ចែករំលែក! ជនបរទេសណាចាក់វ៉ាក់សាំងកូវីដរួចរាល់ អាចចូលមកកូរ៉េខាងត្បូង មិនបាច់ចត្តាឡីស័ក14ថ្ងៃទៀតទេ តែត្រូវស្របតាមលក្ខខណ្ឌ 4 ធំៗនេះសិន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់ការលើកលែងបរទេសដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូងមិនចាំបាច់ជាប់វិធានការចត្តាឡីស័ក១៤ថ្ងៃទៀតនោះទេ ចាប់ពីខែកក្កដាក្រោយនេះទេ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃចន្ទម្សិលមិញនេះ។

វិធានការបន្ធូរបន្ថយថ្មីនេះ ត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសពីថ្ងៃអាទិត្យនេះ ដោយលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសណាដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ចូលមកប្រទេសកូរ៉េខាងត្បូងមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនោះទេ បើទោះជាសញ្ជាតិណាក៏ដោយ តែត្រូវក្រោមលក្ខខណ្ឌធំៗ ៤យ៉ាងខាងក្រោមនេះ៖

ទី១ អ្នកដែលធ្វើដំណើរចូលមកកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងគឺ ត្រូវជាវ៉ាក់សាំងទាំងឡាយណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) រួចរាល់។

លក្ខខណ្ឌទី២គឺ អ្នកដែលបានចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង ហើយរយៈពេលគម្លាតពីពេលចាក់វ៉ាក់សាំងដូសចុងក្រោយ និងពេលចូលមកដល់ប្រទេសកូរ៉េត្រូវមានគម្លាត១៤ថ្ងៃ ឬ២សប្តាហ៍ពេញយ៉ាងតិច។

ទី៣ ការលើកលែងនេះថ្វីត្បិតផ្តល់ឱ្យគ្រប់សញ្ជាតិទាំងអស់ដែលចូលមកកូរ៉េខាងត្បូង តែត្រូវកំណត់អាទិភាពសម្រាប់តែគោលបំណងធ្វើដំណើរមួយចំនួនសិនប៉ុណ្ណោះ ដូចជាការធ្វើធុរកិច្ច(រកស៊ី)សំខាន់ ការសិក្សា ឬកិច្ចការស្រាវជ្រាវ ការងារជាផលប្រយោជន៍សាធារណៈ និងកិច្ចការមនុស្សធម៌ ឬក៏ជាការធ្វើដំណើរមកលេងគ្រួសារផ្ទាល់នៅក្នុងប្រទេសកូរ៉េ។

ទី៤ អ្នកដែលមកពីប្រទេសដែលមានការផ្ទុះករណីកូវីដខ្លាំង ឬមានករណីមេរោគបម្លែងខ្លួនច្រើននឹងមិនត្រូវអនុញ្ញាតឱ្យទទួលបានការលើកលែងធ្វើចត្តាឡីស័កនោះទេ។ ប្រទេសដែលហាមឃាត់មានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសម៉ាឡាវី ប្រទេសប្រេស៊ីល ប្រទេសបូស្វាណា ប្រទេសតង់ហ្សានៀ ប្រទេសម៉ូហ្សាមប៊ិក ប្រទេសបង់ក្លាដេស ប្រទេសស៊ូរីណាម ប្រទេសអេស្វាទីនី ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសហ្គីណេអេក្វាទ័រ ប្រទេសឈីលី និងប្រទេសប៉ារ៉ាហ្គាយ។ បញ្ជីឈ្មោះប្រទេសដែលត្រូវហាមឃាត់ការលើកលែងនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំខែបន្តបន្ទាប់។

អ្នកដែលចង់ស្នើសុំទទួលបានការលើកលែងចត្តាឡីស័កពេលចូលមកដល់ប្រទេសកូរ៉េនេះ ត្រូវធ្វើការស្នើសុំទិដ្ឋាការ និងភ្ជាប់ជូនឯកសារចាំបាច់នានា លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងជាដើម​ ឬឯកសារពាក់ព័ន្ធគ្រួសារនៅក្នុងប្រទេសកូរ៉េជាដើម តាមរយៈស្ថានទូតកូរ៉េខាងត្បូងនៅតាមប្រទេសរបស់អ្នកធ្វើដំណើរ មុននឹងចាប់ផ្តើមធ្វើដំណើរ។ សូមបញ្ជាក់ថា ជាមួយនឹងការលើកលែងចត្តាឡីស័កពិសេសនេះ អ្នកធ្វើដំណើរក៏ត្រូវតែធ្វើតេស្តកូវីដមុន និងក្រោយពេលចូលមកដល់ប្រទេសកូរ៉េខាងត្បូងផងដែរ។

តែយ៉ាងណាមិញ អ្នកជំនាញផ្នែកសុខាភិបាលកូរ៉េក៏មានការបារម្ភផងដែរ ថាប្រទេសដែលមានករណីផ្ទុះកូវីដខ្លាំងដូចជាឥណ្ឌា និងប្រទេសអង់គ្លេសដែលជាប្រភពនៃមេរោគកូវីដបម្លែងខ្លួននោះ ក៏ត្រូវបានផ្តល់ការអនុញ្ញាតលើកលែងធ្វើចត្តាឡីស័កនេះផងដែរ ដែលអាចនឹងនាំយកមកនូវមេរោគបម្លែងខ្លួនថ្មីចូលមកក្នុងប្រទេសកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *