នៅខេត្តឈុនណាម កូនសិស្សម្នាក់ជា កូរ៉េកាត់វៀតណាម ត្រូវបានសិស្សរួមថ្នាក់ រើសអើង វាយធ្វើបាប និងប្រមាថដោយសារខ្លួនជាកូនកាត់វៀតណាម

កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េកំពុងបើកការស៊ើបអង្កេតករណីមួយ លើកូនសិស្សថ្នាក់អនុវិទ្យាល័យម្នាក់អាយុ ១៥ឆ្នាំ នៅខេត្តឈុនណាម​ (전남)  ម្នាក់ដែលត្រូវមិត្តរួមថ្នាក់ និងសិស្សដូចគ្នា វាយធ្វេីបាប​ ជេរប្រមាថ​ជាបន្តបន្ទាប់ដោយសារតែសិស្សរងគ្រោះនោះជាកូនកាត់មានម្តាយជាជនជាតិវៀតណាម នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

បើតាមស្ថាប័នប៉ូលីសនៅឈុនណាម បានបញ្ជាក់កាលពីថ្ងៃព្រហស្បត្តិ៍នេះ ថាសិស្សដែលជាអ្នកត្រូវគេធ្វើបាបនេះ ជាកូនកាត់ដែលម្តាយជាជនជាតិវៀតណាម ហើយករណីធ្វើបាប ប្រមាថាម៉ាក់ងាយនេះ កើតឡើងតាំងពីខែមករា ដើមឆ្នាំនេះមកម្លេះ ចំណែកឯសិស្សម្នាក់ទៀតដែលជាអ្នកធ្វើបាបលើសិស្សរងគ្រោះនោះ ជាសមាជិកនៃក្រុមកីឡាបាល់អោបជាមួយគ្នា។

សិស្សរងគ្រោះបានដាក់ការចោទប្រកាន់ថា គាត់ត្រូវគេវាយនឹងប្រដាប់បូមធូលីនៅក្នុងបន្ទប់ក្រុមកីឡាបាល់អោបជាច្រើនដង ហើយសិស្សដែលធ្វើបាបគាត់នោះ តែងប្រមាថម៉ាក់ងាយ និងឌឺដងគាត់ដោយធ្វើជាសម្លេងតុងកាត់វៀតណាម នៅចំពោះមុខគាត់ និងសិស្សដទៃទៀត ហើយព្រមទាំងបានគម្រាមទារលុយ​ ៥០ម៉ឺនវ៉ុន ពីជនរងគ្រោះទៀតផង ដោយគម្រាមថានឹងយកប្រវត្តិម្តាយជនរងគ្រោះជាជនជាតិវៀតណាមនេះ ទៅប្រាប់គេឯង និងសិស្សដទៃទៀតប្រសិនបើមិនព្រមឱ្យលុយ។

រូបតំណាង

យ៉ាងណា កន្លងមកជនរងគ្រោះមិនដែលបានយករឿងនេះទៅប្រាប់គ្រួសារខ្លួននោះទេ ដោយសារតែខ្លាចគ្រួសារខ្លួនបារម្ភ ជាពិសេសឪពុកខ្លួនកំពុងមានបញ្ហាសុខភាព ជំងឺមហារីកសួតដំណាក់កាលចុងក្រោយផងដែរនោះ តែរឿងនេះត្រូវបែកធ្លាយដល់មីងរបស់ជនរងគ្រោះ តាមអាណាព្យាបាលរបស់សិស្សដទៃទៀត ដែលមីងរបស់ជនរងគ្រោះក៏បានរាយការណ៍ករណីនេះទៅប៉ូលីស និងរាយការណ៍ទៅសាលាផងដែរ។

ក្រោយទទួលបានការរាយការណ៍នេះ សាលារៀនបានរៀបចំបំបែកសិស្សទាំងពីរឱ្យនៅដាច់ពីគ្នា ហើយការិយាល័យអប់រំក៏គ្រោងនឹងធ្វើការស៊ើបអង្កេតករណីនេះផងដែរ។

សូមបញ្ជាក់ថា បើទោះបីជាចំនួនកុមារដែលមានសញ្ជាតិកូរ៉េ កាត់ជាមួយសាសន៍ដទៃទៀត បន្តកើនឡើងនៅសង្គមកូរ៉េកាន់តែច្រើនហើយក៏ដោយ ក៏ពួកគេមួយចំនួននៅតែបន្តរងការរើសអើង ប្រមាថពីអ្នកដទៃ ដែលការរើងអើងនេះឆ្លុះបញ្ចាំងពីទស្សនៈក្នុងសង្គមកូរ៉េយូរមកហើយ ដែលតែងរើសអើងចំពោះអ្នកដែលមិនមែនជាជនជាតិកូរ៉េសុទ្ធនោះ។

គិតត្រឹមឆ្នាំ ២០២០ មានសិស្សដែលជាកូនកាត់កូរ៉េដល់ទៅ ១៤៧,៣៧៨ នាក់ទូទាំងប្រទេសកូរ៉េ ដែលកើនឡើងសឹងដល់ទៅ៣ដង ប្រៀបទៅនឹងឆ្នាំ២០១៣ បើតាមទិន្នន័យរបស់ក្រសួងកូរ៉េ។ ក្នុងនោះ មាន ៣ ក្នុងចំណោម១០នាក់ ធ្លាប់ត្រូវទទួលការរើសអើង នេះបើតាមសម្រង់មតិមួយដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិគោលនយោបាយយុវជន កាលពីខែមេសាកន្លងទៅ។

Leave a Reply

Your email address will not be published. Required fields are marked *