ខឹងក្រុមហ៊ុនឡូជីស្ទីកមិនអនុវត្តតាមកិច្ចព្រមព្រៀង បុគ្គលិកដឹកជញ្ជូនកូរ៉េរាប់ពាន់នាក់ ចេញមកតវ៉ាផ្អើលសេអ៊ូល ដោយសារបញ្ហាធំមួយនេះក្នុងវិស័យដឹកជញ្ជូន

កូរ៉េខាងត្បូង៖ សហជីពក្រុមបុគ្គលិកដឹកជញ្ជូនកូរ៉េខាងត្បូងរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលតវ៉ាឱ្យក្រុមហ៊ុនឡូជីស្ទីក ដឹកជញ្ជូនអនុវត្តតាមកិច្ចព្រមព្រៀងការងារដែលមានកន្លងមក ដើម្បីកាត់បន្ថយការទំងន់ការងារលើបលប់ លើបុគ្គលិកដឹកជញ្ជូន នេះបើតាមព័ត៌មានចុះផ្សាយនៅថ្ងៃអង្គារនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា បុគ្គលិកដឹកជញ្ជូនកូរ៉េ ប្រមូលផ្តុំគ្នាបានជាង ៤ពាន់នាក់ នៅនឹងសួនច្បារយូដូ (Yeouido Park) នៅក្នុងទីក្រុងសេអ៊ូល ដើម្បីបន្តធ្វើការតវ៉ាទៅនឹងក្រុមហ៊ុនឡូជីស្ទីកដែលនៅតែបន្តដាក់ការងារលើសលប់សម្រាប់បុគ្គលិកអ្នកដឹកជញ្ជូន។ ការតវ៉ានេះចាប់ផ្តើមនៅរសៀលថ្ងៃអង្គារនេះ ហើយនឹងបន្តរយៈពេលពេញមួយយប់ រហូតដល់ថ្ងៃស្អែកទៀតផងដែរ។

ក្រុមបុគ្គលិកដឹកជញ្ជូនដែលចេញមកតវ៉ានេះបាននិយាយនាំគ្នាស្រែកតវ៉ា «បញ្ឈប់ការរៀប និងរកឥវ៉ាន់ដែលធ្វើជិះជាន់លើបុគ្គលិកដឹកជញ្ជូន» និងមានពាក់អាវតវ៉ាមានពាក្យស្លោកតវា៉ថា «ក្រុមហ៊ុនឡូជីស្ទីកត្រូវទទួលរៀបចំឥវ៉ាន់ដោយខ្លួនឯង»។ ពួកអ្នកតវ៉ាក៏បានស្រែកតវ៉ាថា ក្រុមហ៊ុន និងរដ្ឋាភិបាលកូរ៉េសុទ្ធតែជាពួកអ្នកកុហកផងដែរ។

ការចេញមកតវ៉ានេះ គឺធ្វើឡើងចំពេលដែលការចរចារវាងភាគីពាក់ព័ន្ធលើការអនុវត្តវិធានការទប់ស្កាត់ការធ្វើការលើសទម្ងន់ សម្រាប់អ្នកបើកបរដឹកជញ្ជូន កំពុងត្រូវបានបន្តឡើងវិញផងដែរ ដែលមានន័យថាក្រុមអ្នកតវ៉ាព្យាយាមដាក់សម្ពាធបន្ថែមលើក្រុមអ្នកចរចាដើម្បីអាចស្វែងរកដំណោះស្រាយឱ្យបានសមស្របសម្រាប់ដោះស្រាយបញ្ហាការធ្វើការលើសទម្ងន់នេះ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុនក្រុមសហជីពតំណាងបុគ្គលិកដឹកជញ្ជូនក៏បានចរចាម្តងរួចហើយដែរជាមួយតំណាងក្រុមហ៊ុនឡូជីស្ទីក និងរដ្ឋាភិបាលលើការអនុវត្តតាមកិច្ចព្រមព្រៀងការងារដែលមានកន្លងមកឱ្យមានប្រសិទ្ធភាព ប៉ុន្តែក្រុមសហជីពនេះបាននាំគ្នាដើរចេញទាំងកម្រោល ក្រោយពីការចរចាមិនអាចសម្រេចបានលទ្ធផលដែលខ្លួនទាមទារ។

