អាម៉េរិកបញ្ជាបំផ្លាញចោល វ៉ាក់សាំងកូវីដ Johnson & Johnson ៦០លានដូស ដោយសារបញ្ហាគ្រោះថ្នាក់មួយនេះ ខណៈកូរ៉េទើបទទួលវ៉ាក់សាំងនេះពីអាម៉េរិកថ្មីៗ

សហរដ្ឋអាម៉េរិក៖ អជ្ញាធរសុខាភិបាលអាម៉េរិក ចេញប្រកាសប្រាប់ទៅក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ Johnson & Johnson ថាត្រូវកំទេចចោលវ៉ាក់សាំងកូវីដរបស់ខ្លួនចំនួនជាង ៦០លានដូស ដែលផលិតនៅនឹងរោងចក្ររបស់ខ្លួននៅតំបន់បាល់ទីម័រ (Baltimore) ក្រោយរកឃើញសង្ស័យមានករណីលេចធ្លាយសារធាតុបំពុលនៅនឹងទីតាំងរោងចក្រ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មានក្នុងស្រុកអាម៉េរិក នៅថ្ងៃសុក្រនេះ។

សារព័ត៌មាន The New York Times ក៏បានរាយការណ៍បន្ថែមទៀតថា ក្រៅពីវ៉ាក់សាំង៦០លានដូសនេះ ដែលត្រូវបំផ្លាញចោលដោយសារហេតុផលលេចធ្លាយសារធាតុបំពុលនេះ ក៏អាចនឹងមានវ៉ាក់សាំងកូវីដបន្ថែមទៀតផងដែរ ដែលអាចនឹងត្រូវតម្រូវឱ្យបំផ្លាញចោល តែក្នុងនោះអជ្ញាធរសុខាភិបាលក៏បានអនុញ្ញាតឱ្យប្រើប្រាស់បាននូវវ៉ាក់សាំងកូវីដចំនួនជាង ១០លានដូស ដែលផលិតចេញពីទីតាំងរោងចក្រខាងលើនេះផងដែរ។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយនិយ័តករអាម៉េរិក បានបញ្ជាក់ថារោងចក្រផលិតវ៉ាក់សាំងនៅតំបន់បាល់ទីម័រ (Baltimore) អាម៉េរិកនេះ ត្រូវបានគេបិទដំណើរការរយៈពេលជាង ២ខែមកហើយដោយសារហេតុផលនៃការលេចធ្លាយសារធាតុបំពុលនេះឯង ចំណែកឯវ៉ាក់សាំងដែលគេសង្ស័យ និងតម្រូវឱ្យធ្វើការបំផ្លាញចោលនេះ គឺត្រូវបានផលិតនៅនឹងរោងចក្រនោះមុនពេលដែលត្រូវបានបិទទ្វារ។

យ៉ាងណាមិញ សម្រាប់ប្រទេសកូរ៉េខាងត្បូង ទើបនឹងថ្មីៗចុងក្រោយនេះ គឺបានទទួលជំនួយជាវ៉ាក់សាំងកូវីដពីក្រុមហ៊ុន Johnson & Johnson នេះចំនួន១លានដូសផងដែរ​ ស្របតាមស្មារតីនៃលទ្ធផលជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីអាម៉េរិក ដែលវ៉ាក់សាំងកូវីដ Johnson & Johnson ជាជំនួយនេះត្រូវបានគេប្រគល់ជាអាទិភាពជូនដល់មន្ត្រី និងកងទ័ពក្នុងក្រសួងការពារជាតិកូរ៉េខាងត្បូង។

ជាមួយនឹងព័ត៌មានចុះផ្សាយអំពីការតម្រូវឱ្យបំផ្លាញចោលវ៉ាក់សាំងកូវីដ Johnson & Johnson ដោយសារហេតុផលនេះ ក៏អាចបង្កជាការបារម្ភចំពោះប្រជាជនកូរ៉េខាងត្បូងផងដែរ ថាតើវ៉ាកសាំងកូវីដ Johnson & Johnson ដែលបានទទួលមកពីសហរដ្ឋអាម៉េរិកថ្មីៗនេះ ជាវ៉ាក់សាំងផលិតនៅនឹងទីតាំងរោងចក្របាល់ទីម័រ (Baltimore) ដែលមានបញ្ហានេះ ឬយ៉ាងណា។ តែយ៉ាងណា ក្នុងការចុះផ្សាយ គេមិនអាចបានទទួលការឆ្លើយតបជាព័ត៌មានមកវិញពីភាគីអាម៉េរិក អំពីប្រភពនៃវ៉ាក់សាំងកូវីដ Johnson & Johnson  ដែលជាជំនួយអាម៉េរិក និងបានដឹកមកដល់កូរ៉េខាងត្បូងនេះនៅឡើយទេ។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ Johnson & Johnson ដែលទើបនឹងដឹកមកដល់កូរ៉េខាងត្បូងនេ ក៏ត្រូវបានចាប់ផ្តើមចាក់ជូនទាហានកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត្តិ៍នេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *