ទាហានកូរ៉េខាងត្បូង ម្នាក់ទៀតហើយបាត់បង់ជីវិត ៦ថ្ងៃក្រោយបានទទួលវ៉ាក់សាំងកូវីដ Pfizer ដូសទី១ ខណៈអជ្ញាធរមិនទាន់កំណត់មូលហេតុបាននៅឡើយ

កូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងត្បូងម្នាក់ អាយុ២០ឆ្នាំជាង បានបាត់បង់ជីវិតត្រឹម៦ថ្ងៃ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ Pfizer ដូសទី១រូចរាល់ នេះបើតាមការបញ្ជាក់របស់តំណាងក្រសួងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ។

ទាហានដែលបានបាត់បង់ជីវិតក្រោយពីបានចាក់វ៉ាក់សាំងនេះ មានមូលដ្ឋាននៅក្រុងសេអ៊ូល ហើយត្រូវបានគេរកឃើញបាត់មាត់ បាត់កមិនដឹងខ្លួននៅនឹងបន្ទាយរបស់ខ្លួន កាលពីថ្ងៃម្សិលមិញ ហើយត្រូវគេបានបញ្ជូនទៅមន្ទីរពេទ្យ តែមិនអាចជួយសង្គ្រោះបាននោះឡើយ។

អជ្ញាធរមិនទាន់អាចកំណត់បានពីមូលហេតុជាក់លាក់នៃករណីនេះនៅឡើយទេ ដោយការជាប់សង្ស័យទៅការចាក់វ៉ាក់សាំង Pfizer ក៏មិនទាន់ត្រូវបានបញ្ជាក់យកជាការនោះដែរ ដោយអជ្ញាធរកំពុងបន្តពិនិត្យលើករណីនេះ និងពិនិត្យលើទាហានខាងលើបន្ថែមទៀត។

សូមបញ្ជាក់ថា នេះជាករណីទីពីរហើយ ដែលទាហានកូរ៉េខាងត្បូង ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួច បានបាត់បង់ជីវិត បើទោះបីគេមិនទាន់កំណត់ជាក់ច្បាស់ពីមូលហេតុពិតប្រាកដក៏ដោយ។

ករណីទី១នោះគឺកើតឡើងកាលពីដើមខែមិថុនានេះដែរ ដោយមន្ត្រីយោធាទ័ពអាកាសកូរ៉េខាងត្បូង អាយុជាង៤០ឆ្នាំ បានបាត់បង់ជីវិតក្រោយពីបានទទួលវ៉ាក់សាំងកូវីដ AstraZeneca ដូសទី២រួចហើយ ហើយក្រុមគ្រួសារទាហានរូបនោះក៏ស្នើមិនចង់ឱ្យមានការពិនិត្យបន្ថែមទៀតលើជនរងគ្រោះនោះដែរ ដែលនាំឱ្យមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ របស់ Pfizer ឱ្យទាហានអាយុក្រោម៣០ឆ្នាំចុះក្រោម ពីសប្តាហ៍មុនមក ហើយគិតត្រឹមថ្ងៃសុក្រនេះ មានទាហានចំ​នួន ១៦២,០៥៣នាក់ហើយ ប្រមាណជាង ៤០% បានទទួលវ៉ាក់សាំងនេះ។

ចំណែកឯទាហានដែលមានអាយុ៣០ឆ្នាំឡើងទៅ ត្រូវគេឱ្យទទួលវ៉ាក់សាំងកូវីដ AstraZeneca ដែលគិតមកដល់ពេលនេះ មាន៨៨%នៃទាហានដែលមានអាយុ៣០ឆ្នាំឡើងទៅ បានឯកភាពទទួលដូសទី១ផងដែរ។

នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដថ្មីត្រឹម ៣៩៩ ករណី ជាតួលេខទាបជាងគេក្នុងរយៈពេលជាង ២ខែចុងក្រោយ ខណៈដែលតួលេខនៃការចាក់វ៉ាក់សាំងក៏បានកើនឡើងក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ផងដែរ ដែលគេរំពឹងថានឹងអាចសម្រេចបានគោលដៅចាក់វ៉ាក់សាំងឱ្យបានដល់ ១៤លាននាក់ ត្រឹមសប្តាហ៍នេះផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *