អជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថាវ៉ាក់សាំង Jonhson & Jonhson ១លានដូស ទើបនឹងដឹកដល់ថ្មីៗនេះ មិនពាក់ព័ន្ធនឹងវ៉ាក់សាំងមានបញ្ហានៅអាម៉េរិកឡើយ

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដ Janssen ជាង១លានដូស ដែលជាជំនួយរបស់អាម៉េរិក ហើយទើបនឹងដឹកមកដល់កូរ៉េខាងត្បូង ត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបញ្ជាក់ហើយថា មិនមែនជាវ៉ាក់សាំងផលិតនៅរោងចក្រមានបញ្ហារបស់់ក្រុមហ៊ុន Jonhson & Jonhson ដែលអាម៉េរិកទើបនឹងចេញបញ្ជាឱ្យកំទេចចោលវ៉ាក់សាំងផលិតនៅទីនោះ ៦០លានដូសនោះទេ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

សូមបញ្ជាក់ថា អជ្ញាធរសុខាភិបាលអាម៉េរិកចេញប្រកាសប្រាប់ទៅក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ Johnson & Johnson ថាត្រូវកំទេចចោលវ៉ាក់សាំងកូវីដរបស់ខ្លួនចំនួនជាង ៦០លានដូស ដែលផលិតនៅនឹងរោងចក្ររបស់ខ្លួននៅតំបន់បាល់ទីម័រ (Baltimore) ក្រោយរកឃើញសង្ស័យមានករណីលេចធ្លាយសារធាតុបំពុលនៅនឹងទីតាំងរោងចក្រនោះ។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយនិយ័តករអាម៉េរិក បានបញ្ជាក់ថារោងចក្រផលិតវ៉ាក់សាំងនៅតំបន់បាល់ទីម័រ (Baltimore) អាម៉េរិកនេះ ត្រូវបានគេបិទដំណើរការរយៈពេលជាង ២ខែមកហើយដោយសារហេតុផលនៃការលេចធ្លាយសារធាតុបំពុលនេះឯង ចំណែកឯវ៉ាក់សាំងដែលគេសង្ស័យ និងតម្រូវឱ្យធ្វើការបំផ្លាញចោលនេះ គឺត្រូវបានផលិតនៅនឹងរោងចក្រនោះមុនពេលដែលត្រូវបានបិទទ្វារ។

តែយ៉ាងណា ក្រោយពីព័ត៌មាននេះត្រូវបានចេញផ្សាយភ្លាម ក៏បានបង្កជាការព្រួយបារម្ភក្នុងចំណោមប្រជាជន និងអជ្ញាធរកូរ៉េខាងត្បូង ដោយសារទើបនឹងថ្មីៗនេះ អាម៉េរិកទើបនឹងដឹកវ៉ាក់សាំងកូវីដ Johnson & Johnson នេះ ១លានដូសមកដល់កូរ៉េខាងត្បូង ដែលនាំឱ្យមានការបារម្ភថាវ៉ាកសំាងដែលដឹកមកដល់នេះ អាចជាវ៉ាក់សាំងផលិតនៅរោងចក្របាល់ទីម័រ (Baltimore)  ដែលមានបញ្ហានេះដែរ។

តែក្រោយពីអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានសាកសួរទៅភាគីអាម៉េរិករួចមក ទើបគេដឹងថាវ៉ាក់សាំងកូវីដដែលដឹកមកដល់កូរ៉េខាងត្បូង មានសុវត្ថិភាព និងមិនមែនជាវ៉ាក់សាំងកូវីដដែលផលិតនៅទីតាំងរោងចក្រមានបញ្ហានោះទេ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃសៅរ៍នេះ មានមនុស្ស ៤៥៣, ៧៣២ នាក់ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងកូវីដរបស់ Johnson & Johnson ដែលដឹកមកដល់ពីអាម៉េរិកនេះរួចរាល់។

 

Leave a Reply

Your email address will not be published. Required fields are marked *