អាមេរិក៖ ជាការពិត ប្រវត្តិជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានលក្ខណៈខុសពីគ្នា ហើយមនុស្សដែលតស៊ូពីជីវិតសាមញ្ញាធម្មតា រហូតក្លាយជាមហាសេដ្ឋីម្នាក់ ប្រាកដជាមានបទពិសោធន៍ដ៏ល្អណាមួយដែលយើងគួរតែស្វែងយល់ ។យ៉ាងណាមិញ សម្រាប់ថ្ងៃនេះប្រិយមិត្តអាចមកស្គាល់ពីប្រវត្តិពិតរបស់មហាសេដ្ឋីមួយរូប ដែលចាប់ផ្តើមធ្វើការងារជាអ្នកចាក់សាំង និងអ្នកបោសសំអាតម្នាក់ប៉ុណ្ណោះ រហូតក្លាយជាម្ចាស់ក្រុមហ៊ុនជាង ៦០០ ទីតាំងទូទាំងពិភពលោក និងជាសេដ្ឋីមានទ្រព្យសម្បត្តិពាន់លានដុល្លារ។
ក្នុងឆ្នាំ ១៩៨១ លោក Do Won Chang (Don) និង អ្នកស្រី Jin Sook ដែលជាជនជាតិកូរ៉េខាងត្បូង បានផ្លាស់ទីលំនៅពីប្រទេសខ្លួន ទៅរស់នៅសហរដ្ឋអាមេរិកក្នុងទីក្រុង Los Angeles ដើម្បីចង់សម្រេចក្តីស្រមៃក្លាយជាសហគ្រិនដ៏អស្ចារ្យម្នាក់នៅដែនដីអាមេរិក ។ ប្តី និង ប្រពន្ធមួយគូនេះមានវ័យទើបតែ ២៦ឆ្នាំ ពេលទៅដល់សហរដ្ឋអាមេរិកជាលើកដំបូង ហើយពួកគេក៏មិនសូវចេះនិយាយភាសាអង់គ្លេស និងគ្មានសញ្ញាប័ត្របរិញ្ញាបត្រអ្វីនោះដែរ។
ក្នុងរយៈពេល ៣ឆ្នាំដំបូងលើទឹកដី អាមេរិកលោក Don បានព្យាយាមធ្វើការងារសាមញ្ញាៗរហូតដល់ទៅ ៣កន្លែងផ្សេងគ្នា រួមមានទាំងធ្វើជាអ្នកបោសសំអាតក្នុងអគារ អ្នកចាក់សាំង និងធ្វើការជាអ្នករត់តុក្នុងហាងកាហ្វេទៀតផង។ ក្រោយមកការកត់សម្គាល់ដ៏ធម្មតាមួយបានផ្លាស់ប្តូរជីវិតរបស់បុរសជនជាតិកូរ៉េខាងត្បូងរូបនេះ ដោយសារលោក Don តែងតែសង្កេតតាមដានថាមនុស្សរស់នៅអាមេរិក ដែលមានលទ្ធភាពអាចទិញឡានទំនើបៗជិះបានភាគច្រើន មានរបររកស៊ីក្នុងជំនួញសំលៀកបំពាក់។
ក្រោយមកទៀត លោក Don ក៏ចាប់ផ្តើមប្រឡូកក្នុងវិស័យសំលៀកបំពាក់ ដោយសន្សំប្រាក់ បើកហាងខោអាវ តូចមួយក្នុងទីក្រុង Los Angeles ក្នុងឆ្នាំ១៩៨៤ ដោយដាក់ឈ្មោះហាងរបស់លោកថា “Fashion 21″។ក្នុងទីតាំង ដែលគាត់បើកហាងលក់ខោអាវនេះ មានអាជីវកម្មបីផ្សេងគ្នាពីមុនមក សុទ្ធតែធ្លាប់បានបរាជ័យ ប៉ុន្តែសម្រាប់លោក Don ដែលទើបតែបើកក្នុងឆ្នាំដំបូង អាចលក់ផលិតផលសំលៀកបំពាក់បានរហូតដល់ ៧០០,០០០ ដុល្លារ។ ដោយភាព ជោគជ័យនេះ ហាងថ្មីរបស់លោកក៏ត្រូវបានបើកជាបន្តបន្ទាប់ជារៀងរាល់រយៈពេល ៦ខែម្តង។
បន្ទាប់មក ហាងសំលៀកបំពាក់នេះបានប្តូរឈ្មោះពី Fashion 21 ទៅជា Forever 21 ដែលក្រោយមកហាងចំនួន ៤៥៧ ត្រូវបានបើកដំណើរការក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ ២០១០។មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនលក់សំលៀកបំពាក់ ទាន់សម័យ Forever 21 មានសាខារហូតលើសពី ៦០០ ហាងនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក ដែលតាមរបាយការណ៍ ក្រុមហ៊ុននេះរកចំណូលបាន ៤.៤ ពាន់លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ដែលលោក Don និងភរិយា ត្រូវបានចុះបញ្ជីលើវេបសាយ Forbers ជាមហាសេដ្ឋីលំដាប់ទី ២៦៤ លើពិភពលោក និងមហាសេដ្ឋីទី ៩០ នៅសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនសំលៀកបំពាក់ Forever 21 នៅតែជាជំនួញលក្ខណៈគ្រួសារ ដែលមានលោក Don វ័យ ៦១ឆ្នាំ ជានាយកប្រតិបត្តិ និង អ្នកស្រី Jin Sook ជានាយកខាងផ្សព្វផ្សាយពាណិជ្ជកម្ម ចំនែកឯកូនស្រីទាំងពីររបស់ម្ចាស់ក្រុមហ៊ុនក៏មានតួនាទីខ្ពស់ក្នុងក្រុមហ៊ុនដែរ ដោយបងស្រីច្បងឈ្មោះ Linda ជាអ្នកគ្រប់គ្រងទីផ្សារ និងប្អូនស្រី Esther ជាអ្នកត្រួតពិនិត្យហាងនៅបរទេសជាច្រើនដែលបានទិញយីហោ Forever 21 នេះ៕
ប្រភព businessinsider
ដកស្រង់ដោយ៖ www.iknowblog.info