្គងបច្ចេកទេសកើតឡើងក្នុងពេលចាក់វ៉ាក់សាំងមានដល់ទៅ ១០៥ករណីឯណោះ គិតត្រឹមថ្ងៃអាទិត្យទី ១៣ មិថុនា ២០២១នេះខណៈដែលការចាក់វ៉ាក់សាំងទូទាំងប្រទេសកើនឡើងបានដល់១៣.២២លាននាក់ហើយ គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ។
ក្នុងចំណោមករណីកំហុសកើតឡើងពេលចាក់វ៉ាក់សាំងទាំង១០៥ករណីនេះ មានដល់ទៅ ៩០ករណីកើតឡើងដោយសារការច្រឡំចាក់វ៉ាក់សាំងខុសឱ្យទៅអ្នកដែលមកទទួលវ៉ាក់សាំង ឧទាហរណ៍ច្រើនជាងគេគឺ ការចាក់វ៉ាក់សាំងកូវីដ AstraZeneca ឱ្យទៅមនុស្សដែលមានអាយុក្រោម ៣០ឆ្នាំ ដោយសារជាគោលការណ៍ត្រឹមត្រូវ រដ្ឋាភិបាលកូរ៉េមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង AstraZeneca សម្រាប់អ្នកអាយុក្រោម៣០ឆ្នាំនោះទេ ដោយបារម្ភពីបញ្ហាកកដុំឈាម ដែលអាចនឹងកើតឡើង។
ករណីកំហុសវ៉ាក់សាំង ១០ករណីទៀតពាក់ព័ន្ធនឹង ការកំណត់ចន្លោះពេលចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២ មិនត្រឹមត្រូវ ដោយផ្តល់ដូសទី២ លឿនជាងការកំណត់ដែលត្រូវផ្តល់ឱ្យ។ ចំណែកឯកំហុស៥ករណីផ្សេងទៀត គឺជាការចាក់វា៉ក់សាំងលើសកំណត់ឱ្យទៅអ្នកមកទទួលវ៉ាក់សាំង ដែលករណីចាក់វ៉ាក់សាំងលើសកំណត់នេះ កើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅតំបន់ Buan County ខេត្តចូឡាខាងជើង ដែលបុគ្គលិកពេទ្យម្នាក់ច្រលំចាក់វ៉ាក់សាំងកូវីដ Johnson & Johnson កម្រិតលើសដល់ជាង ៦ដង ឱ្យទៅបុរស៥នាក់ដែលមកទទួលវ៉ាក់សាំង។ ក្នុងចំណោមអ្នកដែលទទួលវ៉ាក់សាំងលើសកំណត់នេះ មានករណីបុរសម្នាក់កើនឡើងកម្តៅដល់ ៤០អង្សារ ខណៈអ្នកផ្សេងទៀតមិនមានចេញរោគសញ្ញាប្លែកអ្វីនោះទេ។
ក្នុងនោះដែរ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលក៏មានករណីកំហុសបច្ចេកទេសលើការចាក់វ៉ាកសាំងដទៃទៀតផងដែរ ដែលអជ្ញាធរមិនទាន់បញ្ចូលជាតួលេខផ្លូវការ ដោយសារកំពុងធ្វើការស៊ើបអង្កេត។
ជាក់ស្តែងករណីមួយផ្សេងទៀតនៅពេទ្យមួយកន្លែងនៅក្នុងទីក្រុងអ៊ីនឆន់ ដែលមានមនុស្ស ៤០នាក់ ត្រូវបានគេចាក់វ៉ាក់សាំង AstraZeneca ឱ្យបានត្រឹមតែពាក់កណ្តាលនៃចំនួនដូសដែលគេកំណត់ត្រូវឱ្យផ្តល់ទៅវិញ។ ចំណែកឯនៅពេទ្យយោធាមួយកន្លែងនៅដេហ្គូ ទាហាន៦នាក់ ត្រូវបានគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ Pfizer បានតែបន្តិចក្រោមចំណុះដែលត្រូវផ្តល់ឱ្យ ដោយសារតែគ្រូពេទ្យច្រឡំប្រើដបវ៉ាក់សាំងដែលជិតអស់ មិនបានចាប់អារម្មណ៍មើល។ ហើយក្រោយពីបានដឹងថាមានកំហុស គ្រូពេទ្យមិនអាចកំណត់ថាតើទាហាន៦នាក់នោះជានរណាឱ្យប្រាកដ ដូចនេះគ្រូពេទ្យក៏សម្រេចតម្រូវឱ្យទាហានទាំងអស់ ក្នុងក្រុមជាមួយគ្នានោះមកទទួលវ៉ាក់សាំងកូវីដឡើងវិញទាំងអស់គ្នាតែម្តង។សូមបញ្ជាក់ថា ជាទូទៅវ៉ាក់សាំងកូវីដមួយដប អាចប្រើប្រាស់ចាក់បានច្រើនដូស ទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ។
ជាមួយនឹងកំហុសឆ្គងបច្ចេកទេសទាក់ទងការចាក់វ៉ាក់សាំងដែលគេរាយការណ៍មកជាបន្តបន្ទាប់ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង (KDCA) បានលើកឡើងថានឹងព្យាយាមណែនាំបុគ្គលិកសុខាភិបាល អ្នកដែលចាក់វ៉ាក់សាំងឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត នៅពេលធ្វើការចាក់វ៉ាក់សាំងជូនប្រជាជន ហើយក៏នឹងអាចរងនូវការដាក់ទោសលើមន្ទីរពេទ្យណាដែលប្រព្រឹត្តកំហុសបែបនេះនៅពេលខាងមុខផងដែរ ដែលអាចជាការលុបចោលកុងត្រាបញ្ឈប់ឱ្យមន្ទីរពេទ្យនោះបន្តចាក់វ៉ាក់សាំងកូវីដបន្តទៀតជាដើម។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃពុធនេះ ករណីឆ្លងកូវីដថ្មីនៅកូរ៉េខាងត្បូងកើនដល់ ៥៤៥ករណីវិញហើយ ខណៈករណីឆ្លងក្នុងស្រុកមានដល់៥២២ករណី។ អជ្ញាធរក៏សម្រេចបានគោលដៅចាក់វ៉ាក់សាំងកូវីដលើស ១៣លានដូស កាលពីថ្ងៃអង្គារម្សិលមិញផងដែរ ខណៈគោលដៅចាក់វ៉ាក់សាំងឱ្យបានដល់១៤លានដូស ត្រឹមចុងខែមិថុនា អាចនឹងសម្រេចបានមុនការកំណត់ឆាប់ៗនេះផងដែរ។