កូវីដត្រឹម១ឆ្នាំ គេអាចផលិតវ៉ាក់សាំងបង្ការយ៉ាងច្រើន​ ចំណែកឯជំងឺអេដស៍វិញមានជាង៤០ឆ្នាំហើយ​ នៅតែមិនមានវ៉ាក់សាំង តាមពិតដោយសារបញ្ហាធំមួយនេះ

ជំងឺអេដស៍ចាប់ផ្តើមមានវត្តមានលើមនុស្សដំបូងតាំងពីឆ្នាំ ១៩៨១មកម្លេះ។ ទោះជាអ្នកវិទ្យាសាស្ត្រក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរកវិធីព្យាបាលជំងឺអេដស៍ក្តី គេនៅមិនទាន់រកឃើញថ្នាំព្យាបាល ជំងឺនេះឱ្យជាដាច់បានឡើយ។ ចំណែកវ៉ាក់សាំងបង្ការជំងឺអេដស៍នេះ ក៏អ្នកវិទ្យាសាស្ត្រនៅមិនទាន់អាច បង្កើតឡើងដែរ។ មូលហេតុអ្វីបានជា ៤០ឆ្នាំទៅហើយ អ្នកវិទ្យាសាស្ត្រនៅតែគ្មានលទ្ធភាពស្រាវជ្រាវឃើញវ៉ាក់សាំងបង្ការជំងឺនេះទៀត?

នៅពេលនិយាយអំពីវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ មនុស្សគ្រប់គ្នានឹងនឹកឃើញដល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានបង្កើតឡើងក្នុងរយៈពេលដ៏ខ្លី ហើយថែមទាំងមាន សុវត្ថិភាពនិងប្រសិទ្ធភាពទៀតផង។

យ៉ាងណាមិញ ជំងឺអេដស៍កើតមានយូរមកហើយនោះ នៅតែគ្មានបង្កើតវ៉ាក់សាំងបង្ការបាននៅឡើយ។ ពោលគឺ វាមានតែថ្នាំជួយពន្យាពេលសម្រាប់អ្នកជំងឺ ក៏ដូចជាការពារមិនឱ្យឆ្លងទៅអ្នកដទៃ និងរក្សាសុខភាពមិនឱ្យទ្រុឌទ្រោមលឿនប៉ុណ្ណោះ។

តាមពិតទៅវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានផលិតដោយយកលំនាំតាមការផលិត វ៉ាក់សាំងបង្ការជំងឺអេដស៍ដែរ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារ AFP។ ប៉ុន្តែវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ខណៈវ៉ាក់សាំងបង្ការជំងឺអេដស៍បែជាបរាជ័យទៅវិញ។ លោក Larry Corey អ្នកស្រាវជ្រាវពិសេសនៃអង្គការពិភពលោកគាំទ្រការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺអេដស៍បានថ្លែងថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនមាន លទ្ធភាពគ្រប់គ្រាន់ប្រឆាំងវីរុស HIV បង្កជំងឺអេដស៍នៅឡើយទេ។

វីរុស HIV ដែលបង្កឱ្យកើតជំងឺអេដស៍ មានចំនួនច្រើនរាប់រយ រាប់ពាន់ក្នុងខ្លួនអ្នកជំងឺម្នាក់ៗ ដែលបានឆ្លង។ ជាពិសេស វីរុសនេះមានសមត្ថភាពបំបែកខ្លួនបានយ៉ាងឆាប់រហ័ស ពាសពេញខ្លួនអ្នកជំងឺក្នុងរយៈខ្លីប៉ុណ្ណោះ។ នេះបើតាមការពន្យល់របស់លោក William Schief អ្នកដឹកនាំការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺអេដស៍នៅវិទ្យាស្ថានស្រាវជ្រាវ Scripps។

HIV ជាប្រភេទវីរុសដែលអាចចម្លងព័ត៌មានសេនេទិចពីវីរុសដើមហើយបំបែកខ្លួន បានលឿនខ្លាំងណាស់។ ដូច្នេះ ការអភិវឌ្ឍន៍វ៉ាក់សាំងមានការលំបាកនឹងទទួលជោគជ័យ។ អ្នកជំនាញរូបនេះបានថ្លែងដូច្នេះ។

តាមពិតទៅ វ៉ាក់សាំងដែលមានប្រសិទ្ធភាពចំពោះវីរុសនេះលុះត្រាតែមានសមត្ថភាពទៅបញ្ឈប់ការចម្លងព័ត៌មានសេនេទិចហើយសម្លាប់វាមិនឱ្យមានការបំបែកខ្លួនតែម្តង។ វ៉ាក់សាំងដែលគ្រាន់តែទៅកាត់ បន្ថយចំនួនវីរុសនឹងមិនមានប្រសិទ្ធភាពចំពោះវីរុស HIV ឡើយ ដ្បិតថា ចំនួនវីរុសដែលនៅសល់ នឹងបំបែកខ្លួនបន្តហើយរស់នៅក្នុងខ្លួនអ្នកជំងឺជារៀងរហូត។

មកទល់ពេលនេះ ការប្រឹងប្រែងអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺអេដស៍នៅមិនទាន់ទទួលបានជោគជ័យ នៅឡើយទេ។ កាលពីឆ្នាំ២០២០ មានការសិក្សាមួយដែលមានឈ្មោះថា Uhambo ធ្វើឡើងនៅអាហ្រ្វិកខាងត្បូង ហើយទទួលបរាជ័យ។

ដោយឡែក បច្ចុប្បន្ននេះក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson ក៏កំពុងសិក្សាស្រាវជ្រាវរកវ៉ាក់សាំងបង្ការជំងឺអេដស៍ដែរ ដោយក្រុមហ៊ុននេះបានធ្វើតេស្តលើស្ត្រីចំនួន ២៦០០នាក់ នៅអនុតំបន់ សាហារ៉ា នៃទ្វីបអាហ្វ្រិក។ លទ្ធផលនៃការសិក្សានេះត្រូវបានរំពឹងថានឹងទទួលបាន នៅប៉ុន្មានខែខាងមុខនេះ៕

ខ្លឹមសារទាំងស្រុងពី៖ សារព័ត៌មានថ្មីៗ – ឈួន ឈី​វ​អុីង

Leave a Reply

Your email address will not be published. Required fields are marked *