ជើងហោះហើរ “ដោយគ្មានទិសដៅ” ប្លែកសម័យកូវីដនៅកូរ៉េខាងត្បូង ត្រឹម៦ខែជាង មានអតិថិជនជិះដល់ម៉ឺននាក់ដែរ និងរកចំណូលបន្ថែមរាប់លានដុល្លារ

កូរ៉េខាងត្បូង៖ តាំងពីមានជើងហោះហើរប្រភេទថ្មីនៅកូរ៉េខាងត្បូង សម័យកូវីដដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើដំណើរហោះនៅលើមេឃមួយជុំ ហើយចុះចតវិញមកដោយគ្មានទិសដៅទៅណាផ្សេងនោះ គិតមកដល់ពេលនេះ មានអតិថិជនដែលបានហោះហើរតាមរបៀបនេះ ជាង ១៦,០០០ នាក់ហើយ នេះបើតាមការិយាល័យគយកូរ៉េខាងត្បូងបានបញ្ជាក់។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ការិយាល័យគយកូរ៉េខាងត្បូងបានបង្ហាញតួលេខជាក់ស្តែងថា មានអតិថិជនដល់ទៅ ១៥,៩៨៣ នាក់បានចុះឈ្មោះ និងទិញសំបុត្រធ្វើដំណើរដោយគ្មានគោលដៅនេះ គឺហោះមួយជុំលើមេឃ ទទួលបានបទពិសោធន៍ដូចធ្វើដំណើរទៅស្រុកក្រៅ តែគោលដៅជាក់ស្តែងគឺគ្មាននោះទេ ដោយក្រោយពីហោះមួយជុំលើមេឃ ហើយត្រូវចុះចតនៅទីតាំងព្រលានយន្តហោះដើមវិញ។

ជើងហោះហើរប្រភេទនេះ ត្រូវបានបណ្តាក្រុមហ៊ុនអាកាសចរធំៗរបស់កូរ៉េខាងត្បូងរួមមានទាំងក្រុមហ៊ុន Korean Air ក្រុមហ៊ុន​ Asiana Airlines និង Jeju Air និងក្រុមហ៊ុនដទៃទៀតបានដាក់ឱ្យបម្រើការ ចាប់តាំងពីខែធ្នូ ២០២០ មកដល់បច្ចុប្បន្ននេះ។ តួលេខនៃអ្នកធ្វើដំណើរតាមប្រភេទសេវាកម្មថ្មី និងប្លែកដែលទើបតែមានសម័យកូវីដនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលដែលមានដល់ទៅជាង ១៦,០០០នាក់ បានធ្វើដំណើររបៀបនេះ។

បើតាមអជ្ញាធរគយកូរ៉េខាងត្បូង បានបញ្ជាក់ដែរថាក្នុងរយៈពេលជាង៦ខែនេះ អតិថិជនទាំងអស់ដែលបានហោះហើរលើអាកាសនេះ ក៏បានចំណាយសរុបជាង ២២.៨ប៊ីលានវ៉ុន (២០លានដុល្លារ)) បន្ថែមពីលើសំបុត្រយន្តហោះ ដើម្បីទិញទំនិញមិនជាប់ពន្ធ (duty-free products) នៅក្នុងពេលហោះហើរនោះដែរ។

កម្មវិធីជើងហោះហើរបែបនេះ បើតាមការបញ្ជាក់នឹងអាចបន្តដំណើរការរហូតដល់ចុងឆ្នាំ២០២១នេះ អាចនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ហើយការធ្វើដំណើរទៅមកជុំវិញពិភពលោកអាចមានភាពល្អប្រសើរជាងមុននោះ។

លក្ខណៈពិសេសនៃជើងហោះហើរប្រភេទគ្មានទិសដៅ សម្រាប់ពេលកូវីដនេះ គឺការហោះហើរមិនមានគោលដៅចុះចតនៅព្រលានយន្តហោះណាផ្សេងនោះទេ គឺហោះចេញពីព្រលានណា ចុះចតនៅនឹងព្រលានយន្តហោះនោះវិញដដែល តែអ្នកធ្វើដំណើរអាចទិញទំនិញដែលដាក់លក់មិនជាប់ពន្ធនៅលើយន្តហោះផ្ទាល់ ដែលនេះជាប្រភពចំណូលសំខាន់​មួយដែរសម្រាប់បណ្តាក្រុមហ៊ុនអាកាសចរ។ អ្នកធ្វើដំណើរក្រៅពីអាចទទួលបានបទពិសោធន៍នៃការហោះហើរបានហើយនោះ ក៏មិនចាំបាច់ត្រូវធ្វើការពិនិត្យកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅពេលដែលចុះចតវិញនោះដែរ។

ចំណែកឯក្រុមហ៊ុនអាកាសចរវិញ អាចទទួលបានប្រយោជន៍ដូចជារកចំណូលពីការលក់សំបុត្រយន្តហោះបានមួយផ្នែក មកទប់នឹងស្ថានការណ៍កូវីដដែលសឹងធ្វើឱ្យវិស័យអាកាសចរគ្មានដំណើរការសោះនោះ ហើយក្រុមហ៊ុនក៏អាចទទួលបានចំណូលពីការលក់ទំនិញផ្សេងៗក្នុងពេលហោះហើរផងដែរ។

បើតាមតួលេខធ្វើដំណើរ ក្រុមហ៊ុនអាកាសចរ Air Busan Co. បានដំណើរការជើងហោះហើរបែបនេះច្រើនជាងគេដល់ទៅ ៣៥ជើងហោះហើរ ខណៈក្រុមហ៊ុន Jeju Air Co. ហោះហើរបាន ៣៤ជើង និងក្រុមហ៊ុន Jin Air. ហោះហើរបាន ៣៣ជើង។

សូមអាន៖ ក្រុមហ៊ុន Korean Air ដាក់ចេញកញ្ចប់ហោះហើរថ្មីសម័យកូវីដ ក្រវែលលើអាកាសមួយជុំ ហើយត្រឡប់មកវិញ ដោយមិនមានចុះចតនៅគោលដៅណាមួយឡើយ

Leave a Reply

Your email address will not be published. Required fields are marked *