កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប !

កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប

មនុស្សគ្រប់រូបមិនអាចជៀសផុតពីសេចក្តីស្លាប់បានឡើយ តែមុននឹងយើងស្លាប់ មនុស្សគប្បីបន្សល់ទុកនូវស្នាដៃល្អៗ និងពោរពេញ ដោយកេរិ៍្តឈ្មោះ បោះសំលេង បើនៅរស់វិញ មនុស្សគប្បីកែខៃជីវិតឲ្យប្រសើរថ្លៃថ្លា និងអភិវឌ្ឍន៍រីកចម្រើន។ អាស្រ័យហេតុនេះហើយ ទើបមានសុភាសិតមួយពោលថា «កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប» ។

ខ្មែរយើងសឹងគ្រប់ៗរូបហើយ សុទ្ធតែអាចធ្លាប់លឺសុភាសិតមួយពោលបានថា «កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប» តែតើយើងធ្លាប់ដឹងពីអត្ថន័យលម្អិតនៃសុភាសិតនេះឬទេ ថាតើសុភាសិតនេះចង់មានន័យដូចម្តេចឱ្យប្រាកដ?

ដើម្បីកុំឲ្យយល់ច្រឡំ ក្នុងការដោះស្រាយបញ្ហខាងលើ យើងគប្បីយល់អត្ថន័យនៃពាក្យ (រស់ និងស្លាប់) ឲ្យបានច្បាស់លាស់ជាមុនសិន។ រស់គឺជាការរក្សាជីវិតឲ្យគង់នៅ ។ ស្លាប់គឺការរលត់ផុតសង្ខារ ។

ឯ​ «សត្វកង្កែប»​ វិញ ជាប្រភេទសត្វលោតសស៊ីសត្វល្អិតជាអាហារ វាស្លូតបូតគ្មានពឹស និងមិនអាចធ្វើអ្វី ដែលប៉ះពាល់ដល់ជីវិតអ្នកណាម្នាក់ឡើយ។ តែការរស់នៅរបស់សត្វប្រភេទនេះ ក៏មិនបានសុខជា មិនបានរស់ដោយស្រួលនោះទេ ព្រោះវាជាសត្វមិនឆ្លាត វារស់នៅក្នុងរន្ធ តែវាមិនអាចមានសមត្ថភាព ជីកកកាយបង្កើតរន្ធដើម្បីជីវិតរស់នៅរបស់វាទេ គឺវាតែងតែចូលរស់នៅក្នុងរន្ធក្តាម និងរន្ធសត្វផ្សេងៗដែលទំនេរ។ ជួនកាលវារស់នៅតាមគម្ពោត ក្បែរមាត់ទឹក។ កង្កែបគ្មានពឹស គ្មានចង្កូម គ្មានធ្មង់ សម្រាប់ការពារខ្លួនរបស់វាទេ ជាហេតុធ្វើឲ្យវាងាយក្នុងការយាយីដល់ជីវិតរបស់វាពីសំណាក់មនុស្ស និងសត្វដទៃទៀត ។ ដូចនេះការរស់នៅរបស់កង្កែបពោរពេញដោយភាពភិតភ័យ និងគ្មានការអភិវឌ្ឍន៍ជីវិតរស់នៅឲ្យបានល្អឡើយ។

ចំណែកឯ «សត្វពស់» វិញ ជាសត្វល្មួនមួយប្រភេទ ដែលខ្លះគ្មានពឹស ហើយខ្លះមានពឹសខ្លាំងក្លាគួរឲ្យខ្លាច អាចចឹកសម្លាប់ជីវិតមនុស្សបាន។ ដូចនេះ មនុស្សគ្រប់គ្នា កាលបើឃើញសត្វពស់នេះហើយ តែងតែវាយសម្លាប់ដោយឥតពិចារណាឡើយ ហើយពស់ត្រូវបានស្លាប់ដោយគ្មានការតវា ឬសំលេងថ្ងូរថ្ងួចអ្វីនោះទេ ។ ហើយការស្លាប់របស់សត្វពស់នេះ មិនបានសន្សល់ទុកអ្វី ដែលជាកេរដំណែល និងជាស្នាដៃសូម្បីបន្តិចក៏គ្មានដែរ មានតែការខ្លាចរអា និងការស្អប់ខ្ពើមតែប៉ុណ្ណោះ ។ ដូចនេះការស្លាប់របស់ពស់ គឺស្លាប់ដោយគ្មានតំលៃ គ្មានន័យខ្លឹមសារ និងគ្មានការអាណិតអាសូរពីសំណាក់មនុស្ស ដែលបានឃើញបានជួបពីភាពកាចសាហាវរបស់វានោះទេ។

ដូចនេះសរុបចូលគ្នាមក សុភាសិតថា «កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប» ក្នុងន័យធៀបវិញ គឺសំដៅការរស់ និងការស្លាប់របស់មនុស្ស ។ គឺមានន័យថា មនុស្សគប្បីត្រូវបន្សល់ទុកនូវស្នាដៃ និងកេរដំណែលផ្សេងៗ ដែលខ្លួនខំកែច្នៃរិះរកវិធីបង្កើតឡើង កាលពីខ្លួននៅរស់។ ដូចនេះមនុស្សគប្បី ឧស្សាហ៍ ព្យាយាម ធ្វើការងារ ផ្សេងៗ ជាច្រើន……។ ជៀសវាងការស្លាប់ទៅដោយសោះសូន្យទទេ គ្មានបន្សល់ទុកអ្វីក្រៅពីកេរ្តិ៍ឈ្មោះអាក្រក់ ស្អុយរលួយងំគួរឲ្យស្អប់ខ្ពើម ដែលជារឿងមិនល្អ។ ឯកុំរស់ដូចកង្កែបវិញ គឺមានន័យថាមនុស្សម្នាគ្រប់សញ្ជាតិទាំងអស់គប្បីចេះកែខៃការរស់នៅឲ្យបានល្អប្រសើរ អភិវឌ្ឍន៍ រីកចម្រើន មានសេរីភាព និងសុភមង្គល់។ មនុស្សមិនត្រូវរស់ដោយពឹងលើកម្លាំងអ្នកដទៃ រស់ស្តាប់តាមតែការបញ្ជារបស់គេ ឬរស់នៅក្រោមការប្រមាថមើលងាយ ជិះជាន់ កៀបសង្កត់ សព្វបែបយ៉ាងទាំងផ្លូវកាយវាចារចិត្ត ហើយចេះតែសំងំទ្រាំរស់ដោយគ្មានការតស៊ូបម្រាស់ផ្លាស់ប្តូរជោគវាសនារបស់ខ្លួន ។

ដូចនេះមនុស្សត្រូវរស់ដោយកិត្តិយសថ្លៃថ្នូរ បើស្លាប់ក៏ត្រូវបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ ល្អប្រសើរ តួយ៉ាងដូចជាសម្តេចសង្ឃរាជ ជួន ណាត ថ្វីត្បិតព្រះអង្គបានសុគត ចាកលោកនេះយ៉ាងយូរណាស់ទៅហើយក្តី ក៏កិត្តិស័ព្ទរបស់ព្រះអង្គ នៅតែល្បីរន្ធឺសុះសាយ គ្មានថ្ងៃនិងសាបសូន្យឡើយ ក៏ព្រោះតែស្នាដៃទាំងឡាយ ដែលព្រះអង្គបានបន្សល់ទុកមុនពេលព្រះអង្គសុគត ។ ដូចនេះ មនុស្សត្រូវតែកែច្នៃជីរិតរស់នៅឲ្យបានថ្លៃថ្នូរ និងត្រូវបង្កើតស្នាដៃ ទុកជាកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយជាបន្តទៀត។

សរុបសេចក្តីមក មនុស្សមិនត្រូវស្លាប់ដោយឥតប្រយោជន៍ ហើយក៏មិនត្រូវរស់ ដោយ ឥតន័យខ្លឹមសារនោះដែរ។

ឆ្លងតាមការបកស្រាយខាងលើឃើញថា កុលបុត្រកុលធីតាខ្មែរទាំងឡាយអើយ គួរខិតខំរៀនសូត្រ បង្កើតស្នាដៃល្អៗសម្រាប់ការរស់នៅរបស់ខ្លួនផង សម្រាប់ជាកេរដំណែលទុកឲ្យកូនចៅក្នុងពេលអនាគតផង៕

អត្ថបទដកស្រង់ពី៖ លោកសាស្រ្តាចារ្យ ជៀប-អង្គាវឌ្ឍនា 

Leave a Reply

Your email address will not be published. Required fields are marked *