CEO និងថ្នាក់ដឹកនាំច្រើនរូបនៃក្រុមហ៊ុនយក្សកូរ៉េផលិតកប៉ាល់ Hyundai Heavy ត្រូវចោទពីបទបង្កគ្រោះថ្នាក់ការងារ រហូតដល់មានកម្មករបាត់បង់ជីវិត

កូរ៉េខាងត្បូង៖ នាយកប្រតិបត្តិ (CEO) និងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិកក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hyundai Heavy Industries Co. ១៧នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ នៅនឹងរោងចក្ររបស់ក្រុមហ៊ុនកន្លងមក​ នេះបើតាមការបញ្ជាក់របស់រដ្ឋអជ្ញាកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។

រដ្ឋអជ្ញានៃក្រុងអ៊ុលសាន បានបញ្ជាក់ថា អ្នកជាប់សង្ស័យរងការចោទប្រកាន់មានទាំងថ្នាក់ដឹកនាំកំពូលគឺ នាយកប្រតិបត្តិ (CEO) និងថ្នាក់ដឹកនាំជាន់ខ្ពស់បច្ចុប្បន្ន និងអតីតកាលពីមុនទាំងអស់ដល់ទៅ១៨ នាក់ ហើយអ្នកទាំងអស់នេះរងពីបទចោទប្រកាន់បំពានលើច្បាប់សុវត្ថិភាពទីតាំងការងារ និងការមិនអើពើ មិនគោរពតតាមបែបផែនបច្ចេកទេសជំនាញនៅនឹងទីតាំងការងារ ដែលនាំឱ្យឈានដល់ករណីគ្រោះថ្នាក់ការងារដល់បាត់បង់ជីវិតកន្លងមក។

ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hyundai Heavy Industries Co. មានទីស្នាក់ការនៅក្រុងអ៊ុលសាន ប្រមាណ ៤១៤​ គីឡូម៉ែត្រពីក្រុងសេអ៊ូល ដែលកន្លងមកចន្លោះពីខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ការងារធ្ងន់ធ្ងរដល់ទៅ ៥ករណី ដែលក្នុងនោះបានបណ្តាលឱ្យកម្មករម្នាក់បាត់បង់អាយុជីវិត ដោយសារតែត្រូវថប់ដង្ហើមនៅផ្នែកខាងក្នុងនៃកប៉ាល់ដឹកហ្គាសខ្នាតធំ។

បើតាមការបញ្ជាក់របស់ក្រសួងការងារ និងពលករកូរ៉េខាងត្បូង បានឱ្យដឹងថាតាមលទ្ធផលនៃការចុះអង្កេត និងត្រួតពិនិត្យសុវត្ថិភាពទីតាំងការងារនៅនឹងរោងចក្ររបស់ក្រុមហ៊ុនចន្លោះពីខែកញ្ញា ២០១៩ ដល់កក្កដា ២០២០ គេរកឃើញយ៉ាងហោច ៦៣៥ ចំណុចដែលជាហានិភ័យសុវត្ថិភាពការងារ។

រដ្ឋអជ្ញាបញ្ជាក់ផងដែរ នាយកប្រតិបត្តិ (CEO) ត្រូវរងចោទប្រកាន់អនុលោមទៅតាមគោលការណ៍ថ្មីដែលរឹតបន្តឹងខ្លាំងទៅលើការគ្រប់គ្រងសុវត្ថិភាពទីតាំងការងារ និងបង្ការហានិភ័យ ដែលក្រោមគោលការណ៍នេះក៏នឹងមានការពិន័យ និងដាក់ទោសធ្ងន់ធ្ងរផងដែរស្របទៅតាមការកំណត់នៃច្បាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hyundai Heavy Industries Co. ជាក្រុមហ៊ុនផ្នែកនៃក្រុមហ៊ុន Hyundai ដោយផ្តោតជំនាញលើការផលិតកប៉ាល់ធំៗ ដែលក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតកប៉ាល់ធំជាងគេ ក្នុងចំណោមក្រុមហ៊ុនធំៗទាំងអស់ទូទាំងពិភពលោកក្នុងឧស្សាហកម្មផលិតកប៉ាល់នេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *