ជាប់បំណុលវ័ណ្ឌករ ! ក្រុមហ៊ុន SsangYong របស់កូរ៉េ ឯកភាពឱ្យបុគ្គលិកខ្លួនដល់ពាក់កណ្តាល ដាក់ច្បាប់អត់យកប្រាក់ខែ២ឆ្នាំ សង្ឃឹមអាចស្រោចស្រង់វិញបាន

កូរ៉េខាងត្បូង៖ បុគ្គលិកក្រុមហ៊ុនផលិតរថយន្ត SsangYong Motor Co របស់កូរ៉េខាងត្បូង ពាក់កណ្តាលឯកភាពទទួលយកច្បាប់សម្រាកការងាររយៈពេល ២ឆ្នាំ មិនយកប្រាក់ខែចាប់ផ្តើមពីខែកក្កដាខាងមុខនេះ ជាវិធានការជួយសម្រួលដល់ដំណើរការក្រុមហ៊ុន SsangYong នេះដែលមានបញ្ហាហិរញ្ញវត្ថុ និងកំពុងជាប់ជំពាក់បំណុលវ័ណ្ឌករដែរនោះ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃចន្ទនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ជាភាសាអង់គ្លេស ក្រុមហ៊ុន SsangYong ដែលជាក្រុមហ៊ុនយានយន្តល្បីគួរសម និងធំមួយដែររបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថាថ្នាក់ដឹកនាំក្រុមហ៊ុន បានឯកភាពនិងសហជីពបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន ក្នុងការកែសម្រួលប្រតិបត្តិការ និងរចនាសម្ព័ន្ធមួយចំនួន ដែលរួមមានទាំងការបន្ថយបុគ្គលិកពាក់កណ្តាល ក្នុងលក្ខខណ្ឌដាក់ច្បាប់មិនយកប្រាក់ខែរយៈពេល ២ឆ្នាំ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន។

បុគ្គលិកពាក់កណ្តាលដែលទទួលយកការដាក់ច្បាប់មិនយកប្រាក់ខែនេះ គឺមានដល់ជាង ២,៤០០នាក់ឯណោះ ហើយក្រៅពីវិធានការនេះ ក៏មានវិធានការកាត់បន្ថយប្រាក់ខែមួយចំនួន និងកាត់បន្ថយអត្ថប្រយោជន៍មួយចំនួនទៀតដែលផ្តល់ជូនឱ្យបុគ្គលិកផងដែរ ដើម្បីអាចឱ្យក្រុមហ៊ុនអាចនៅបន្តដំណើរការបាន ហើយក្រុមហ៊ុនក៏បានសន្យាថានឹងមិនរើសយកបុគ្គលិកថ្មីក្នុងរយៈពេលដល់ទៅ ៥ឆ្នាំខាងមុខផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតយានយន្តធំរបស់កូរ៉េខាងត្បូងនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការ (Court receivership) ក្រោយពីខ្លួនមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរបណ្តាលមកពីវិបត្តិកូវីដដែលបានអូសបន្លាយពីឆ្នាំមុនមកនោះ។ បញ្ហាបន្ថែមទៀតនោះគឺនៅត្រង់ថា ក្រុមហ៊ុនធំ Mahindra & Mahindra Ltd. របស់ឥណ្ឌា ដែលជាអាណាព្យាបាលក្រុមហ៊ុន SsangYong Motor Co របស់កូរ៉េខាងត្បូងនេះក្នុងអំឡុងពេលកូវីដនេះ មិនអាចរកបានអ្នកមកបោះទុនវិនិយោគលើក្រុមហ៊ុនដែលកំពុងមានបញ្ហាហិរញ្ញវត្ថុនេះ។

បើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន SsangYong វិធានការដាក់ច្បាប់រយៈពេល២ឆ្នាំមិនយកប្រាក់ខែនេះ ជាវិធានការសមស្រប និងមានប្រសិទ្ធភាពដើម្បីអាចឱ្យក្រុមហ៊ុនកាត់បន្ថយចំណាយលើបុគ្គលិក និងមិនចាំបាច់បញ្ឈប់បុគ្គលិកចោលតែម្តង ហើយក្រុមហ៊ុនសង្ឃឹមថានឹងអាចមានដំណោះស្រាយឆាប់ៗនេះ ដែលអាចជាការបញ្ចូលគ្នាជាមួយក្រុមហ៊ុនធំណាមួយផ្សេងទៀត។

កន្លងមក ក្រុមហ៊ុន SsangYong បានកាត់បន្ថយផលិតកម្មរបស់ខ្លួនដោយសារតែកង្វះខាតការផ្គត់ផ្គង់ និងមិនមានការបញ្ជាទិញផងដែរ ហើយបច្ចុប្បន្នក្រុមហ៊ុនផលិតយានយន្តតែ ៨,០០០ គ្រឿងប៉ុណ្ណោះក្នុងមួយខែ ហើយមានបុគ្គលិកត្រឹមតែ២វេនប៉ុណ្ណោះ។ កាលពីខែធ្នូ ២០២០កន្លងទៅ ក្រោយពីមិនអាចស្នើសុំកម្ចីទំហំដល់ ១៦៥ប៊ីលានវ៉ុន (ប្រមាណជាង ១៤៧លានដុល្លារ)បាន ក្រុមហ៊ុនបានដាក់ឯកសារផ្ទេរការកាន់កាប់ទៅឱ្យតុលាការ ដែលនេះជានីតិវិធីទូទៅក្នុងករណីដែលក្រុមហ៊ុនណាមួយអនុវត្តពេលមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ឬហៀបនឹងក្ស័យធន។ ក្រោមការគ្រប់គ្រងរបស់តុលាការនេះមានន័យថា តុលាការជាអ្នកសម្រេចកែទម្រង់យ៉ាងណាដើម្បីអាចឱ្យក្រុមហ៊ុននៅបន្តបាន ឬមិនបាន ដែលអាស្រ័យលើថាតើនឹងមានអ្នកវិនិយោគថ្មីណា មកបោះទុនវិនិយោគឬទេ ដើម្បីអាចបន្តដំណើរការ ក៏ដូចជាទូទាត់សងបំណុលនានាដែលក្រុមហ៊ុនជំពាក់កន្លងមក។

សូមបញ្ជាក់ថា ការប្រកាសនៅក្រោមការគ្រប់គ្រងរបស់តុលាការនេះរបស់ក្រុមហ៊ុន SsangYong គឺជាលើកទី២ហើយ ដែលកាលពីលើកមុនជាង ១០ឆ្នាំមុន ក្រុមហ៊ុននេះក៏បានជួបវិបត្តិហិរញ្ញវត្ថុហៀបនឹងក្ស័យធនដូចគ្នានេះម្តងដែរ។

រថយន្តរបស់ក្រុមហ៊ុន SsangYong នេះក៏មានចរាចរណ៍នៅក្នុងទីផ្សារកម្ពុជាយើងផងដែរ

 

Leave a Reply

Your email address will not be published. Required fields are marked *