អនុវិទ្យាល័យនៅប្រជុំជនសេអ៊ូល នឹងបង្កើនចំនួនសិស្សមករៀនផ្ទាល់ពីថ្ងៃចន្ទនេះ ខណៈរដ្ឋាភិបាលគ្រោងនឹងឱ្យរៀនផ្ទាល់ក្នុងថ្នាក់ទាំងស្រុងវិញ ឆាប់ៗនេះ

កូរ៉េខាងត្បូង៖ ថ្នាក់អនុវិទ្យាល័យនៅតាមសាលាក្នុងទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ នឹងត្រូវបង្កើនចំនួនសិស្សដែលអាចមករៀនផ្ទាល់ក្នុងថ្នាក់រៀនបានវិញហើយចាប់ពីថ្ងៃចន្ទនេះទៅ នេះបើតាមការបញ្ជាក់របស់មន្ត្រីអប់រំ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ផែនការថ្មីក្នុងការបង្កើនចំនួនសិស្សមករៀនផ្ទាល់ ក្នុងទីប្រជុំជនសេអ៊ូលនេះ នឹងបង្កើនពីចំនួនកំណត់សិស្សត្រឹម ១/៣ នៃសិស្សសរុបដែលអាចមករៀនផ្ទាល់ ឱ្យឡើងដល់ចំនួន ២/៣ នៃសិស្សសរុបដែលអាចមករៀនផ្ទាល់វិញ ដែលនឹងអនុញ្ញាតឱ្យសិស្សអាចមករៀនផ្ទាល់ក្នុងថ្នាក់រៀនបានច្រើនជាងមុន ខណៈដែលសិស្ស អាណាព្យាបាល ក៏ដូចជាមន្ត្រីអប់រំសុទ្ធតែបារម្ភពីផលប៉ះពាល់តាមរយៈការបង្រៀនអនឡាញ ដែលអាចមានផលអវិជ្ជមានចំពោះការអប់រំរបស់សិស្សនោះ។

សម្រាប់តំបន់ទីប្រជុំជនសេអ៊ូល គេឃើញថាកន្លងមកត្រឹមចុងខែឧសភា តួលេខនៃសិស្សដែលអាចមករៀនផ្ទាល់ក្នុងថ្នាក់រៀនសម្រាប់ថ្នាក់អនុវិទ្យាល័យមានកម្រិតត្រឹម ៤៨.៣% ទាបជាង ថ្នាក់បឋមសិក្សា ដែលមានសិស្សមករៀនផ្ទាល់ដល់ទៅ ៦៧.៧% និងវិទ្យាល័យ ៦៧.២%។

ក្នុងការបង្កើនសិស្សមករៀនផ្ទាល់នេះ អជ្ញាធរអប់រំប្រចាំក្រុងសេអ៊ូល ក៏បានដាក់ចេញផែនការគ្រោងនឹងអនុវត្តវិធានការការពារមេរោគឱ្យបានកាន់តែតឺងរ៉ឹងបន្ថែមទៀតផងដែរ។

ការបង្កើនចំនួនសិស្សមករៀនផ្ទាល់នេះ ត្រូវបានធ្វើឡើងជាដំណាក់កាលបន្តិចម្តងៗ ខណៈដែលរដ្ឋាភិបាលគ្រោងនឹងរៀបចំឱ្យមានការ​មករៀនផ្ទាល់ក្នុងថ្នាក់ទំាងស្រុងវិញ ទូទាំងប្រទេសចាប់ពីឆមាសថ្មីរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ។ ហើយ​ កន្លងថ្មីៗនេះ ក៏មានតំបន់មួយចំនួនបានចាប់ផ្តើមអនុញ្ញាតឱ្យសិស្សមករៀនផ្ទាល់បានទាំងស្រុងរួចហើយដែរ ដូចជា ខេត្តឈុនណាម កាលពីសប្តាហ៍មុន ដែលបានបើកអនុញ្ញាតឱ្យសិស្សនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដល់ទៅ ៨២២ ទូទាំងខេត្ត អាចចូលរៀនផ្ទាល់វិញផងដែរ។

រីឯខេត្តមួយចំនួនដូចជា ខេត្តឈុងឈុនខាងជើង និងខេត្តហ្គាងវ៉ុន ក៏បានដាក់ចេញផែនការឱ្យចូលរៀនក្នុងថ្នាក់ផ្ទាល់វិញបានទាំងស្រុងផងដែរ ដែលអាចនឹងចាប់ផ្តើមពីខែមិថុនានេះ និងពីដើមខែក្រោយនេះទៅផងដែរ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ មានករណីឆ្លងកូវីដថ្មីចំនួន ៤៥២ករណី ដែលនាំឱ្យតួលេខឆ្លងសរុបកើនដល់ ១៤៧,៨៧៤ ករណីហើយ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *