ជាង 4 ខែហើយដែលកូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំង ! តោះមកដឹងពីលទ្ធផលសំខាន់ៗ និងវិធានការបន្ធូរបន្ថយមួយចំនួន សម្រាប់អ្នកបានចាក់វ៉ាក់សាំងរួច

កូរ៉េខាងត្បូង៖ ចាប់តាំងពីថ្ងៃទី ២៦ កុម្ភៈ ២០២១មក ដែលកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដដំបូង មកដល់ថ្ងៃនេះមានរយៈពេលជាង ៣ខែកន្លះមកហើយ។

បើគិតត្រឹមថ្ងៃទី ១១ មិថុនា ២០២១នេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានធ្វើបច្ចុប្បន្នភាពតួលេខសំខាន់នៃកម្មវិធីចាក់វ៉ាក់សាំងដែលសម្រេចបានដូចជា៖

(១) ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់១ដូស សរុប ក្នុងប្រទេសកូរ៉េខាងត្បូង មានដល់ ១០.៥៦លាននាក់ហើយ ដែលស្មើនឹង២០.៦% ហើយនៃចំនួនប្រជាជនសរុប ដែលក្នុងនោះមានវ៉ាក់សាំង៣ធំៗ ដែលបានចាក់ជូនប្រជាជនកូរ៉េខាងត្បូងគឺ វ៉ាក់សាំង AstraZeneca បានចំនួន ៧.១៩លាននាក់ វ៉ាក់សាំង Pfizer បានចំនួន ៣.១២លាននាក់ និងវ៉ាក់សាំង Janssen បានចំនួន ២៥ម៉ឺននាក់។

(២) ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ រួចរាល់មានទាំងអស់ ២.៦៣លាននាក់ហើយ ដែលស្មើនឹង ៥.១% ហើយនៃចំនួនប្រជាជនសរុប ដែលក្នុងនោះដែរវ៉ាក់សាំងកូវីដ AstraZeneca មាន ៦៨ម៉ឺននាក់ វ៉ាក់សាំង Pfizer មាន១.៧លាននាក់ និងវ៉ាក់សាំងកូវីដ Janssen ដែលតម្រូវចាក់តែមួយដូសនោះ មាន២៥ម៉ឺននាក់។

សូមបញ្ជាក់ថា តាមផែនការរដ្ឋាភិបាលកូរ៉េគ្រោនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនសម្រេចឱ្យបានដល់ ១៤លាននាក់ត្រឹមចុងខែមិថុនានេះ ហើយសម្រេចគោលដៅបន្ទាប់ដល់ ៣៦លាននាក់ ត្រឹមចុងខែកញ្ញា និងសម្រេចបានដល់បង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ត្រឹមខែវិច្ឆិកាខាងមុខផងដែរ។

ក្នុងនោះដែរ ថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញផែនការជាបន្តបន្ទាប់ក្នុងការលើកលែងជូនចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួច នូវវិធានការនានាមួយចំនួន ដែលអនុវត្តក្នុងវិធានការគម្លាតសង្គមដូចជា៖

សម្រាប់ខែមិថុនានេះ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដហើយ យ៉ាងតិចដូសទី១ នឹងទទួលបានការលើកលែងការកំណត់ចំនួនមនុស្ស សម្រាប់ការជួបជុំសមាជិកគ្រួសារខ្លួន ការបញ្ចុះតម្លៃ ប្រើប្រាស់ទីកន្លែងសាធារណៈ និងកម្មវិធីវប្បធម៌នានា ការចេញជូនប័ណ្ណសម្គាល់ ឬផ្លាកសញ្ញាសម្គាល់បានចាក់ថ្នាំបង្ការ និងអាចចូលរួមសកម្មភាពនានា នៅមណ្ឌលសម្រាប់ចាស់ជរា។ល។ តែសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ និងបានរង់ចាំរួចផុតរយៈពេល១៤ថ្ងៃក្រោយទទួលបានវ៉ាក់សាំងដូសទី២ នឹងទទួលបានការលើកលែង ដូចជាអាចចូលរួមកម្មវិធី ច្រៀន និងបណ្តុះបណ្តាលផ្នែកឧបករណ៍តន្ត្រី និងអាចចូលរួមសួរសុខទុក្ខផ្ទាល់នៅមន្ទីរពេទ្យ និងមណ្ឌលថែទាំចាស់ជរាជាដើម។

ចំណែកឯចាប់ពីខែកក្កដាទៅវិញ នឹងមានការលើកលែងបន្ថែមមួយចំនួនទៀត ដែលនឹងចាប់ផ្តើមអនុវត្តគឺ ការលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅបរិវេណខាងក្រៅ (លើកលែងការជួបជុំព្រឹត្តិការណ៍ដែលមានអ្នកចូលរួមច្រើន) ការលើកលែងការកំណត់ចំនួនមនុស្សនៅទីតាំងសាសនា និងនៅតាមទីកន្លែងផ្សេងៗនៅបរិវេណខាងក្រៅ និងវិធានការលើកលែងដទៃទៀត។

បន្ថែមពីនោះទៀត អ្នកដែលបានចាក់វ៉ាក់សាំងរួចក៏នឹងរួចផុតពីការធ្វើចត្តាឡីស័កនៅពេលធ្វើដំណើរទៅក្រៅប្រទេស ហើយពេលមកកូរ៉េខាងត្បូងវិញមិនចាំបាច់ធ្វើចត្តាឡីស័ក ហើយពេលមានទំនាក់ទំនងជាមួយអ្នកដែលបានកើតកូវីដវិជ្ជាមាន ក៏មិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ​ តែតម្រូវឱ្យទៅធ្វើតេស្តកូវីដ តាមការណែនាំរបស់អជ្ញាធរ ប្រសិនបើមានលេចចេញនូវរោគសញ្ញានានា។

ដកស្រង់ពី៖ មជ្ឈមណ្ឌលប្រឹក្សាតាមទូរស័ព្ទដានូវី ១៥៧៧ – ១៣៦៦

 

Leave a Reply

Your email address will not be published. Required fields are marked *