កិច្ចព្រមព្រៀងការងារដែលគេចរចាលើការអនុវត្តបរាជ័យ គឺសំដៅដល់កិច្ចព្រមព្រៀងដែលភាគីសហជីព ក្រុមហ៊ុនឡូជីស្ទីក និងរដ្ឋាភិបាលកូរ៉េចរចាសម្រេចបានកាលពីខែមករាកន្លង ក្រោយពីមានករណីបុគ្គលិកដឹកជញ្ជូនកូរ៉េជាបន្តបន្ទាប់ដល់ទៅ១៦នាក់ បានបាត់បង់ជីវិតកាលពីឆ្នាំ២០២០ កន្លងទៅ ដែលគេមើលឃើញជាក់ច្បាស់ថាបណ្តាលមកពីការធ្វើការងារលើសកំណត់នេះឯង។ កិច្ចព្រមព្រៀងនេះ គឺព្រមព្រៀងដោយតម្រូវឱ្យក្រុមហ៊ុនឡូជីស្ទីកត្រូវស្វែងរកបុគ្គលិកបន្ថែម​ដោយឡែក ឱ្យមកធ្វើការងាររៀបឥវ៉ាន់ដាក់ឱ្យទៅអ្នកដឹកជញ្ជូន ដែលអាចជួយសម្រួលបន្ទុកការងារអ្នកដឹកជញ្ជូនបានមួយផ្នែកធំ ដោយកន្លងមកអ្នកបើកបរដឹកជញ្ជូន ត្រូវមកដល់កន្លែងឃ្លាំងទំនិញ ហើយដើររករៀបឥវ៉ាន់ដែលត្រូវដឹកចេញទៅឱ្យភ្ញៀវដោយខ្លួនឯង ដែលការធ្វើបែបនេះ ត្រូវបានអ្នកដឹកជញ្ជូនត្អូញត្អែរថាពិបាក និងជាបន្ទុកការងារបន្ថែមលើការងារស្នូលរបស់គាត់ក្នុងការដឹកជញ្ជូន ហើយក៏មិនទទួលបានប្រាក់បន្ថែមនោះដែរ។

កិច្ចព្រមព្រៀងដែលបានឯកភាពកាលពីខែមករានោះ ក៏បានតម្រូវឱ្យក្រុមហ៊ុនឡូជីស្ទីកតម្លើងប្រាក់ឈ្នួលបន្ថែមសម្រាប់អ្នកធ្វើការរៀបឥវ៉ាន់ផងដែរ និងត្រូវពន្លឿនដំណើរការប្រើម៉ាស៊ីនស្វ័យប្រវត្តិក្នុងការរៀបឥវ៉ាន់ ជាជាងប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធ។

សូមបញ្ជាក់ថា ក្នុងការងារដឹកជញ្ជូន និងឡូជីស្ទីកនៅក្នុងប្រទេសកូរ៉េខាងត្បូងមានការរីកចម្រើនយ៉ាងខ្លាំង ខណៈដែលការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ និងការផ្ញើទំនិញមានការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងឃ្លាំងដឹកជញ្ជូននីមួយៗមានទំនិញគរគ្នារាប់រយ រាប់ពាន់ប្រអប់ ដែលនាំឱ្យការរៀបចំឥវ៉ាន់សម្រាប់ឱ្យទៅអ្នកដឹកជញ្ជូននេះកាន់តែមានការលំបាកខ្លាំងបែបនេះ។

Leave a Reply

Your email address will not be published. Required fields are marked *